ក្រោយរយៈពេលជាងមួយសប្តាហ៍កន្លងមក នៅរសៀលថ្ងៃទី២៥ ខែវិច្ចិកា ឆ្នាំ២០១៥ ការប្រកួតប្រណាំងទូកងរបស់ពលរដ្ឋខ្មែរនៅខេត្តសុកត្រាំង (ខេត្តឃ្លាំង) លើកទីពីរបានបញ្ចប់ទៅដោយជោគជ័យ និងការបញ្ចប់ពិធីបុណ្យប្រពៃណីដែលមានសកម្មភាពកម្សាន្តសប្បាយរីករាយជាច្រើន ទាក់ទាញពលរដ្ឋជាច្រើនទាំងក្នុង និងក្រៅប្រទេសមកចូលរួម។
នៅក្នុងពិធីប្រកួតប្រណាំងទូកងឆ្នាំនេះ មានការប្រកួតវិលជុំចំនួន៨៩លើក របស់ទូកងមកពីខេត្តក្រុងផ្សេងៗ ក្នុងនោះមានទូកងបុរស៤៥ទូក និងទូកងស្ត្រី៨ទូក។ ទូកងមកពីទីរួមស្រុកកាងឡុង ខេត្តត្រាវីញ ដែលមានឈ្មោះថា ទូកកាងឡុង ជាថ្មីម្តងទៀតទទួលបានពានរង្វាន់លេខមួយ ដោយយកឈ្នះលើទូកងខ្លាំងៗជាច្រើននៅក្នុងខេត្តសុកត្រាំង។ ទូកងវត្តពងទឹកចាស់ ឈរលំដាប់លេខពីរប៉ុណ្ណោះ ដោយកាលពីឆ្នាំទៅឈរលំដាប់លេខមួយ។ ទូកងលេខ៣បានទៅលើទូកងវត្តបឹងទន្សា ។
ចំពោះការប្រណាំងទូកស្ត្រីវិញ មាន៨ទូកមកពីខេត្តពលលាវ ហូវយ៉ាង និងសុកត្រាំង បានចូលរួមនៅក្នុងឆ្នាំនេះ។ នៅក្នុងការប្រកួត១៨លើកយ៉ាងស្វិតស្វាញមិនចាញ់ក្រុមទូកងបុរសនោះឡើយ លទ្ធផល ទូកស្ត្រីមកពីស្រុកឡុងមី ខេត្តហូវយ៉ាងទទួលបានលេខ១។ ទីពីរទូកងមកពីខេត្តពលលាវ មកពីស្រុកងាងយឿ ទទួលបានលេខ២ និងទីបីទូកមកពីវត្តពោធិ ខេត្តសុកត្រាំងទទួលបានលេខ៣ ។
ពានរង្វាន់សម្រាប់ការប្រកួតឆ្នាំនេះខ្ពស់ជាងឆ្នាំមុនៗ ដោយជ័យលាភីលេខ១ទទួលបាន៥០លានដុង លេខ២ទទួលបាន៤០លានដុង និងលេខ៣ទទួលបាន៣០លានដុង និងលេខ៤ ទទួលបាន១០លានដុង។ ក្រៅពីនេះនៅមានរង្វាន់ផ្សេងៗជាច្រើនទៀតគិតជាទឹកប្រាក់រាប់សិបលានដុង ។
ពិធីបុណ្យឆ្នាំនេះ មានសកម្មភាពកម្សាន្តជាច្រើនដូចជា ពិធីតាំងពិពណ៌ ពិធីប្រកួតធ្វើម្ហូប របស់ជនជាតិទាំង៣ ខ្មែរ វៀតណាម ចិន និងលេងល្បែងប្រជាប្រិយ ច្រៀនរាំជាដើម។ អ្វីដែលមិនអាចខ្វះបាននោះគឺសកម្មភាពបណ្តែតប្រទីប និងសែនព្រះខែ…។ ការបណ្តែតប្រទីបក៏ជាការប្រកួតប្រជែងមួយដែរ បើប្រទីបណា ស្រស់ស្អាតជាងគេ ទទួលបានរង្វាន់យ៉ាងអាធិកអាធម្មទៀតផង ៕
ប្រែសម្រួល៖ ម៉ែវ សាធី