ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច ខណះមានលោក ឧត្តមសេនីយ៍ត្រី (យោធា) ផ្កាយ១ម្នាក់ ជិះម៉ូតូហុងដាឌ្រីម ទៅបុករថយន្តហុីយ៉ាន់ដាយកំពុងបត់ឆ្លងផ្លូវចំពីចហៀងពេញទំហឹង បណ្ដាលឲ្យបោកក្បាលនិងរថយន្តស្លាប់ភ្លាមៗនៅនិងកន្លែង កាលវេលាវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី២៤ ខែមករា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវ៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពមានឈ្មោះ ម៉ន ឡុន ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរ (យោធា) មានឋានៈថ្នាក់ឧត្តមសេនីយ៍ត្រី កងឯកភាព សេនាធិការដ្ឋានកងអន្តរាគមន៍ អគ្គបញ្ជាការ មានទីលំនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GS-7033 ។ ចំណែក តៃកុងឡានមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ ។ ដោយបើករថយន្តម៉ាក់HYUNDAI ពណ៌ទឹកប្រាក់ ឆ្នូតក្រហមលាយខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A-1851 ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្ត ម៉ាក់HYUNDAI ធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ទិសដៅពីជើងមកត្បូង ខណះមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងឆ្លងផ្លូវបំរុងចូលរោងចក្រ តែដោយសាររោងចក្របិតទ្វា រថយន្តខាងលើក៏រយ៉ែថយក្រោយវិញ ស្របពេលជនរងគ្រោះជិះម៉ូតូម្នាក់ឯងយ៉ាងលឿង ទិសដៅពីត្បូងមកជើង ហើយបុករថយន្ត ម៉ាក់ HYUNDAI ពីចហៀងកន្ទុយក្រោយពេញទំហឹង បណ្ដាលឲ្យបុរសរងគ្រោះខាងលើបោកក្បាល ផុងលលារ ស្លាប់ភ្លាមៗនៅនិងកន្លែង ចំណែកម៉ូតូអូសចេញពីរថយន្តប្រហែល២០ម៉ែត្រ ។
ក្រោយកើតហេតុភ្លាមៗ តៃកុងរថយន្ត HYUNDAI បានចុះគេចខ្លួនបាត់ស្រមោល ទើបមានសមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងទាក់ទងទៅជំនាញមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមក្រោយ ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ ភារ៉ា ដង្កោ