ខេត្តកំពង់ឆ្នាំង ៖ អ្នកទេសចរណ៍ជាច្រើននាក់ដែលកំពុងលេងសប្បាយជាមួយនិងទេសចរណ៍ធម្មជាតិទឹកធ្លាក់ បាននាំគ្នារត់ចែកជើងគ្នា ក្រោយពីមន្រ្តីយោធាពាក់សក្តិ៥ម្នាក់បានទាញកាំភ្លើងខ្លីបាញ់ចំនួន៤គ្រាប់ ។ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាវេលាម៉ោង ២ និង ៣០ នាទីរសៀលព្រហស្បតិ៣កើត ខែមាឃឆ្នាំចរ សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅតំបន់ទេសចរណ៍ទឹកធ្លាក់ស្រែអំពិល ស្ថិតក្នុងភូមិក្តុល ឃើញក្តុលសែនជ័យ ស្រុកទឹកផុសខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចបានអោយដឹងថា ទាហានពាក់ស័ក្តិ៥ ដែលបាញ់បោះសេរីនេះ មានឈ្មោះ រ៉េន រិទ្ឋី មានតួនាទីជា អធិការកិច្ចក្រសួងការពារជាតិ ។
ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងហេតុការណ៍នោះបានអោយដឹងថា គេឃើញបុរសម្នាក់នោះបានផឹកស៊ីឡើងស្រវឹងជោគជាំ មិនដឹងជាយ៉ាងដូចម្តេចស្រាប់តែបានទាញកាំភ្លើងខ្លី កា៥៤ បាញ់ចំនួន៤គ្រាប់ ផ្ទុះអស់បីគ្រាប់ ធ្វើឲ្យភ្ញៀវទេសចរណ៍នៅតំបន់នោះដែលកំពុងតែលេងទឹកសប្បាយនោះនាំគ្នារត់ចែកជើងគ្នា ខ្លះរត់ឡើងមកលើគោកសំដៅចូលរថយន្ត ខ្លះរត់ចូលក្នុងព្រៃ ហើយអ្នកផ្សេងទៀត ក៍ឡើងរថយន្តរួចចេញដំណើរពីតំបន់ កំសាន្តនេះតែម្តងទៅ ។
ក្រោយពេលកើតហេតុភ្លាមៗ ប្រជាការពារ និង សហគមន៍ទេសចរណ៍ រួមនិងសមត្ថកិច្ចដែលប្រចាំការនៅទីនោះ បានតាមចាប់បុរសដែលជាទាហានសក្តិ៥នេះបញ្ជូន មកអធិការដ្ឋាន នគរបាលស្រុកទឹកផុសដើម្បីចាត់ការបន្តតាមនីតិវិធី ។
ពាក់ព័ន្ធនិងករណីនេះប្រធានការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ប្រាប់នៅយប់ថ្ងៃទី៧ កុម្ភៈ ថា ទាហានដែលបាញ់បោះសេរីនេះ នគរបាលស្រុកទឹកផុសនៅមិនទាន់បញ្ជូនមកនៅឡើយនោះទេ ។ ចន្ថា