ខេត្តសៀមរាបៈ អ្នកបើកបររថយន្តដឹកសំរាម បើកបរខ្វះការប្រុងប្រយ័ត្ន ជ្រុលទៅបុកម៉ូតូ១គ្រឿងពេញទំហឹង បណ្ដាលឲ្យ២នាក់ប្តីប្រពន្ធស្លាប់យ៉ាងអាណោចអធ័ម រីឯកូនតូចរងរបួសធ្ងន់ ហេតុការណ៍ដ៏រន្ឋត់នេះ កើតឡើងនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិលលៃ ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តដឹកសំរាមក្រុមហ៊ុន កៃ យ៉ា និងម៉ូតូម៉ាកឌ្រីមសង់ បើកបរស្របទិសគ្នាពីកើតទៅលិច ជិះ៣នាក់ប្តីប្រពន្ធ និងកូនតូច បណ្តាលឲ្យប្រពន្ធស្លាប់នៅនឹងកន្លែង ចំណែកប្ដីស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ និងកូនម្នាក់ទៀត រងរបួសធ្ងន់។
ស្ត្រីជនរងគ្រោះដែលបានស្លាប់នោះមានឈ្មោះ ឈឿន សុខសាន្ត អាយុ២៦ឆ្នាំ មុខរបរលក់មាន់អាំង។ចំណែកឪពុកពុំស្គាល់អត្តសញ្ញាណនៅឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែង និងនាំយកម៉ូតូនិងរថយន្តមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕ប៊ុនរិទ្ធី