ភ្នំពេញ៖ប្រភពព័ត៌មាន បញ្ជាក់ថា លោកយិន ហេង ហៅចំប៊ីខ្មៅ ជាប្រុសខ្ទេីយ ដែលប្រមាថពូជខ្មែរថាជាពូជតិរច្ឆាន និង ពាក្យអសុរសជាច្រើនទៀត នឹងត្រូវនគរបាលខណ្ឌដូនពេញ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ នេះ ដេីម្បីចាត់ការតាមច្បាប់ ។
ប្រុសខ្ទេីយចំប៊ីខ្មៅ ត្រូវបានសមត្ថកិច្ចចម្រុះ ចាប់ខ្លួនកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ក្នុងខណ្ឌដូនពេញ បន្ទាប់ពីផ្ទុះប្រតិកម្មយ៉ាងខ្លាំងក្លាពីមហាជន អំពីការប្រមាថពូជខ្មែរថាជាពូជតិរច្ឆាន និង ពាក្យអសុរសជាច្រើនទៀត ។
សូមបញ្ជាក់ថា លោក ហ៊ាង គឹមស្រឿន អ្នកវិភាគនយោបាយនិងជាអ្នកឃ្លាំមើលការអនុវត្តព្រឹត្តិការណ៍សង្គម កាលល្ងាចថ្ងៃទី៥ ខែកុម្ភៈ ម្សិលមិញ ក៏បានប្តឹងលោក យិន ហេង ហៅចំប៊ីខ្មៅ ចូលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ករណីប្រមាថពូជខ្មែរជាពូជតិរច្ឆាន ។
លោក ហ៊ាង គឹមស្រឿន ថ្លែង ថា សម្តីរបស់លោក យិន ហេង បានធ្វើឱ្យប៉ះពាល់ដល់អង្គព្រះមហាក្សត្រ ព្រោះថាព្រះអង្គក៏ជាពលរដ្ឋខ្មែរមួយរូបផងដែរ ។
លោកស្នើតុលាការផ្តន្ទាទោសលោក យិន ហេង តាមច្បាប់ ៕ចេស្តា