ក្រុងប៉ោយប៉ែត៖ ប្រជាពលរដ្ឋមួយចំនួននៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លើកឡើងថា ចៅសង្កាត់ប៉ោយប៉ែត ប្រព្រឹត្តអំពើពុករលួយយកប្រាក់ធ្វើលិខិតបញ្ជាក់ប័ណ្ណកម្មសិទ្ធិដីធ្លីពីប្រជាពលរដ្ឋច្រើនខុសពីច្បាប់កំណត់ និងពុំមានវិក្កយបត្រឡើយ។ ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត សម្ដែងការមិនពេញចិត្តទៅនឹងទង្វើរបស់ចៅសង្កាត់ប៉ោយប៉ែត ថាជាសកម្មភាពមួយបំពេញការងារដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះមិនខ្វល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋទីទាល់ក្រឡើយ។
លោកស្រី មឿន គន្ធានៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យបាន ថ្លែង កាលពីចុងខែវិច្ឆិកា កន្លងទៅថា លោកស្រីធ្វើលិខិតបញ្ជាក់ប័ណ្ណកម្មសិទ្ធិដីធ្លីចំនួន ៣ច្បាប់ ហើយត្រូវបានចៅសង្កាត់ប៉ោយប៉ែត តម្រូវឲ្យលោកស្រីបង់ប្រាក់ចំនួន ១៥ម៉ឺនរៀល ដោយពុំមានចេញវិក្កយបត្រឲ្យនោះទេ។ លោកស្រីបញ្ជាក់ថា លោក អាំង គីហេង ចៅសង្កាត់ទើបឡើងកាន់តំណែងថ្មីប្រមាណពីរទៅ៣ខែរូបនេះ តែងយកប្រាក់ពីប្រជាពលរដ្ឋដែលធ្វើលិខិតបញ្ជាក់ប្លង់ដីក្នុងមួយ ច្បាប់ ៥ម៉ឺនរៀល ហើយប្រសិនបើប្រជាពលរដ្ឋណាបង់ប្រាក់មិនគ្រប់ចំនួនទេ គឺចៅសង្កាត់មិនធ្វើលិខិតឲ្យនោះឡើយ។អ្នកស្រីបញ្ជាក់ថខ្ញុំមានប្រាក់បន្តិចបន្តួចដើម្បីទៅធ្វើលិខិតបញ្ជាក់កាន់កាប់ដី ដោយគិតថា ចៅសង្កាត់យកប្រាក់តែ ២ម៉ឺនទេ ប៉ុន្តែជាក់ស្ដែង បែរជាចៅសង្កាត់ប្រព្រឹត្តអំពើពុករលួយយកប្រាក់លើសពីច្បាប់កំណត់ ទៅវិញ»។
ការកំណត់យកតម្លៃច្រើននេះ គឺខុសពីការកំណត់ក្នុងច្បាប់។ តារាងកំណត់តម្លៃធ្វើលិខិតបញ្ជាក់ដីធ្លីនៅតាមឃុំ-សង្កាត់ កំណត់តែចំនួន ២ម៉ឺនរៀលទេក្នុងមួយច្បាប់។
បញ្ហាចោទខាងលើនេះលោក អាំង គីហេង ចៅសង្កាត់ប៉ោយប៉ែត មានប្រសាសន៍ថា លោកពុំបានបង្ខំឲ្យប្រជាពលរដ្ឋបង់ប្រាក់ធ្វើលិខិតបញ្ជាក់ប័ណ្ណ កម្មសិទ្ធិដីធ្លីលើសពីច្បាប់កំណត់ ដូចការចោទប្រកាន់នោះទេ។ លោកបញ្ជាក់ថា កន្លងទៅលោកតែងបំពេញការងារដើម្បីបម្រើសេចក្ដីសុខជូនប្រជាពលរដ្ឋ ដោយមិនគិតពីការនឿយហត់របស់ខ្លួនឡើយ៖ «ខ្ញុំខ្លាចតែប្រជាពលរដ្ឋឲ្យគេរត់ការធ្វើលិខិតបញ្ជាក់កម្មសិទ្ធិ ដីធ្លីឲ្យគាត់ទេ។ ចំពោះខ្ញុំ លុយវិភាគទានរបស់ប្រជាពលរដ្ឋទាំងអស់ ខ្ញុំមិនប៉ះពាល់ឡើយ គឺខ្ញុំយកប្រាក់នោះទៅធ្វើការអភិវឌ្ឍក្នុងសង្កាត់ប៉ោយប៉ែត ទាំងអស់»។
ទោះយ៉ាងណា ប្រជាពលរដ្ឋនៅសង្កាត់ប៉ោយប៉ែត សុំមិនឲ្យបញ្ចេញឈ្មោះម្នាក់ទៀតឲ្យដឹងថា កន្លងទៅ ចៅសង្កាត់ប៉ោយប៉ែត តម្រូវឲ្យរូបគាត់បង់ប្រាក់ចំនួន ៥ម៉ឺនរៀល ក្នុងការធ្វើលិខិតបញ្ជាក់ប្លង់ដីមួយច្បាប់ ដោយពុំមានវិក្កយបត្រនោះទេ៖ «ប្រជាពលរដ្ឋមិនពេញចិត្តការដឹកនាំរបស់ចៅសង្កាត់ថ្មីនេះទេ ពីព្រោះគាត់ធ្វើការងារតឹងរ៉ឹងហួសហេតុពេក»។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា បើទោះជាចៅសង្កាត់ប៉ោយប៉ែត ចេញវិក្កយបត្រឲ្យប្រជាពលរដ្ឋយ៉ាងណាក៏ដោយ ក៏ចៅសង្កាត់មិនត្រូវយកប្រាក់ពីប្រជាពលរដ្ឋខុសពីច្បាប់កំណត់នោះ ទេ។ លោកបញ្ជាក់ថា ចៅសង្កាត់យកប្រាក់ពីអ្នកភូមិខុសពីច្បាប់កំណត់ គឺជាការប្រព្រឹត្តអំពើពុករលួយ ហើយសមត្ថកិច្ចពាក់ព័ន្ធត្រូវតែចាត់វិធានការលើបញ្ហានេះ ៕
ដោយ៖ វណ្ណា