នគរបាលប្រចាំផ្សារធំថ្មី ឃាត់ខ្លួនស្រ្តីម្នាក់ ជាចោរលួចកាបូបលុយ

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់ជាចោរកាបូបលុយ ត្រូវបានកម្លាំងនគរបាលប្រចាំទីរួមផ្សារធំថ្មី នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនកាលពីវេលាម៉ោង៣រសៀលថ្ងៃចន្ទ ៣កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ពីបទលួច(កាបូបលុយ) ដែលប្រព្រឹត្តិឡើងកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល នៅចំណុចក្នុងតូបលក់ខោអាវ លេខI១៩៦ ក្នុងទីរួមផ្សារធំថ្មី ផ្លូវលេខ១៣៦ ភូមិ៤ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះ ប៉ែន ស្រីមុំ ភេទស្រី អាយុ45ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ស្នាក់នៅភូមិ​បាលាយ ឃុំអង្កាញ់ ស្រុកអង្គរបូរី ខេត្តតាកែវ ។ សំភារះបាត់បង់កាបូបលុយ ពណ៍ខ្មៅ ចំនួនមួយ, លុយ ចំនួន​២០០៩​រយដុល្លារ ។ ចំណែកជនរងគ្រោះឈ្មោះ ហេង សុផាន់ណា ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ខោអាវ ក្នុងផ្សារធំថ្មីមានទីលំនៅផ្ទះលេខ158 ផ្លូវលេខ161 សង្កាត់អូរឬស្សីទី2 ខណ្ឌ7មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៍មានពីសមត្ថកិច្ច បានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល មុនពេលកើតហេតុ ជនរងគ្រោះ ឈ្មោះ ហេង សុផាន់់ណា ភេទស្រី អាយុ២២ឆ្នាំ កំពុងលក់ខោអាវនៅចំណុច​តូបលេខ I១៩៦ ក្នុងទីរួមផ្សារធំថ្មី ពេលកំពុងលក់ខោអាវ ក៏មានជនសង្ស័យម្នាក់ ឈ្មោះ ប៉ែន ស្រីមុំ ភេទស្រី បានចូលមកទិញអាវពីជនរងគ្រោះ ពេលជនរងគ្រោះខ្ចប់ខោអាវរួចហើយ ជនសង្ស័យក៏ចូលទៅក្នុងតូបរបស់​ជនរងគ្រោះ លើកខោអាវមើលធ្វើដូចរកទិញខោអាវថែមទៀត ឆ្លៀតឱកាសល្អ ជនសង្ស័យក៏ធ្វើសកម្មភាពលួចយកកាបូបលុយរបស់ជនរងគ្រោះដែលទុកលើគំនរខោអាវបានសម្រេច ហើយក៏ដើរចេញទៅខាងក្រៅផ្សារជិះម៉ូតូ​ឌុបគេចខ្លួនបាត់ ។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប្រចាំទីរួមផ្សារធំថ្មីតែម្តង ។

ក្រោយពីទទួលបានពាក្យបណ្តឹងកម្លាំងបានសហការជាមួយជនរងគ្រោះពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ឃើញរូបភាពសកម្មភាពរបស់ជនសង្ស័យឈ្មោះប៉ែន ស្រីមុំធ្វើសកម្មភាពលួចកាបូបលុយពិតប្រាកដ ហើយរហូតដល់វេលាម៉ោង៣រសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ជនសង្ស័យក៏ជិះម៉ូតូជាមួយប្តីចូលមកក្នុងទីរួមផ្សារធំថ្មី ដើរទៅដល់ក្បែរតូបរបស់ជនរងគ្រោះ ក៏ត្រូវជនរងគ្រោះឃើញបានសហការជាមួយកម្លាំងនគរបាលទីរួមផ្សារធំថ្មី ឃាត់ខ្លួនជនសង្ស័យ នាំមកទីស្នាក់ការទីរួមផ្សារធំថ្មី ដើម្បីធ្វើការសាកសួរតែម្តង ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី ៕ស តារា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print