ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ លោករដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីការវិវឌ្ឍន៍រីកចម្រើនលើវិស័យផលិតកម្មសត្វ និងពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វរិក (African Swine Fever) ដែលកំពុងរាតត្បាតនៅប្រទេសចិន។
ជាបឋមលោករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរចំពោះការរីកចម្រើនលើវិស័យផលិតកម្មចិញ្ចឹមសត្វ ជា ពិសេសផលិតកម្មជ្រូកដែលរក្សាបាននូវតម្លៃមួយសមរម្យដែលទាំងអ្នកចិញ្ចឹម អាជិវករ និងអ្នកបរិភោគអាចទទួលយកបាន នេះគឺជាយុទ្ធសាស្រ្តឈ្នះ ឈ្នះរបស់រាជរដ្ឋាភិបាល។
ដើម្បីចូលរួមចំណែកអភិវឌ្ឍប្រទេស ជាពិសេសអភិវឌ្ឍសេដ្ឋកិច្ចជាតិ លោករដ្ឋមន្ត្រីបានស្នើឲ្យសមាគមអ្នកចិញ្ចឹមសត្វខិតខំបន្ថែមទៀតតាមរយ:ការអនុវត្តបែបប្រពលវប្បកម្មចិញ្ចឹមសត្វ ធានាបាននូវនិរត្តរភាពនៃការផ្គត់ផ្គង់ទាំងបរិមាណ គុណភាព អនាម័យ និងជាពិសេសសុវត្ថិភាពសាធារណ: ឆ្លើយតបឲ្យបានតាមស្តង់ដារទីផ្សារសម្រាប់ការប្រកួតប្រជែង។
ត្រង់ចំណុចនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីម្តងទៀតថាក្រសួងនឹងរង់ចាំផ្តល់កិច្ចសហការដល់វិស័យឯកជនដែលមានបំណងវិយោគសាងសង់សត្តឃាតដ្ឋានសត្វ ពិសេសសត្តឃាតដ្ឋានជ្រូកដើម្បើលើកកម្ពស់កម្រិតគុណភាព អនាម័យ និងសុវត្ថិភាពសាច់ និងផលិតផលមានដើមកំណើតពីសត្វ ដើម្បីលើកកម្ពស់សុខភាព និងកាត់បន្ថយក្តីកង្វល់ចំពោះការបរិភោគសាច់សត្វរបស់សាធារណ:ជន។
ទាក់ទងនឹងបញ្ហាជំងឺបេស្តជ្រូកអាហ្វ្រិក លោករដ្ឋមន្ត្រីបានជម្រាបជូនសមាគមថាក្រសួង ដែលមានអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបាននិងកំពុងរៀបចំសេចក្តីប្រកាស ផ្សព្វផ្យាយដល់សាធារណជន ពិសេសដល់អ្នកចិញ្ចឹម ម្ចាស់កសិដ្ឋាន ក្រុមហ៊ុន អាជីវករ ម្ចាស់សត្តឃាតដ្ឋាន អ្នកនាំចូលសត្វរស់ សាច់សត្វ និងផលិតផលសត្វឲ្យបានជ្រាបពីបញ្ហា ស្ថានភាពរាតត្បាត ភ័យមហន្តរាយ វិធានការទប់ស្កាត់ និងជាពិសេសស្នើសុំការសហការពីគ្រប់ភាគីពាក់ព័ន្ធ ស្ថាប័នមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ដើម្បីចូលរួមទប់ស្កាត់ជំងឺនេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
លោករដ្ឋមន្ត្រីបានស្នើឲ្យសមាគមសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វរៀបចំសិក្ខាសាលាផ្សព្វផ្សាយពីបញ្ហាជំងឺនេះឲ្យបានទូលំ ទូលាយ និងទាន់ពេលវេលា ៕