ខេត្តបាត់ដំបង ៖ ករណីសិស្សសាលាវិទ្យាល័យសំពៅលូនប្រមាណ៤០នាក់ដួលសន្លប់ ត្រូវបានក្រុមគ្រូពេទ្យជំនាញក្រោយវាស់ស្ទង់បញ្ជាក់ថា កម្រិតឧកស៊ីសែនធម្មតា ប៉ុន្តែមានបញ្ហាគីសិស្សទាំងអស់នោះខ្វះជាតិស្ករ ។វិទ្យាល័យសំពៅលូនស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ប្រជាពលរដ្ឋ ក៏ដូចឪពុកម្តាយរបស់សិស្សានុសិស្សលើកឡើងថា ការដួលសន្លប់នេះ អាចមកពីការហូបចំណី អាហារខ្វះអនាម័យ ដែលលក់ដូរក្នុងបរិវេណវិទ្យាល័យខាងលើ ។ ពួកគាត់ស្នើសុំខាងអាជ្ញាធរ សមត្ថកិច្ច និងជំនាញពាក់ព័ន្ធចុះធ្វើការត្រួតពិនិត្យទៅលើមុខម្ហួបចំណីឬគ្រឿងភេសជ្ជ:នៅបរិវេណសាលារៀននេះផង។
បន្ទាប់ពីមានករណីកើតឡើង គេសង្កេតឃើញលោកអភិបាលស្រុកងាវ ប៊ុនយាង កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកម្លាំងកងរាជអាវុធហត្ថស្រុក និងខាងមន្ត្រីសុខាភិបាល មន្ទីពេទ្យបង្អែកស្រុកសំពៅលូន ខាងកាំកុង ត្រូល ចូលរួមពិភាក្សា និងរកមូលហេតុនៃការសន្លប់របស់សិស្សនៃវិទ្យាល័យសំពៅលូន ។
លោកអភិបាលស្រុកងាវ ប៊ុនយាងបញ្ជាក់ថា ដោយមានការប្រែប្រួលអាសធាតុប៉ុន្មានថ្ងៃនេះ មានត្រជាក់ ក្ដៅ ជាហេតុបង្កផលប៉ះពាល់ដល់សុខភាព ។ លោកបន្ថែមថា នៅក្នុងវិទ្យាល័យសំពៅលូន សិស្សដែលកើតមានបញ្ហាមានចំនួន៤០នាក់ ក្នុងនោះមាន២នាក់ជាកុមារា ហើយក្នុងចំណោម៤០នាក់ នោះនៅ វិទ្យាល័យសំពៅលូនមានសិស្សប្រុស ស្រីសរុបចំនួន១១៥០នាក់ មានស្រី៧៤៧នាក់។
លោកថាតាមការស្រាវជ្រាវសង្កេតឃើញថា នៅក្នុងសាលារៀននិងក្រៅសាលារៀនមានបរិស្ថានល្អ ប៉ុន្តែអ្វីដែលកត់សម្គាល់សង្កេតឃើញថា ក្នុងចំណោមសិស្សទាំង៤០នាក់មានបញ្ហាសុខភាព ដល់មន្ទីពេទ្យក្រុមគ្រូពេទ្យ ជំនាញបានវាស់ស្ទង់ កម្រិតឧកស៊ីសែនធម្មតា ប៉ុន្តែមានបញ្ហាគីសិស្សទាំងអស់នោះខ្វះជាតិស្ករ ។
គួររំឭកថា ហេតុការណ៍នេះកើតឡើង កាលពីថ្ងៃទី២៩ ខែវិច្ឆិកា រហូតមកទល់ នឹងថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨នេះ ទើបមានសិស្ស ដួល សន្លប់កាន់តែកើនឡើង។ វិទ្យាល័យដែលមានសិស្សសាលាដួលសន្លប់នោះ ស្ថិត ក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុក សំពៅលូន ខេត្តបាត់ដំបង ហើយសិស្ស ដែលដួលសន្លប់ភាគច្រើនរៀនថ្នាក់ទី៧ រហូតថ្នាក់ទី១២ ៕ វណ្ណា