ផ្កាយ​៣​ ជា​មេបញ្ជាការ​ការពារ​ផ្ទាល់​សម្តេចតេជោ​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ នឹង​ប្តឹង​ទៅ​តុលាការ​ ករណី​ប៉ូលិស​ខណ្ឌ​ដង្កោ​ បាញ់​កូន​ប្រុស​ជា​កង​អង្គរក្ស​បណ្តាល​ឱ្យ​រងរបួស​ជើង​ធ្ងន់ធ្ងរ​”ចង់​ស៊ី​ឆ្កែ​ ចោទ​ថា​ឆ្កែ​ឆ្គួត​ រួច​បាញ់​ឱ្យ​ងាប់​”​

ចែករំលែក៖

ភ្នំពេញ​ ៖ លោក​ឧត្ដមសេនីយ៍​ឯក​ ឯល​ វណ្ណ​ថន​ មេបញ្ជាការ​ កង​អនុសេនាធំ​ការពារ​ផ្ទាល់​សម្តេចតេជោ​នាយករដ្ឋមន្ត្រី​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ បញ្ជាក់​ថា​ លោក​នឹង​ប្តឹង​ទៅ​តុលាការ​ ដើម្បី​រក​យុត្តិធម៌​ ក្នុង​ករណី​ឈ្មោះ​ មៀច​ សត្ថា​ ប៉ូលិស​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ​ ឈរ​ជើង​នៅ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ​ ព្រះ​នាម​ទិវា១១​ និង​ ឈ្មោះ​ អ៊ឹម​ សារុំ​ ជាគូកន​ ដែល​បាន​បាញ់​កូន​ប្រុស​ ជា​កង​អង្គរក្ស​បណ្តាល​ឱ្យ​រងរបួស​ជើង​ធ្ងន់ធ្ងរ​ ។

ករណី​នេះ​ បើ​ទោះបី​ជា​លោក​នុត​ ពុធ​ដារ៉ា​ អភិបាល​ខណ្ឌ​ដង្កោ​ និង​ លោក​ ជឹម​ ស៊ី​ថា​ អធិការ​នគរបាល​ខណ្ឌ​ដង្កោ​ បាន​ចុះ​សួរ​សុខទុក្ខ​ជនរងគ្រោះ​ដល់​មន្ទីរពេទ្យ​ និង​ សម្តែង​ការ​សោកស្ដាយ​ដោយ​មាន​ការ​ភ័ន្តច្រឡំ​ក៏ដោយ​ ក៏​លោក​ឧត្ដមសេនីយ៍​ឯក​ ឯល​ វណ្ណ​ថន​ មិន​អភ័យទោស​ឡើយ​ ដោយ​សម្រេច​ចិត្ត​ប្តឹង​ទៅ​តុលាការ​ ដើម្បី​រក​យុត្តិធម៌​ ជូន​កូនប្រុស​ ។

តាម​រយៈ​លិខិត​មួយ​ច្បាប់​បំភ្លឺ​ជា​សាធារណៈ​ របស់​លោក​ឧត្ដមសេនីយ៍​ឯក​ ឯល​ វណ្ណ​ថន​ កាលពី​ថ្ងៃទី​៧​ ខែ​ធ្នូ​ បញ្ជាក់​ថា​ កាលពី​ថ្ងៃទី​៤​ ខែ​ធ្នូ​ វេលា​ម៉ោង​១១៖៣០នាទី​ លោក​អនុសេនីយ៍​ឯក​ ឯល​ ស៊ឹម​សុភ័ក្ដ្រ​ ត្រូវ​ជា​កូន​ប្រុស​និង​មិត្តភក្ដិ​២នាក់​ទៀត​ បាន​មក​ហូប​បាយ​នៅ​ភោជនីយដ្ឋាន​ម្លប់​ស្វាយ​ដូង​ក្រអូប​ កញ្ចុះ​លេខ​១៤​ ក្បែរ​បន្ទប់​ទឹក​ ក្នុង​សង្កាត់​ព្រៃស​ ខណ្ឌ​ដង្កោ​ ។

ចំណែក​ភាគី​ឈ្មោះ​ មៀច​ សត្ថា​ និង​ ឈ្មោះ​ អ៊ឹម​ សារុំ​ ហូបចុក​នៅ​ហាង​ជាមួយ​គ្នា​ ដោយ​ចេញចូល​បន្ទប់​ទឹក​ញឹកញាប់​ ។ ពេល​នោះ​បាន​ឃើញ​អាវុធ​ខ្លី​របស់​កូនប្រុស​ ក៏​បាន​រាយការណ៍​តាម​វិទ្យុ​ទាក់ទង​ទៅ​លោក​ ឈឹម​ ប៊ុន​រ័ត្ន​ អធិការ​រង​ខណ្ឌ​ដង្កោ​ ទទួល​បន្ទុក​ព្រហ្មទណ្ឌ​ ព្រះនាម​កក្កដា​០៥​ ដោយ​ចោទប្រកាន់​ ឈ្មោះ​ ឯក​ ស៊ឹម​សុភ័ក្ដ្រ​ ថា​ ជា​មុខ​សញ្ញា​ចោរ​ប្លន់​ លក់​គ្រឿង​ញៀន​ និង​ មុខសញ្ញា​ប្លន់​ឡាន​ ។

ពេល​ឮ​រាយការណ៍​តាម​វិទ្យុ​ទាក់ទង​បែប​នេះ​ ឈ្មោះ​ ឯល​ ស៊ឹម​សុភ័ក្ដ្រ​ បាន​គិត​លុយ​ចេញ​ពី​ភោជនីយដ្ឋាន​ខ្លាច​មាន​រឿង​វែងឆ្ងាយ​ ឆ្ពោះ​ទៅ​ផ្សារ​ឯករាជ្យ​៣​ កន្លែង​ប្រពន្ធ​លក់​ទូរស័ព្ទ​វិញ​ ។

ក្រោយ​មក​មាន​កម្លាំង​ប៉ូលិស​ជិះ​ម៉ូតូ​តាម​ពី​ក្រោយ​ ពួនស្ទាក់​ រួច​បាញ់​ទៅ​លើ​ឈ្មោះ​ ឯល​ ស៊ឹម​សុភ័ក្ដ្រ​ដោយ​កាំភ្លើង​ អាកា​ ចំនួន​៤គ្រាប់​ បណ្តាល​ឱ្យ​ចំ​ភ្លៅ​រងរបួស​យ៉ាង​ធ្ងន់ធ្ងរ​ ។ ប៉ុន្តែ​ឈ្មោះ​ ឯល​ ស៊ឹម​សុភ័ក្ដ្រ​ ពុំ​បាន​បាញ់​តបត​វិញ​ឡើយ​ ដោយសារ​កាំភ្លើង​ទុក​ក្នុង​កាបូប​ ។

លោក​ឧត្ដមសេនីយ៍​ឯក​ ឯល​ វណ្ណ​ថន​ បញ្ជាក់​ទៀត​ថា​ ករណី​នេះ​លោក​នឹង​ប្តឹង​ទៅ​តុលាការ​ ដើម្បី​រក​យុត្តិធម៌​ ហើយ​សន្និដ្ឋាន​ថា​ ចង់​ស៊ី​សាច់​ឆ្កែ​ ចោទ​ថា​ជា​ឆ្កែ​ឆ្កួត​ រួច​បាញ់​ឆ្កែ​ឱ្យ​ងាប់​ តែម្ដង​ ៕ ចេស្តា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print