ភ្នំពេញ:នារីម្នាក់ទំនងជាស្រវឹងស្រា បើករថយន្តស៊េរីទំនើប ទៅបុករថយន្តប្រមូលសំរាមស៊ិនទ្រីពីក្រោយ បណ្ដាលឱ្យកម្មករប្រមូលសំរាមម្នាក់ រងរបួសធ្ងន់ ហើយរថយន្តបង្កក្រឡាប់ជាច្រើតត្រឡប់ កាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ស្ថិតនៅក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបររថយន្តស៊ិនទ្រីមានឈ្មោះ ចិន ខ្លី អាយុ២៧ឆ្នាំ មានទីលំនៅផ្ទះជួល ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរ បើកបររថយន្តស៊ិនទ្រី ។ ចំណែកអ្នកបើកបរ ឈ្មោះគឹម ស្រីមុំ អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះបុរីវិមានភ្នំពេញ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ មុខរបរអាជីវករ
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Land Cruiser ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AV-9595 បើកបរដោយស្ត្រីម្នាក់ ទំនងជាស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ខណៈមកដល់ចំណុចជិតស្ថានីយប្រេងសូគីមិច រថយន្តបានរេចង្កូតជ្រុលទៅបុករថយន្តស៊ិនទ្រីពីក្រោយ ដែលកំពុងឈប់ប្រមូលសំរាម បណ្ដាយឲ្យកម្មករស៊ិនទ្រីម្នាក់ បោកផ្ទប់ទៅនឹងរថយន្ត រងរបួសធ្ងន់ រីឯរថយន្តបង្កក្រឡាប់ជាច្រើនត្រឡប់ផ្ងារជើង រងការខូចខាតរថយន្តស្ទើរតែទាំងស្រុង តែសំណាងល្អអ្នកបើកបរមិនរងរបួសឡើយ។ អ្នក រងរបួសធ្ងន់ ត្រូវរថយន្តសង្គ្រោះបន្ទាន់យកទៅសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុទំនាក់ទំនង ទៅសមត្ថកិច្ចជំនាញចរាចរចុះមកវាស់វែង យករថយន្តទាំងពីរគ្រឿងទៅរក្សាទុក នៅការិយាល័យចរចារផ្លូវគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ