ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បុរសម្នាក់ដែលត្រូវបានគេដឹងថាជាប្ដីរបស់ស្រ្ដីដែលបាន សម្រាលកូនស្លាប់ស្លាប់នៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ បានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគបាលស្រុកអន្លង់វែង ឲ្យជួយរកយុត្តិធម៌ និងសងជំងឺចិត្តមួយម៉ឺនប្រាំពាន់ដុល្លារ ។
បុរសជាប្ដីរបស់ស្រ្ដីរងគ្រោះ ដែលបានដើរដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ឈ្មោះ ហេង ខេង អាយុ៣៧ឆ្នាំ រស់នៅភូមិថ្មី ឃុំត្រពាំងប្រាសាទស្រុកត្រពាំងប្រសាទ ខេត្តឧត្ដរមានជ័យ ជនរងគ្រោះជាស្ដ្រីសម្រាលកូនដែលបានស្លាប់បាត់បងជីវិតឈ្មោះ ឃឿម សុធា ភេទស្រី អាយុ២៨ឆ្នាំ ។
បុរសជាប្ដីបានឲ្យដឹងថា ប្រពន្ធរបស់គាត់ឈឺពោះគ្រប់ខែដឹកមកសំរាកកូននៅមន្ទីពេទ្យបង្អែកស្រុកអន្លងវែងនៅភូមិអូរចិញ្ជៀន ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ដល់វេលាម៉ោង១រំលងអាធ្រាត្រ ក៏សម្រាលកូនរួចបានធ្លាក់ឈាមរហូតដល់ម៉ោង៣និង៣០នាទីយប់បានស្លាប់ បន្សល់ទុកតែទារករស់បាត់បង់ម្តាយ ។
បុរសជាប្ដីបានបញ្ជាក់បន្ថែមថា ក្រោយប្រពន្ធរបស់គាត់សំរាកកូនរួចនិងមានអាការ:ធ្លាក់ឈាមខ្លាំង បែរជាក្រុមគ្រូពេទ្យមិនបានបញ្ជូនសង្គ្រោះបន្ទាន់ទៅខេត្តសៀមរាបទេ ដែលរូបគាត់ជាប្ដីសុំឲ្យបញ្ជូនសង្គ្រោះបន្ទាន់ទៅពេទ្យបង្អែកខេត្តសៀមរាប ដោយក្រុមគ្រូពេទ្យឆ្លើយថាអត់មានរថយន្ដសង្គ្រោះបន្ទាន់ទេ រួចទុកអ្នកជំងឺឲ្យហូរឈាមឡើងខ្ខ្សោះរយៈពេល៣ម៉ោង ទើបប្រពន្ធគាត់ដាច់ខ្យល់ស្លាប់បាត់បង់ជីវិតតែម្ដងទៅ ។ នៅក្នុងពាក្យបណ្តឹងដាក់ ជូនអធិការដ្ឋាននគបាលស្រុកអន្លង់វែងសរសេរថា «សូមឲ្យសមត្ថកិច្ចជួយរកយុត្តិធម៌ និងឲ្យពេទ្យបង្អែកស្រុកអន្លង់វែងសងជំងឺចិត្ត១ម៉ឺន៥ពាន់ដុល្លារ» ។
លោក ឃ្លោ ហួត ប្រធានមន្ទីសុខាភិបាលខេត្តឧត្ដរមានជ័យ បានឲ្យដឹងតាមទូស័ព្ទថា ខាងការិល័យស្រុកអន្លង់វែងបានផ្ដល់ព័ត៌មានតាំងតែពីយប់ថ្ងៃកើតហេតុ ហើយការសម្រាលកូនខាងក្រុមគ្រូពេទ្យបានសម្រាលតាមបច្ចេក ទេស តែលក្ខណៈធម្មជាតិមួយការកន្ត្រាក់របស់ស្បូនវាខ្សោយ ក្រុមគ្រូពេទ្យខិតខំជួយអស់ពីលទ្ធភាពទាំងការឃាត់ឈាម និងថ្នាំកន្រ្តាក់ដៃស្បូន។
លោកបានបញ្ជាក់បន្ដរថា វាជាភាពចៃដន្យ ព្រោះជំងឺនេះ វាបានកើតមានក្នុងចំណោមស្រ្ដី១០ម៉ឺននាក់ ត្រូវស្លាប់អស់១៧៤នាក់ កាលពីឆ្នាំមុន វាបានកើតមានចំនួន៩ករណី ។ រីឯឆ្នាំនេះវាបានកើតមាន៩ករណីដូចគ្នាដែរ ។
លោក ឃ្លោ ហួត បញ្ជាក់បន្ថែមថា លោកគ្មានសមត្ថភាពឯណាទៅសងជំងឺចិត្តដល់រាប់ម៉ឺនដុល្លារទេ ព្រោះជាការបម្រើសេវាសាធារណៈ។
ចំពោះសព ក្រុមគ្រូពេទ្យក៏បានដឹកមកដល់ផ្ទះក្រុមគ្រួសារ ដើម្បីរៀបចំតម្កល់ទុកធ្វើបុណ្យ និងបូជាតាមប្រពៃណី ៕ ប៉ែននួន