ភ្នំពេញ៖ ជនសង្ស័យ៣នាក់ ដែលជាមុខសញ្ញាចោរលួចយ៉ាងសកម្មក្នុងរាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ឃាត់ខ្លួនរួចសាកសួរបញ្ចប់នីតិវិធី ហើយនៅវេលាម៉ោង៣រសៀល ថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
គួរបញ្ជាក់ផងដែរថា ករណីឃាត់ខ្លួនចោរលួចខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុច ផ្ទះលេខ៤ ផ្លូវM១៤ គំរោង៤បុរីប៉េងហួត ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលបង្កឡើងដោយជនសង្ស័យ ០៣នាក់ បានធ្វើសកម្មភាពលួច ឆ្កិះ សោរ ផ្ទះមួយកន្លែងនៅចំណុចខាងលើ ក្នុងគោលបំណងដើម្បីលួចទ្រព្យសម្បត្តិ តែក្នុងពេលធ្វើសកម្មភាព ពួកគេត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌច្បារអំពៅ ឃើញក៏ឃាត់ខ្លួនភ្លាមៗតែម្តង។
ជនសង្ស័យទាំង៣នាក់នេះ ទី១; ឈ្មោះ រ៉ាន រតន: ហៅខ្មៅ ភេទប្រុស អាយុ ២៣ឆ្នាំ ;ទី២ ឈ្មោះ សេង សុធឿន ហៅខុង ភេទប្រុស អាយុ ២៦ឆ្នាំ ;និងទី៣ ឈ្មោះ អ៊ុន យ៉ាឡូហៅនោ ភេទប្រុស អាយុ ៣៦ឆ្នាំ អ្នកទាំង៣ មុខរបរនិងទីកន្លែងស្នាក់នៅមិនពិតប្រាកដ ។
ក្រោមវិធានការជំនាញនៃការសាកសួរ របស់សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅមុនធ្វើសកម្មភាព ពួកគេទាំង០៣នាក់ បានជក់គ្រឿងញៀន ជាមួយគ្នានៅម្តុំក្រោយអគ្គិសនីវត្តភ្នំ ក្រោយពេលជក់រួចពួកគេ បាននាំគ្នាទៅបុរីប៉េងហួត នៅភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយជិះម៉ូតូ ០១គ្រឿង ម៉ាកសង់កូរ៉េ (ចាស់) ក្នុងគោលបំណងទៅរកលួចម៉ូតូនៅទីនោះ ពេលទៅដល់ពួកគេបានដើរសំដៅទៅផ្ទះមួយកន្លែង ហើយបានគោះទ្វារ តែគ្មានមនុស្សបើក បន្ទាប់មកពួកគេ បានធ្វើសកម្មភាពឆ្កឹះសោរផ្ទះនោះ តែឆ្កិះមិនបានព្រោះតែម្ចាស់ផ្ទះប្រើសោរប្រភេទ សូឡិច ក្នុងពេលជាមួយគ្នានោះដែរ កម្លាំងអាវុធហត្ថមូលដ្ឋានខណ្ឌច្បារអំពៅ ល្បាតឃើញ បានឃាត់ខ្លួនពួកគេទាំង៣នាក់ យកមក ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន រង់ចាំធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមនិតិវិធីច្បាប់ ក្រោមទម្ងន់ទោសជាក់ស្តែងរបស់ពួកគេ។
ក្នុងចំណោមពួកគេទាំង ០៣នាក់នោះ ០១នាក់ ឈ្មោះ រ៉ាន រតន: ហៅខ្មៅ បានសារភាពឲ្យដឹងបន្ថែមទៀតថា កន្លងមកកាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៧ រូបគេធ្លាប់ជាប់ពន្ធនាគារព្រៃសរ ពីបទ លួច (កាច់កញ្ចក់រថយន្ត) ហើយបានចេញមកវិញ នៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ ក្រោយពេលចេញពីពន្ធនាគារមកវិញ រូបគេ និងបក្សពួកឈ្មោះ កូការ , ឈ្មោះ ធី និងឈ្មោះ ភណ្ឌ បានបន្តធ្វើសកម្មភាពលួចកាច់ ក ម៉ូតូ បន្តទៀត ជាច្រើនលើក ច្រើនសារ បានសម្រេច នៅតាមបណ្តាខេត្តដែលជាប់រាជធានីភ្នំពេញ ហើយបានយកម៉ូតូដែលលួចបាននោះ ទៅលក់នៅខេត្តកំពង់ស្ពឺ។
រូបគេបន្តទៀតថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង០៨យប់ រូបគេ រួមនឹងឈ្មោះ កូការ ,ឈ្មោះ ខេលី បានធ្វើសកម្មភាពកាច់ ក ម៉ូតូ ០១គ្រឿង ម៉ាក វ៉េវ ពណ៍ក្រហមលាយខ្មៅ បានសម្រេច ដោយឈ្មោះ ខេលី ជាអ្នកយកទៅលក់ ហើយបានឲ្យបា្រក់មកខ្លួន ២០០ដុល្លារ អាមេរិក ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់នេះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅវេលាម៉ោង៣រសៀល ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ ៕ ស តារា
...