ខេត្តមណ្ឌលគិរី៖ បើមិនមានការផ្លាស់ប្តូរគម្រោងទេនោះ នៅយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ ក្រុមហ៊ុនម៉ាស្ទើ ខេសាន់ ដែលគេដឹងថា ជាក្រុមហ៊ុនរបស់ឧកញ៉ាសឹង សំអុល នឹងត្រៀមចេញ ឈើ ១៣ឡានយីឌុប ពីចំណុចស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះទៅកាន់ខេត្តព្រៃវែង និងស្វាយរៀង និងមួយចំនួនទៀតមកកាន់រាជធានីភ្នំពេញ ដោយគេពុំទាន់ដឹងថា ឈើទាំងនោះ មានច្បាប់អនុញ្ញាតហើយឬនៅ ឬមានច្បាប់ប៉ុន្មានរថយន្ត អត់ច្បាប់ប៉ុន្មានរថយន្តនៅឡើយទេ ។
ដោយឡែក នៅវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨នេះ មានរថយន្តយីឌុបចំនួន៥គ្រឿង ក៏បានដឹកឈើចេញពីខេត្តមណ្ឌល គិរីនេះ ដែលគេសង្ស័យថា អាចនឹងកាច់ចង្កេះឆ្លងទៅប្រទេសវៀតណាម តាមច្រកមួយចំនួនក្នុងស្រុកកែវសីមា ឬច្រកមួយចំនួនទៀតក្នុងស្រុកស្នួល ខេត្តក្រចេះ ។
ប្រភពខ្លះបានរាយការណ៍មកថា រថយន្តកំពុងដឹកឈើរបស់តា សក់ស (ហៅតានី) ចំនួន៥រថ យន្តយីឌុប ហើយបច្ចុប្បន្នមួយគ្រឿងកំពុងខូចនៅចំណុចអូររមីស គឺមានច្បាប់ មិនគ្រប់ចំនួននោះឡើយ ។ ពាក់ព័ន្ធនឹងករណីនេះ លោក អ៊ុំ វណ្ណសុភក៌ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី បានប្រាប់អង្គភាពនគរដ្រេហ្គន មុននេះបន្តិចនាវេលាម៉ោង៦និង៣៤នាទីល្ងាច ថ្ងៃ ខែឆ្នាំដដែល បាននិយាយយ៉ាងដូច្នេះថា រថយន្តដឹកឈើរបស់តាសក់ ស ហៅតានី ពិតជាមានច្បាប់អនុញ្ញាត មែន ប៉ុន្តែច្បាប់របស់គាត់មានតែចំនួន៣រថយន្តប៉ុណ្ណោះ ប្រសិនបើគាត់ដឹកលើសពី៣រថយន្ត មានន័យថា ជាអំពើខុសច្បាប់ លោកក៏ត្រូវតាមដានដើម្បីបង្ក្រាប ហើយក៏សូមការជួយផ្តល់ដំណឹងពីបណ្តាសារព័ត៌មានផងដែរ ដើម្បីទប់ស្កាត់ការដឹកជញ្ជូនបទល្មើសឈើខុសច្បាប់ ។
នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី លោក អ៊ុំ វណ្ណសុភក៌ បានបន្តថា ចំពោះក្រុមហ៊ុនម៉ាស្ទើ ខេសាន់ ដែលថាត្រៀមចេញឈើចំនួន១៣ឡាន យីឌុបនោះ គឺមិនអនុញ្ញាតឲ្យចេញជាដាច់ខាត ដោយសារតែខាងក្រុមហ៊ុនមិនទាន់រត់ឯកសារហើយ ព្រោះករណីនេះ ក្រុមហ៊ុនទើបមករត់ការ ដូច្នេះបើក្រុមហ៊ុនម៉ាស្ទើខេសាន់ចេញឈើមុនច្បាប់អនុញ្ញាត គឺប្រឈមនឹងការបង្ក្រាប និងមិនអនុញ្ញាតឲ្យដឹកជញ្ជូនបានឡើយ ។
បទល្មើសព្រៃឈើខេត្តមណ្ឌលគិរី ចាប់ផ្តើមកក្រើកវិញហើយ ប្រជាពលរដ្ឋ មន្ត្រីរាជការ តាមមន្ទីរជុំវិញខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធមួយចំនួន ដែលមិនពេញចិត្តចំពោះអំពើល្មើសច្បាប់ទាំងនេះ ស្នើសុំដោយក្តីអង្វរ ទៅកាន់អាជ្ញាធរខេត្តមណ្ឌលគិរី គួរមានវិធានការបង្ក្រាប ជាពិសេសសមត្ថកិច្ចជំនាញពាក់ព័ន្ធ មិនត្រូវជិះសេះលែងដៃ ម្នាក់ៗយករួចតែខ្លួន ខ្វះការទទួលខុសត្រូវ ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួននោះឡើយ ។ គួររំលឹកថា លោកស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ដែលដឹកនាំបង្កើតឲ្យមានបទល្មើសព្រៃឈើ មិនត្រឹមតែឲ្យសារព័ត៌មានប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានចុះផ្សាយព្រោងព្រាតនោះទេ សូម្បីតែសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានទទួលស្គាល់ថា ខេត្តមណ្ឌលគិរីនៅមានបទល្មើសព្រៃឈើកើតឡើង ក្នុងនោះសម្តេចថែមទាំងស្តីបន្ទោសយ៉ាងធ្ងន់ៗ ទៅកាន់លោកអភិបាលខេត្តមណ្ឌលគិរី ឲ្យយកចិត្តទុកដាក់ ក្នុងការបង្ក្រាប និងទទួលខុសត្រូវ ប្រសិនបើមានបទល្មើសព្រៃឈើកើតឡើង ៕ សុខ ខេមរា