ខេត្តឧត្តរមានជ័យ ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ (ខ្លាឃ្លោក) មួយកន្លែងដោយបានឃាត់ខ្លួនស្ត្រីចំនួន៦នាក់ ដែលកំពុងនាំគ្នាអ៊ុតខ្លាឃ្លោកយកទៅព្រមាននិងអប់រំកុំឲ្យធ្វើបែបនេះទៀត គួរតែអាណិតប្តី និងកូនៗរង់ចាំហូបបាយនៅឯផ្ទះ ។
មន្រ្តីនគរបាលស្រុកចុងកាល់បានឲ្យដឹងថា ការបង្រ្កាបល្បែងខ្លាឃ្លោកមួយកន្លែងនេះ ប្រព្រឹត្តទៅកាលពីព្រឹក ថ្ងៃអាទិត្យ ៧ រោច ខែបុស្ស ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ មករា ឆ្នាំ២០១៩ នៅចំណុចភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ។
ប្រភពដដែលបានឲ្យដឹងទៀតថា នៅទីតាំងខាងលើនេះបានបើកលេងល្បែងខ្លាឃ្លោកយូរមក ហើយដោយមិនមានសមត្ថកិច្ចណាទៅបង្ក្រាបម្តងណាឡើយ។ ថ្មីៗនេះមានបុរស៣ទៅ៤នាក់ ទៅប្តឹងសមត្ថកិច្ចថា ប្រពន្ធរបស់ពួកគាត់វក់នឹងល្បែងខ្លាឃ្លោកខ្លាំងណាស់រហូត ភ្លេចដាំបាយទឹកឲ្យប្តី កូនហូប និងខ្លះទៀតចាញ់អស់លុយដែលប្តីទុកឲ្យទៅផ្សារទិញម្ហូបនោះទៀតផង។
បន្ទាប់ពីទទួលពាក្យបណ្តឹងនេះភ្លាម ទើបសមត្ថកិច្ចចេញទៅបង្រ្កាប តែគួរឲ្យស្តាយប្រុសៗដឹងខ្លួនទាន់នាំគ្នារត់គេចខ្លួនបាត់អស់ នៅតែស្រ្តី៦នាក់មានវ័យចំណាស់និងខ្លះទៀតពោះធំរត់ មិនរួចក៏ត្រូវឃាត់ខ្លួនយកទៅព្រមាននិងអប់រំតែម្តង។ ជាមួយនោះដែរសមត្ថកិច្ចដកហូតវត្ថុតាងរួមមានគ្រាប់ខ្លាឃ្លោកចំនួន៦គ្រាប់ ផ្តិលគ្របចំនួន២ កញ្ច្រែងចំនួន២ និងក្រដាសសម្រាប់ចាក់ខ្លាឃ្លោកចំនួន២ផ្ទាំងផងដែរ ។
យ៉ាងណាករណីខាងលើនេះ សមត្ថកិច្ចបានត្រឹមធ្វើការអប់រំណែនាំ និងធ្វើកិច្ចសន្យា ដើម្បីឱ្យស្រ្តីទាំង៦នាក់បញ្ឈប់ការប្រព្រឹត្តបែបនេះជាបន្តទៅទៀត ទើបអនុញ្ញាតឲ្យពួកគាត់ទៅផ្សាររកទិញម្ហូបជាធម្មតាវិញ ៕