ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់អំពីអាកាសធាតុថា «កូនព្យុះយូសាជី (USAGI) នឹងបង្កើនឥទ្ធិពលទៅជាព្យុះ (STS) ហើយធ្វើដំណើរមកដល់ឆ្នេរ ប្រទេសវៀតណាម នាវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ។ សេចក្តីជូនដំណឹងបញ្ជាក់ថា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០៨នឹងថយឥទ្ធិពលមកជាវិសម្ពាធ (TD) ហើយនឹងធ្វើដំណើរឆ្លងកាត់ប្រទេសកម្ពុជា» ។
យោងតាមការព្យាករបង្ហាញថា ឥទ្ធិពលរបស់ព្យុះ ទី២៩ (USAGI) នឹងបង្កឲ្យមានភ្លៀងធ្លាក់រាយប៉ាយ ពីមធ្យមទៅច្រើន ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នឹងអាចបង្កទៅជាជំនន់ទឹកភ្លៀង ពិសេសគឺនៅរាជធានីភ្នំពេញ ខេត្តកណ្តាល ,កំពង់ស្ពឺ , ខេត្តតាកែវ និងបណ្តាខេត្តនៅតំបន់មាត់សមុទ្រ ។ ចំណែកកម្លាំងខ្យល់បក់បោកមានល្បឿនពី១៣-១៥ម៉ែត្រក្នុងមួយវិនាទី ផ្ទៃសមុទ្រមានរលកខ្ពស់ ។
ក្នុងនោះ មន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវសូមឲ្យបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរ តាមសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគួរផ្អាកសកម្មភាពដំណើរ ចាប់ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ដើម្បី ជៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតឡើងជាយថាហេតុ ៕ សុខ ខេមរា