ភ្នំពេញ ៖ នៅព្រឹកថ្ងៃអង្គារ ១៣កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០១៨ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប បានជួបប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីថ្នាក់នាយកដ្ឋាននៃអាជ្ញាធរទន្លេសាប ។
នៅគ្រាជួបសំណេះសំណាល លោករដ្ឋមន្ត្រីបានលើកឡើងនូវខ្លឹមសារសំខាន់ៗដូចខាងក្រោម ៖
១- ការបង្កើតអាជ្ញាធរទន្លេសាប គឺជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ផ្ទាល់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងសម្របសម្រួលលើការងារគ្រប់គ្រង និងអភិវឌ្ឍក្នុងតំបន់បឹងទន្លេសាប និង២-សមិទ្ឋផលជាប្រវត្តិសាស្ត្រ របស់អាជ្ញាធរទន្លេសាបដែលសម្រេចបានរួមមាន ក) ការកំណត់ដែនព្រៃលិចទឹក និងបោះបង្គោលព្រៃលិចទឹក ការបង្ក្រាបភាពអណាធិបតេយ្យលើការទន្ទ្រានព្រៃលិចទឹកក្នុងតំបន់ ៣ និង ខ) ការបង្ក្រាបសកម្មភាពអណាធិបតេយ្យលើការនេសាទខុសច្បាស់ក្នុងបឹងទន្លេសាប ។
នាឱកាសនោះផងដែរ លោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់លំដាប់ថ្នាក់នៃអាជ្ញាធរទន្លេសាប និងកិច្ចសហការ ការចូលរួមយ៉ាងសកម្មប្រកបដោយប្រសិទ្ធភាពរបស់ ក្រសួងស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ដែលនាំឲ្យសម្រេចនូវសមិទ្ធផលគួរជាទីមោទនៈរហូតដល់ពេលនេះ ។
ដើម្បីបង្កើនប្រសិទ្ធភាពការងារសម្រាប់អាជ្ញាធរទន្លេសាប ឲ្យបានកាន់តែប្រសើរថែមទៀត លោករដ្ឋមន្រ្តី បានធ្វើការផ្តាំផ្ញើរដល់ថ្នាក់ដឹកនាំ និងអគ្គលេខាធិការដ្ឋានអាជ្ញាធរទន្លេសាប ដូចខាងក្រោម ៖
– ត្រូវបន្តការតាមដាន និងសិក្សាស្រាវជ្រាវបន្ថែមទៀត
– ត្រូវពង្រឹងសមត្ថភាពជាប្រចាំ ឲ្យបានប្រសើរ ទាំងជំនាញបច្ចេកទេស បច្ចេកវិទ្យា និងភាសា
– ត្រូវមានស្មារតីទទួលខុសត្រូវ និងសហការគ្នាល្អក្នុងការបំពេញការងារ
– ត្រូវរក្សាសុខុដុមរមនីយកម្មក្នុងស្ថាប័ន ៕ សុខ ខេមរា