រដ្ឋមន្ត្រីការបរទេសអាមេរិក កាលពីថ្ងៃទី១៤ខែធ្នូ បានអំពាវនាវ ដល់រដ្ឋាភិបាលចិនដោះលេងពលរដ្ឋកាណាដា ពីររូប ដែលចិនបានចាប់ខ្លួននាពេលកន្លងមក ។ការចាប់ខ្លួនពលរដ្ឋកាណាដា កើតឡើងក្រោយពេលដែល កាណាដាបានចាប់ខ្លួនពលរដ្ឋចិន គឺអគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុន Huawei ។
ការប្រកាសរបស់លោក Pompeo គឺជាលើកទីមួយហើយដែលអាមេរិក បានប្រតិកម្ម ជុំវិញ ការចាប់ខ្លួន ពលរដ្ឋកាណាដា។ លោក Mike Pompeo បាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានក្រោយជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសកាណាដា លោក Chrystia Freeland ថា«ការចាប់ខ្លួនពលរដ្ឋកាណាដា គឺជាសកម្មភាពមិនអាចទទួលយកបានឡើយ។យើងសូមស្នើរដល់ ប្រទេស ចិន មានសកម្មភាព សមហេតុផលទៅលើពលរដ្ឋប្រទេសផ្សេង»។
ក្រសួងការបរទេសចិនបានបញ្ជាក់ថា ពលរដ្ឋកាណាដាពីររូប ត្រូវបានចាប់ឃុំខ្លួន ដោយសង្ស័យថាបាន ជាប់ពាក់ព័ន្ធនិងសកម្មភាព ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិចិន ។ តាមការលើកឡើងរបស់ក្រសួងការបរទេសចិន ទីប្រឹក្សាពាណិជ្ជកម្ម ជនជាតិកាណាដា លោក Michael Spavor ត្រូវបានចាប់ខ្លួននៅក្នុងខេត្ត លីនីញ ចំណែក អតីតមន្ត្រីការបរទេស Michael Kovirig ត្រូវបានចាប់ខ្លួនសួរនាំនៅទីក្រុងប៉េកាំង ។
អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថា ការចាប់ខ្លួន ពលរដ្ឋកាណដា ទាំងពីររូបខាងលើ គឺចិនបានផ្តល់ព័ត៌មានដល់អគ្គរដ្ឋទូតកាណាដា ហើយ បុគ្គលទាំងពីរនោះកំពុងស្ថិតនៅក្នុងការសើបអង្គេត ។
អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ចាក់ថា« មន្ត្រីសន្តិសុខចិន នឹងបើកការស្រាវជ្រាវ ទៅតាមច្បាប់របស់ចិន ហើយសិទ្ធស្របច្បាប់ របស់ជនជាតិកាណាដាទាំងពីររូប គឺ ត្រូវបានធានា ទៅតាមផ្លូវច្បាប់។
នាយករដ្ឋមន្ត្រីកាណាដា លោក Trudeau បានប្រកាសថាសកម្មភាប ចាប់ខ្លួនពលរដ្ឋកាណាដាពីររូប គឺមិនអាចទទួលយកបានឡើយ ។ចំណែកទីក្រុងប៉េកាំងបានច្រានចោលការប្រកាសរបស់ លោក Trudeau ដោយបញ្ជាក់ ថា រដ្ឋាភីបាលមិនអាច ជ្រៀតជ្រេកចូលកិច្ចការច្បាប់បានឡើយ ៕