បែកធ្លាយរឿងលោក ផ្កាយ២ ឃិន ម៉េងស្រេង ចាប់បង្ខំនារីបម្រើការងារនៅ KTV ទៅគេង នាងមិនព្រមប្រើ ហិង្សាទះកំផ្លៀង ដាល់ក្បាលពោះសន្លប់ ,យុត្តិធម៌សម្រាប់នាងគឺគ្មាន

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ រឿងមិនគួរកើតទាល់តែសោះ នូវភាពមិនថ្លៃថ្នូរ ខ្វះសីលធម៌ពីនាយទាហានជាន់ខ្ពស់ដែល មានចរឹកមិនសមរម្យ ប្រើងហិង្សាទៅលើស្ត្រី ដោយអំណាចឥទ្ធិពល តួនាទី អំណាចទឹកលុយ និងយកទម្លាប់ វប្បធម៌ក្រៅប្រព័ន្ធច្បាប់មកអនុវត្តនោះ  ។

គួររំឭកថា កាលពីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ នៅក្លឹប KTV យីហោ «បុប្ផាឦសាន្ត» ស្ថិតនៅភូមិចម្ការតែសង្កាត់ ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នៅបន្ទប់ (ដំណាក់ស្តេច) មានស្ត្រីជាអ្នកបម្រើការងារផ្នែក KTV ម្នាក់ឈ្មោះ បុប្ផា ហៅ ស្មល បានរងនូវកណ្តាប់ដៃរបស់ភ្ញៀវដែល ជានាយទាហានជាន់ខ្ពស់គឺលោកឧត្តម សេនីយ៍ទោ ឃិន ម៉េងស្រេង អត្តលេខ០១៨៥៩០ មុខងារជានាយរងការិយាល័យទី២ កងទ័ពជើងគោក បច្ចុប្បន្នត្រូវបានថ្នាក់លើបញ្ជូន មកធ្វើការជានាយទាហានទីចាត់ការបុគ្គលិកអគ្គបញ្ជាការដ្ឋាន បន្ទាប់ពីមានលេច ឮមិនប្រក្រតីយកលិខិត បេសកកម្មទៅធ្វើសកម្មភាពបម្រើឲ្យផែ្នកបទល្មើសព្រៃឈើកន្លងទៅនោះ ។

ប្រភពគួរឲ្យជឿទុកចិត្តបានបង្ហើបថា នៅយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៨ ក្រោយការបញ្ចប់ការច្រៀងរាំលេង កម្សាន្តក្នុងក្លឹបយីហោ «បុប្ផាឦសាន្ត» នៅបន្ទប់ដំណាក់ស្តេច លោកផ្កាយ២ ឃិន ម៉េងស្រេងអាចពុះកញ្ជ្រោល នឹងស្នេហ៍ក្រៅឆាក ក៏បង្ខំនារីបម្រើការងារផ្នែក KTV ដោយចាប់បង្ខំទៅគេងជាមួយ និងថាខ្លួនសុខចិត្តប្រគល់ ប្រាក់ចំនួន៣០០ដុល្លារ ។ ប៉ុន្តែនារីរូបនោះមិនព្រមទទួលប្រាក់ មិនយល់ព្រមចំពោះអំពើដ៏មិនគម្បីនេះ ទើបបង្ខំ ឲ្យលោកផ្កាយ២ ឃិន ម៉េងស្រេង ខឹងច្រឡោត ស្រែកដៀលជេរប្រមាថ មាក់ងាយចាប់នាងទាំងកំរោល ក្លាយ ទៅជាការប្រទុស្តសាយស្រែករើបម្រាស់ពីនារីបម្រើការងារផ្នែក KTV ទើបលោកផ្កាយ២ ឃិន ម៉េងស្រេង ទះកំផ្លៀងមួយដៃ និងដាល់ចំក្បាលពោះ បណ្តាលឲ្យនាងដួលសន្លប់ ។ ដោយឡែកជន​បង្ក ក៏បានគេចខ្លួនពី  កន្លែងកើតហេតុ និងមិនមានការឃាត់ខ្លួនជួយអន្តរាគមន៍ណាមួយទៅលើជនរងគ្រោះ ដោយសារលោកផ្កាយ២ ឃិន ម៉េងស្រេង អតីតមេយោធាខេត្តមណ្ឌលគិរី មានអំណាច មានលុយ ស៊ីចាយសប្បាយ សម្តីយកមេឃទ្រាប់ គូទអង្គុយ តាមរយៈចំណូលដែលបានមកពីបទល្មើសព្រៃឈើ ។

ប្រភពខាងលើបន្តថា ក្រោយកើតហេតុជនរងគ្រោះឈ្មោះ បុប្ផា ហៅស្មល ក៏បានដាក់ពាក្យបណ្តឹងទៅនគរបាល  ​ព្រហ្មទណ្ឌខេត្ត ដែលមានលោក សូ សុវណ្ណ ស្នងការរង ទទួលផែនព្រហ្មទណ្ឌចាត់ការក្នុងរឿងនេះ ។ ប៉ុន្តែជា លទ្ធផល រឿងដ៏អាប់ឱនកិត្តិយស និងមាក់ងាយជាមួយហិង្សាមកលើស្ត្រីរងគ្រោះ បង្កឡើងដោយលោកផ្កាយ២ ឃិន ម៉េងស្រេង មិនត្រូវបានដំណើរការនីតវិធី ។ មកទល់បច្ចុប្បន្ននេះ ជនរងគ្រោះមិនទាន់ទទួលបានយុត្តិធម៌ឬ ដោះស្រាយសម្របសម្រួលតាមរយៈសំណងជំងឺចិត្ត រដ្ឋប្បវេណី ក៏ដូចជាមន្ត្រីនគរបាលយុត្តិធម៌ ធ្វើកំណត់ហេតុ ស្តាប់ចម្លើយជនរងគ្រោះ ដើម្បីៀសំយោគបទល្មើសបញ្ជូនទៅកាន់អយ្យការ តាមនីតិវិធីនៅឡើយទេ ។

លោក សូ សុវណ្ណ ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ បានប្រាប់អង្គភាពនគរ វត្តតាមទូរស័ព្ទយ៉ាងដូច្នេះផងដែរថា «តាមពិតៗជាមានរឿងនេះកើតមាន ប៉ុន្តែភាគីខាងជនរងគ្រោះ នារីបម្រើ ការងារផ្នែក KTV មិនបានដាក់ពាក្យបណ្តឹងទេ គាត់គ្រាន់តែទូរស័ព្ទប្រាប់ពីរឿងហេតុខាងលើ ហើយក៏មានករណី សម្របសម្រួលបញ្ចប់រឿងនេះយូរមកហើយ ។

លោកស្នងការរងបន្តថា តាមពិតរឿងនេះ កើតឡើងឮដោយសារលោក ឃិន ម៉េងស្រេង គាត់ស្រវឹង ក៏ជ្រុលជ្រួស បន្តិចបន្តួចទៅលើស្ត្រីខាងលើ ហើយមិនមែនជារឿងធ្ងន់ធ្ងរទេ ។ ម្យ៉ាងទៀតជនរងគ្រោះក៏បានបញ្ចប់ឈប់ប្តឹង ផ្តល់តាមរយៈសម្របសម្រួល ទើបបញ្ចប់រឿងនេះទៅ ។

ដោយឡែកលោកឧត្តមសេនីយ៍ទោ ឃិន ម៉េងស្រេង នាយរងការិយាល័យទី២កងទ័ពជើងគោក នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ លោកបានបដិសេធក្នុងរឿងនេះ តាមទូរស័ព្ទជាមួយអង្គភាពនគរវត្តដ្រេហ្គន លោកបានបញ្ជាក់ថា ខ្ញុំ ឯណាទៅប្រព្រឹត្តអំពើថោកទាបបែបនេះ កុំជឿគេអី គេចេះតែធ្វើបាបខ្ញុំ រករឿងខ្ញុំមិនចេះចប់ ហើយខ្ញុំឯណាទៅ មានលុយម្តងដល់ទៅ៣០០ឲ្យទៅគេ ។ ដូច្នេះ សូមកុំយល់ច្រឡំក្នុងរឿងនេះអី ។

លោកបន្តថា បើខ្ញុំបានប្រព្រឹត្តដូចអី្វដែលគេលើកឡើងនោះ ខ្ញុំប្រាកដជាត្រូវគេចាប់បាត់ទៅហើយ មិនមានបញ្ហា អីកើតឡើងមកទល់ពេលនេះទេ ។

សូមបញ្ជាក់ផងដែរថា បញ្ហាលោកផ្កាយ២ ឃិន ម៉េងស្រេង អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងមណ្ឌល គិរី ត្រូវបានលេចឮថា ថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ បានសើររើឡើងវិញនូវរឿងរ៉ាវកន្លងទៅ ដែលបានជាប់ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ តាមគណៈកម្មការបង្គ្រប់កិច្ចដែលទើបបង្កើតឡើងថ្មីៗនេះ ។​ដូច្នេះ រឿងរ៉ាវទាំងអំបាលមាណ ក៏ដូចជាការបង្កហិង្សាលើស្ត្រីបម្រើនៅ KTV ទោះជាករណីដំណើរការនីតិវិធី ត្រូវបាន យឺតយូរ ឬត្រូវបានបំបិទចោល ក៏អាចឈានដល់ការសើររើឡើងវិញ ខណៈគាត់មានឈ្មោះអាស្រូវច្រើន ៕  សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print