ខេត្តបាត់ដំបង៖ បេក្ខជនដែលប្រឡងធ្លាក់បាក់ឌុប ហើយបែរជាប្រធានមន្ទីរអប់រំខេត្ត ជួយធ្វើលិខិតបញ្ជាក់ការសិក្សាថា បានប្រឡងជាប់ជាមួយនិទ្ទេសល្អនេះ មានឈ្មោះ សាត សេរីបុត្រ ភេទប្រុស កើតថ្ងៃទី២៦ ខែសីហាឆ្នាំ១៩៩៦ ជាសិស្សរៀននៅវិទ្យាល័យព្រះមុនីវង្ស និងជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១៤ នៅមណ្ឌល មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មានបន្ទប់លេខ២៧ លេខ តុ ៦៦១។ បើតាមប្រភពដែលប្រមូលបានព័ត៌មាននេះ បានអះអាងថា ការចេញលិខិតបញ្ជាក់ការសិក្សាឲ្យសិស្សប្រឡងធ្លាក់នេះ បានធ្វើឡើងជាថ្នូរនិងសំណូក ៦៥០ដុល្លារ។
យោងតាមលទ្ធផលប្រឡងកាលពីឆ្នាំ២០១៤ បានបញ្ជាក់ថា៖ បេក្ខជន សាត់ សេរីបុត្រ បានប្រឡងធ្លាក់ដោយទទួលបានលំដាប់ពិន្ទុ ត្រឹមតែ ២៨,១១៨ប៉ុណ្ណោះ។ តែជាភាពអស្ចារ្យបេក្ខជនរូបនេះ មានសំណាងជាងបេក្ខជនដទៃ បើទោះបីរូបគេប្រឡងធ្លាក់ ក៏នៅតែអាចទទួលបានវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិជាមួយនិទ្ទេសល្អថែមទៀត។
លើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ ចេញដោយលោក អ៉ឹង ង៉ោហុក ប្រធាននាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ បានកែខៃថា សាត សេរីបុត្រ បានប្រឡងជាប់ជាមួយនិទ្ទេស D មានលំដាប់ពិន្ទុរហូតដល់ ៩៨,១៨២។
បើទោះបីជាយ៉ាងណាភាពមិនប្រក្រតីជាច្រើន ត្រូវបានគេរកឃើញនៅលើវិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិនេះ។ ភាពមិនប្រក្រតីនោះមានដូចជា៖ សាត សេរីបុត្រ ត្រូវបានគេដឹងថា ជាបេក្ខជនប្រឡងនៅមណ្ឌលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ មានបន្ទប់លេខ២៧ លេខតុ៦៦១ តែត្រូវបានគេកែទៅជាប្រឡងនៅមណ្ឌលវិទ្យាល័យសម្តេចឪ មានលេខបន្ទប់៦ និងលេខតុ១៤៤ ទៅវិញ។
ការកែខៃពីសិស្សធ្លាក់ឲ្យទៅជាសិស្សជាប់វិញនេះ ហាក់នៅតែមានកំហុសបច្ចេកទេសជាច្រើន ដែលនាំឲ្យមានការសង្ស័យ។ បើយោងតាមលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៤ នៅមណ្ឌលវិទ្យាល័យសម្តេចឪ មានបេក្ខជនប្រឡងជាប់ត្រឹមតែ ៥នាក់ ប៉ុណ្ណោះ ហើយសុទ្ធ តែនិទ្ទេស E គ្មានអ្នកជាប់និទ្ទេស D ឡើយ។ មិនតែប៉ុណ្ណោះសិស្ស ដែលប្រឡងក្នុងមណ្ឌលវិទ្យាល័យសម្តេចឪ ក្នុងបន្ទប់លេខ ៦ និង មានលេខតុ ១៤៤ ជាបេក្ខនារី ឈ្មោះ ញៀប ស៊ីរ៉េត។ បេក្ខនារីរូបនេះ ក៏បានប្រឡងធ្លាក់ផងដែរ ជាមួយលំដាប់ពិន្ទុ ៣៩,៨២២។
បើតាមប្រភពដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យប្រភពព័ត៌មានដឹងពីទង្វើអាក្រក់ និងពុករលួយក្នុងវិស័យអប់រំរូបនេះ បានបញ្ជាក់ថា បេក្ខជនដែលបានប្រឡងធ្លាក់ សាត សេរីបុត្រ បានទៅទាក់ទងលោក ឆន ឈាង អនុប្រធានការិយាល័យមធ្យមសិក្សា ចំណេះទូទៅ នៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត ដែលជាជំនួយការផ្ទាល់លោក ងី សែត ប្រធានមន្ទីរផងនោះ រត់ការធ្វើលិខិតបញ្ជាក់ការ សិក្សាពីធ្លាក់មកជាជាប់ ជាថ្នូរនិងប្រាក់ចំនួន ៦៥០ដុល្លារអាមេរិក។
ប្រភពបានបន្តថា រឿងនេះបើគ្មានការឃុបឃិតគ្នាជាប្រព័ន្ធពីថ្នាក់ក្រោមដល់ថ្នាក់លើទេ គឺមិនអាចធ្វើទៅបានឡើយ។ ជាមួយការទម្លាយ រឿងរ៉ាវពុករលួយនេះ ប្រភពបានទទូចឲ្យរាជរដ្ឋាភិបាល និងក្រសួងអប់រំ មានចំណាត់ការបន្ទាន់ទៅលើរឿង ព្រោះវាននឹងក្លាយជាដុំដំ បៅបំផ្លាញភាពស្អាតស្អំក្នុងប្រព័ន្ធអប់រំកម្ពុជា ដែលលោក ហង់ ជូនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ កំពុងធ្វើការទម្រង់យ៉ាងស៊ីជម្រៅ និង ដាច់ដំណេកអស់រាប់ខែនោះ។
មិនអាចរកការបញ្ជាក់បន្ថែមពីមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទាក់ទងបញ្ហាខាងលើនេះ ដោយសារគ្មានលេខទូរស័ព្ទ ៕
ដោយ៖ ហេង សូរិយា