ភ្នំពេញ៖សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានប្រសាសន៍ថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតឆ្នាំ១៩៧៥-១៩៧៩ គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង សិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៍ពិពាហ៍និងសិទ្ធិប្រកបការងារជាដើម ។
សម្តេចតេជោ មានប្រសាសន៍បន្តថា របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់ជាង៣លាននាក់នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃប៉ុណ្ណោះ។
ក្នុងទិវាអបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០១៨ នេះ សម្តេចតេជោ មានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ ប្រទេសកម្ពុជាតែងតែប្រារព្ធទិវាសិទ្ធិមនុស្ស ១០ធ្នូ ដែលជាទិវាសិទ្ធិមនុស្សសកល (Human Rights Day) ដែលអង្គការសហប្រជាជាតិ (UN) បានប្រកាសឲ្យប្រើតាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៨ ដើម្បីលើកស្ទួយសិទ្ធិសេរីភាពរបស់មនុស្សជាតិគ្រប់រូបនៅលើពិភពលោកដែលកើតមកមានសិទ្ធិសេរីភាព និងស្មើភាពគ្នាប្រកបដោយសេចក្តីថ្លៃថ្នូរ។
ហ្វេសប៊ុកផេកសម្តេចតេជោ សរសេរថា ក្រោយពេលប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតនៅថ្ងៃទី ៧ មករា ១៩៧៩ គឺសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវបានទទួលពេញលេញឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សិទ្ធិសេរីភាព គឺបានធ្វើអោយប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើអោយកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ ។
សម្តេចតេជោ សូមបងប្អូនជនរួមជាតិចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស ដើម្បីឲ្យកម្ពុយើងកាន់តែរីកចម្រើន៕ចេស្តា