ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានប្រារព្ធពិធី ប្រណាំង ទូកសាកល្បង ថ្នាក់រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី និងមានការចូលរួម ពីសំណាក់បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនផងដែរ នៅសួនតេជោមាសតេជោយ៉ត មុខវត្តឧណ្ណាលោម ខណ្ឌដូនពេញ កាលពីរសៀលថ្ងៃចន្ទ ១២កើត ខែកត្ដិកឆ្នាំចសំរឹទិ្ធស័កព.ស២៥៦២ត្រូវនិងថ្ងៃទី១៩ វិច្ឆិកា ឆ្នាំ២០១៨ ។ការអុំទូកសាកល្បង នៅមាត់ទន្លេមុខព្រះបរមរាជវាំង នៅរសៀលនេះ គឺដើម្បីត្រៀមចូលរួម ប្រកួតជាផ្លូវការ នៅថ្ងៃ២១ ដល់២៣វិច្ឆិកា ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក្រ និងសំពះព្រះ នឹងឈានចូលមកដល់ ហើយការប្រកួត របស់ក្រុមកីឡាករទូក ង រាជធានីភ្នំពេញនេះផងដែរ គឺជាការហ្វឹកហាត់មួយផងដែរ សម្រាប់ត្រៀមកម្លាំង ដើម្បីប្រកួត ប្រជែងយកជ័យជម្នះ ។ ក្នុងនោះដែរ ទូក «ង» របស់សាលាភ្នំពេញ មានចំនួន៤៦ទូក ស្មើ២៣គូ ។
តាមការបញ្ជាក់ឲ្យដឹងពីលោកប្រធានមន្ទីរអប់រំរាជធានីភ្នំពេញថា៖ ពិធីបុណ្យអុំទូកឆ្នាំ២០១៨នេះ មានទូក ង ចូលរួមប្រកួត ចំនួន២៩៨ទូក ខណៈឆ្នាំ២០១៧ មានទូកង ត្រឹមតែ ២៧០ទូក និងមានកីឡាករជិត២ម៉ឺននាក់។ សម្រាប់ប្រទីបវិញមានចំនួន១៥ លើសពីឆ្នាំមុន ។ ជាមួយគ្នានេះ អាជ្ញាធររាជធានីភ្នំពេញរំពឹងទុកថា នឹងមានប្រជាពលរដ្ឋចូលរួម ប្រមាណ ៣លាននាក់។ ជាងនេះទៅទៀត អាជ្ញាធររាជធានីភ្នំពេញ ក៏បានចាប់ផ្ដើមដាក់ពង្រាយធុងសំរាម ចំនួន ១៦៧១ធុង តាមទីតាំងសំខាន់ៗ និងមានកម្លាំងសម្អាតចំនួន៨៣៥នាក់ ។ អាជ្ញាធរ ក៏សំណូមពរ ពលរដ្ឋចូលរួមរក្សាបរិស្ថានអនាម័យ ដោយទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ និងមានរបៀបរៀបរយ ទៅតាមកន្លែងដែលរៀបចំជូន ។
តាមការបញ្ជាក់ឲ្យដឹងពី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីថា៖ បើតាមសៀវភៅជ័យវ័រ្មនទី៧ មាននៅក្នុងវិទ្យាស្ថាន ពុទ្ធសាសនបណ្ឌិត្យពីដើមបានចែងថា ក្នុងសម័យអង្គរ សតវត្សរ៍ទី១២ កម្ពុជាមានសេចក្ដីសុខរក្សមក្សាន្ដរុងរឿង ដោយព្រះបាទជ័យវរ្ម័នទី៧ ស្ដេចយាងធ្វើសង្គ្រាមជើងទឹក ដើម្បីបង្ក្រាបពួកចាមដោយ កងទ័ពទូកជាច្បាំងរំដោះក្រុងកម្ពុជា ឲ្យរួចផុតពីខ្មាំងសត្រូវ នៅគ.ស ១១៧៧-១១៨១។ រឿងចម្បាំងគ្រានោះ មានឆ្លាក់នៅលើជញ្ជាំង ប្រាសាទបាយ័ន និងបន្ទាយឆ្មារ ។ ក្នុងចម្លាក់នោះ មានកងទ័ពទូកយ៉ាងច្រើនមហិមា ដែលមាន ព្រះឆាយាល័ក្ខណ៍ ព្រះបាទ ជ័យវរ្ម័នទី៧ ប្រថាប់ ឈរលើទីតាំងនាវាចម្បាំងដោយទ្រង់ធ្នូ និងដំបងយ៉ាងស្វាហាប់ ក្នុងចំណោមកងទ័ព ទូកទាំងឡាយ ៕ សំរិត