កន្លងមកប្រទេសជាច្រើនបានចោទប្រកាន់អាមេរិក ថាជាអ្នកបង្កើន គាំទ្រក្រុមភេរវកម្មនៅលើពិភពលោកដើម្បីបំផ្លាញដល់ប្រទេសណាដែលមានមេដឹកនាំមិនគាំទ្រឬដើរតាមគោលនយោបាយរបស់អាមេរិក ក្រុមភេរវកម្ម IS ដែលបានបង្កើតឡើងនៅលើទឹកដីស៊ីរីនិងអុីរ៉ាក់ ត្រូវបានប្រទេសមួយចំនួនចោទប្រកាន់អាមេរិកថាជាអ្នកនៅពីក្រោយ ក្រុមភេរវកម្មទាំងនោះដើម្បីបង្កភាពចលាចលនៅតំបន់មជ្ឈឹមបូព៌ា ក៏ដូចជាបំផ្លាញទម្រង់ដឹកនាំរបស់ប្រទេសដែលមិនដើរតាមអាមេរិក។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថាកន្លងមកអាមេរិកជាអ្នកនៅពីក្រោយការធ្វើបដិវត្តន៍ផ្កាម្លិះនៅបណ្តាប្រទេសអាមេរិកបានផ្លាស់ប្តូររបបមេដឹកនាំជាច្រើននៅតំបន់អារ៉ាប់និងមជ្ឈឹមបូព៌ាដែលមានទស្សនៈផ្ទុយអាមេរិកនិងជាមេដឹកនាំយូឆ្នាំបំផុតនៅក្នុងតំបន់ទាំងនោះ ។ ជាក់ស្តែង គឺប្រទេស ទុយនេស៊ី អេហ្ស៊ី លីបី … ជាដើម ។
ប៉ុន្តែការធ្វើបដិវត្តន៍នោះមិនទទួលបានជោគជ័យទាំងស្រុងនោះឡើយ ដោយមានមេដឹកនាំប្រទេសជាច្រើនអាចទប់ស្កាត់បានដោយជោគជ័យក្នុងនោះមានអុីរ៉ង់និងស៊ីរីជាដើម។ ដោយអាមេរិកមិនអាចផ្តួលរំលំរបបដឹកនាំទាំងនោះដោយអហឹង្សា ក៏បានបង្វែរទៅជា ហឹង្សាដោយអាមេរិកគាំទ្រនឹងបង្កើតភេរវកម្មដើម្បីបំផ្លាញមេដឹកនាំស៊ីរីនិងអុីរ៉ង់តែមិនទទួលបានជោគជ័យដោយសារតែមានការលូកដៃពី មហាអំណាចយោធារុស្ស៊ី ។
ដោយបរាជ័យជាបន្តទៀតអាមេរិកក៏ចាប់ផ្តើមបង្វែរយុទ្ធសាស្ត្រមកធ្វើភេរវកម្មសេដ្ឋកិច្ចវិញម្តង ដើម្បីកម្ចាត់ប្រទេសដែលនៅពីក្រោយប្រឆាំងនិងអាមេរិក ក្នុងនោះមានរុស្ស៊ី ចិនជាដើម ។
ពេលកន្លងមកថ្មីៗប្រធានាធិបតីអុីរ៉ង់លោក ហាសាន់ រ៉ូហានី បានចោទប្រកាន់វ៉ាស៊ីនតោនថា ជាភេរវនិយមសេដ្ឋកិច្ច។ សម្រាប់ប្រមុខរដ្ឋអុីរ៉ង់ទណ្ឌកម្មដ៏អយុត្តិធម៌ និងខុសច្បាប់របស់អាមេរិក ទៅលើអុីរ៉ង់ គឺជាឧទាហរណ៍ដ៏ច្បាស់ក្រឡែតនៃអំពើភេរវនិយម។ ថ្លែងនៅក្នុងសន្និសីទដើម្បី ប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ដែលមានចូលរួម ដោយប្រធានសភាចិន អាហ្វហ្កានីស្ថាន រុស្ស៊ី តួកគី និងប៉ាគីស្ថាន ប្រធានាធិបតី អុីរ៉ង់បានអំពាវនាវឲ្យប្រទេសដែលរងការដាក់សម្ពាធ ឬរងទណ្ឌកម្មពីអាមេរិក រួមកម្លាំងគ្នាជាមួយអុីរ៉ង់ ដើម្បី ទប់ទល់នឹងអាមេរិករបស់លោកដូណាល់ ត្រាំ។ នៅចំពោះមុខប្រធានសភាចិន ប៉ាគីស្ថាន
តួកគី និងរុស្ស៊ី ប្រធានាធិបតី អ៊ីរ៉ង់បានថ្លែងសង្កត់ធ្ងន់ថា ក្រុមប្រទេសដែលកំពុងចូលរួមនៅក្នុងសន្និសីទ ថ្នាក់តំបន់ នៅប្រទេសអ៊ីរ៉ង់ នៅថ្ងៃសៅរ៍ម្សិលមិញ គឺភាគច្រើន កំពុងតែរងប៉ះពាល់ ដោយសារការដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើអ៊ីរ៉ង់។
នៅខែឧសភាឆ្នាំនេះ រដ្ឋបាលលោកដូណាល់ ត្រាំ បានសម្រេចជាឯកតោភាគី ដើរចេញពីកិច្ចព្រមព្រៀង ស្តីពីនុយក្លេអ៊ែរអ៊ីរ៉ង់ និងបានត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចសាជាថ្មីលើរបបអ៊ីស្លាមអ៊ីរ៉ង់ ដែលកំពុងតែមានសេដ្ឋកិច្ច ដើរអូសជើងរួចទៅហើយ នោះ។ ក្រៅតែពីដាក់ទណ្ឌកម្មទៅលើអ៊ីរ៉ង់ អាមេរិកបានព្រមានផងដែរ ដាក់ពិន័យទៅលើប្រទេស ឬក្រុមហ៊ុនណាដែលរំលោភបម្រាមរបស់អាមេរិក ដោយលួចធ្វើជំនួញជាមួយអ៊ីរ៉ង់។ នៅថ្ងៃទី១ធ្នូ កន្លងទៅ កូនស្រីរបស់ស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាចិន Huawei ដែលរងការចោទប្រកាន់ពីអាមេរិក ថា បានលួចធ្វើជំនួញជាមួយអ៊ីរ៉ង់ ដោយបន្លំ គេចចេញពីទណ្ឌកម្មរបស់អាមេរិក ត្រូវបានអាជ្ញាធរកាណាដា ចាប់ខ្លួន ទៅតាមដីការបស់អាមេរិក។
មួយវិញទៀត រដ្ឋបាលលោកដូណាល់ ត្រាំ បានសម្រេចបន្ថែមទណ្ឌកម្មថ្មី ទៅលើប្រទេសរុស្ស៊ី នៅក្នុងសំណុំរឿងកាត់យកទឹកដីគ្រីមេរបស់អ៊ុយក្រែនទៅធ្វើជាដែនដីរបស់រុស្ស៊ី កាលពីឆ្នាំ ២០១៤។ តួកគីវិញ ក៏ធ្លាប់រងទណ្ឌកម្មសេដ្ឋកិច្ចមួយផ្នែករបស់អាមេរិកដែរ នៅឆ្នាំនេះ ដោយសារតួកគីចាប់ដាក់ឃុំ គ្រូគង្វាលគ្រឹស្តសាសនា អាមេរិកាំង។
ចុងក្រោយ ប៉ាគីស្ថាន ដែលចូលរួមនៅក្នុងសន្និសីទនៅប្រទេសអុីរ៉ង់ នៅថ្ងៃម្សិលមិញ ក៏ចូលក្នុងសំណាញ់ដាក់សំពាធពីអាមេរិក ដែលបានសម្រេចលុបចោលជំនួយយោធា រាប់រយលានដុល្លារ ក្នុងបទចោទប្រកាន់ថា អ៊ីស្លាម៉ាបាត ធូររលុង មិនប្រយុទ្ធប្រឆាំងនឹងក្រុមអ៊ីស្លាមប្រដាប់អាវុធ ជ្រុលនិយម នៅប៉ាគីស្ថាន។
សម្រាប់ប្រធានាធិបតីអុីរ៉ង់ ភេរវនិយមសេដ្ឋកិច្ចរបស់អាមេរិក គឺសំដៅបង្កើតការភ័យខ្លាច នៅក្នុងសេដ្ឋកិច្ចរបស់ប្រទេសមួយ និងធ្វើប្រទេសផ្សេងទៀតភ័យខ្លាច ឈប់ ធ្វើជំនួញ ជាមួយប្រទេសដែលអាមេរិកដាក់ទណ្ឌកម្មសេដ្ឋកិច្ចដូចជាអុីរ៉ង់ជាដើម។ “យើងកំពុងប្រឈមនឹងការរំលោភ ដែលមិនត្រឹមតែគំរាមកំហែងដល់ឯករាជភាព និងអត្តសញ្ញាណរបស់យើងតែប៉ុណ្ណោះទេ ប៉ុន្តែ វាកំពុងធ្វើបំផ្លាញ កាត់ផ្តាច់ទំនាក់ទំនង ដែលអុីរ៉ង់ និងប្រទេសដទៃធ្លាប់មានអស់ជាយូរឆ្នាំមកហើយ។ នៅពេលអាមេរិកដាក់សំពាធលើពាណិជ្ជកម្មចិន គឺយើងទាំងអស់គ្នាដែលរងគ្រោះ” នេះជាការលើកឡើងរបស់ប្រធានាធិបតីអុីរ៉ង់នៅចំពោះមុខថ្នាក់ដឹកនាំចិន ដែលជាអតិថិជនទិញប្រេងច្រើនជាងគេរបស់អុីរ៉ង់៕ ម្លិះ