ភ្នំពេញ៖ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ អំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរដែលមានវត្តមានក្នុងប្រទេសថៃទាំងអស់ មេត្តាថែរក្សាសុខភាព និង ប្រុងប្រយ័ត្នខ្ពស់ ដោយពាក់ម៉ាសការពារប្រភេទ N95 ។
នេះបេីយោងតាមសេចក្ដីជូនដំណឹង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ របស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំព្រះរាជាណាចក្រថៃ ។
ទូតកម្ពុជា បញ្ជាក់ថា ខ្យល់កខ្វក់ PM 2.5 ដែលភាគល្អិតនៃធូលីមានទំហំតូចជាង ២,៥មីក្រូម៉ែត្រ ហើយត្រូវចាត់ទុកថា មានគ្រោះថ្នាក់បំផុត ដោយសារទំហំដ៏តូចរបស់វាអាចចូលជ្រៅទៅក្នុងសួត និង ប៉ះពាល់សរីរាង្គផ្សេងទៀត ។
ទាក់ទងបញ្ហានេះ រាជរដ្ឋាភិបាលប្រទេសថៃប្រកាសឱ្យសាលារៀន និង គ្រឹះស្ថានអប់រំមួយចំនួនបិទដំណើរការជាបណ្តោះអាសន្នក្នុងគោលបំណងការពារសុវត្ថិភាព សុខភាព សិស្សនិស្សិតទាំងអស់ ។
ដោយឡែក នៅថ្ងៃទី៣ ខែកុម្ភៈ នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន សរសេរតាមបណ្ដាញសង្គមហ្វេសប៊ុក ថា “ស្រុកថៃពេលនេះ ក៏សំបូរអ្នកវិភាគឯករាជ្យដូចស្រុកខ្មែរដែរ ព្រោះទើបឃើញអ្នកវិភាគថៃមួយបាននិយាយថា អាកាសធាតុកខ្វក់នៅបាងកកគឺបណ្តាលមក……ពីអ្នកស្រែស្រុកខ្មែរដុតចំបើងតាមស្រែទេ ។ ស្វាគមន៍ សម័យអ្នកវិភាគឯករាជ្យដ៏រុងរឿង ! “៕ចេស្តា