ខេត្តព្រៃវែង ៖ បុរសម្នាក់ទៅឆក់ត្រីម្នាក់ឯងដោយសារបាត់យូរមិនឃើញមកផ្ទះវិញប្រពន្ធមានការសង្ស័យ ក៏បបួលបងប្អូនញាតិជិតខាងជួយរកមើល ហើយពេលដល់ចំណុចកើតហេតុឃើញលុយនិងបារីអណ្តែតទឹកក៏នាំគ្នាចុះរាវរកស្រាប់ស្រាប់តែប្រទះឃើញសពប្តីក្នុងត្រពាំងទឹក បង្កការភ្ញាក់ផ្អើលទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៤៥នាទីយប់ ថ្ងៃសុក្រ ៥ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅត្រង់ចំណុចត្រពាំងអាលាងស្ថិតនៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។
ជនរងគ្រោះមានឈ្មោះ ខេង ស្រេង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិព្រៃកំពែង ឃុំព្រៃកណ្តៀង ស្រុកពាមរក៍ខេត្តព្រៃវែង ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានស្ពាយឧបករណ៍ឆក់ត្រីចេញពីផ្ទះម្នាក់ឯង ដើម្បីទៅរកឆក់ត្រីនៅត្រពាំងមួយឆ្ងាយពីភូមិ។ រហូតដល់ម៉ោងជាង៦យប់ទៅហើយប្រពន្ធមិនឃើញប្តីត្រឡប់មកវិញក៏មានការសង្ស័យ ហើយបានបបួលបងប្អូននិងញាតិជិតខាងឲ្យជួយដើររកមើល។រហូតដល់ ម៉ោង៩និង៤៥នាទីយប់ ពេល ដើររកដល់ត្រពាំងអាលាង ត្រង់ចំណុចកន្លែងកើតហេតុខាងលើប្រពន្ធជនរងគ្រោះ បានឃើញលុយនិងបារីប្តីកំពុងអណ្តែតទឹកក្នុងត្រពាំងមានការសង្ស័យបាននាំគ្នាចុះរាវរក ហើយក៏ប្រទះឃើញសាកសពនៅក្នុងត្រពាំងក៏នាំគ្នាលើកដាក់នៅលើគោករួចដឹកសាសពមកផ្ទះតែម្តង។
លុះដល់ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៧ព្រឹកទើបក្រុមគ្រួសារបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យសាកសព។ ឆ្លងតាមការពិនិត្យសាកសពរបស់គ្រូពេទ្យមណ្ឌលសុខភាពព្រៃកណ្តៀងនិងសមត្ថកិច្ចជំនាញបានសន្និដ្ឋានថាជនរងគ្រោះ ស្លាប់ដោយសារឆក់ត្រីខុសបច្ចេកទេសបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ រួចបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕