ភ្នំពេញ៖ អតីតFreshie Girls 2005 ចំណាត់ថ្នាក់លេខ៣ ប្រាសាទ ដាវីន បានចាកចេញពីកម្ពុជាទៅរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីរយៈពេល១០ឆ្នាំមកហើយ។ ចេញមុខជាថ្មីក្នុងរយៈពេល២ឆ្នាំចុងក្រោយនៅលើទឹកដីកំណើត តារាស្រីរូបនេះនៅតែទទួលបានការគាំទ្រខ្លាំង ជាមួយទីផ្សារការងារខ្ពស់មិនចាញ់តារាល្បីៗជំនាន់ក្រោយនោះទេ។
ប្រាសាទ ដាវីន លេចធ្លោរខ្លាំងកាលពីអំឡុង១០ឆ្នាំមុនលើការងារសិល្បៈផ្នែកបង្ហាញម៉ូត។ការបង្ហាញមុខជាថ្មីនៅកម្ពុជាជាមួយការងារសិល្បៈក្នុងស្រុកថ្មីៗនេះបានសាងភាពភ្ញាក់ផ្អើលជាថ្មីសម្រាប់អ្នកគាំទ្រ។ ភ្ញាក់ផ្អើលព្រោះតែសមត្ថភាពសិល្បៈ និងរូបសម្រស់ស្រស់សោភារបស់នាងហាក់មិនប្រែប្រួលទៅតាមពេលវេលានិងអាយុកាល។ នាងបានបង្ហាញមុខក្នុងកម្មវិធីសិល្បៈនានា ពិសេសការងារបង្ហាញម៉ូតសម្លៀកបំពាក់ធំៗដែលប្រមូលផ្តុំដោយសិល្បករ និងអ្នកជំនាញច្នៃម៉ូតល្បីៗថ្នាក់ជាតិ និងអន្តរជាតិ។ ក្នុងជំនួបផ្ទាល់កាលពីថ្មីៗនេះ ប្រាសាទ ដាវីន បញ្ជាក់ថានាងបានចេញចូលប្រទេសកម្ពុជា និងអូស្ត្រាលីញឹកញាប់ព្រោះនាងទទួលបានសញ្ជាតិពេញលេញ ហើយការវិលមករកការងារសិល្បៈនេះព្រោះតែចិត្តស្រលាញ់ និងក្រោយពីការទទូចរបស់ផលិតករនិងអ្នកច្នៃម៉ូតមួយចំនួន។
នាងថាមិនទាន់ទទួលការងារសម្តែងទ្រង់ទ្រាយធំនៅឡើយព្រោះតែត្រូវលៃលកមើលពេលវេលាផងដែរ។ តារាស្រីរូបនេះបញ្ជាក់ថាកន្លងមកមានផលិតកម្មខ្លះបានទាក់ទងមកនាង ប៉ុន្តែនាងមិនទទួលព្រោះតែពេលវេលាមិនអំណោយផល។ នាងថាត្រូវការពេលវេលាគ្រប់គ្រាន់ដើម្បីបំពេញ ហើយក៏ចង់ទទួលបានការងារដែលផ្តល់តម្លៃសមរម្ភ ទៅតាមសមត្ថភាព និងជំនាញរបស់នាងផងដែរ។
គួរបញ្ជាក់ដែរថា ប្រាសាទ ដាវីន មានឈ្មោះកំណើត វ៉ែន ដាវីន បានចូលប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈការប្រឡង Freshe Girl ក្នុងឆ្នាំ២០០៥ ដែលកាលនោះ នាងទទួលបានចំណាត់ថ្នាក់លេខ៣។ ១០ឆ្នាំមុនប្រាសាទ ដាវីនលេចធ្លោរខ្លាំងនឹងការងារសិល្បៈជាច្រើនទម្រង់ទាំងការសម្តែង និងបង្ហាញម៉ូតជាមួយនឹងរាងខ្ពស់ស្រឡះ រហូតដល់១,៧៥ម៉ែត្រ។
តារាសម្បុរស្រអែម និងមានទម្រង់មុខដូចនារីបែបបស្ចិមប្រទេស នាង ប្រសាទ ដាវីន បានដើរលើវិថីសិល្បៈគួរឲ្យភ្ញាក់ផ្អើល ហើយអ្វីដែលជំរុញឲ្យគេស្គាល់នាង កាន់តែច្បាស់នោះ គឺតាមរយៈការថតរូប និងការដើរបង្ហាញម៉ូដ ដែលនៅពេលនោះ សូម្បីតែតារាជើងចាស់មួយចំនួន ក៏ស្ទើរតែមិនអាចទប់ជាប់ នឹងទេពកោសល្យសិល្បៈរបស់នាងដែរ៕ ដោយ វឌ្ឍនា