ខេត្តព្រះវិហារ ៖ ខឹងខុសខឹងខាត ទីបំផុតជម្រកសម្រាប់ស្នាក់នៅទាំងអស់គ្នាត្រូវបានរលាយមួយប៉ព្រិចភ្នែក ខណៈគ្រួសារមួយមានទំនាស់ប្រពន្ធខឹងប្តីចូលចិត្តសុំប្រពន្ធទៅដើរលេងបុណ្យភូមិនៅពេលយប់ ក៏យកប្រេងសាំងចាក់ដុតម៉ូតូធ្វើឲ្យឆេះរាលដាលឆេះផ្ទះតែម្តង ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
គេរាយការណ៍ថា ក្នុងហេតុការណ៍នោះបណ្តាលឲ្យមនុស្ស៣នាក់បានរងរបួសធ្ងន់ស្រាល ដោយសាររលាកភ្លើង ចំណែកផ្ទះ និងសម្ភារៈមួយចំនួនទៀត ត្រូវបានភ្លើងឆេះអស់ បន្ទាប់ពីកើតមានទំនាស់ក្នុងគ្រួសារ ។
មន្ត្រីនគរបាលស្រុកបានបញ្ជាក់ថា មុនពេលកើតហេតុបុរសជាប្តី បានសុំប្រពន្ធទៅដើរលេងបុណ្យភូមិនៅពេល យប់ ប៉ុន្តែប្រពន្ធមិនឲ្យទៅក៏កើតជាទំនាស់ឡើង ធ្វើឲ្យប្រពន្ធខឹងយកប្រេងសាំងទៅដុតម៉ូតូ បណ្តាលឲ្យឆេះ រាលដល់ផ្ទះ និងមនុស្ស៣នាក់រងរបួសធ្ងន់ស្រាលផងដែរ។
នគរបាលបន្តថា ជនរងគ្រោះដោយសារភ្លើងឆេះ ឈ្មោះ យ៉ែម សុខហៃ ភេទប្រុស អាយុ២៤ឆ្នាំជាប្តីរងរបួសធ្ងន់, ឈ្មោះ គឹម ចិន្តា ភេទស្រី អាយុ៣៨ឆ្នាំ ជាប្រពន្ធរងរបួសធ្ងន់ និងឈ្មោះ គឹម សាន់ ភេទស្រី អាយុ៦៦ឆ្នាំ ជាម្តាយក្មេករងរបួសស្រាល រស់នៅភូមិឃុំខាងលើ ។ ចំពោះសម្ភារៈដែលខូចខាតរួមមាន ៖ ម៉ូតូមួយគ្រឿង ផ្ទះទំហំ៧គុណ៨ម៉ែត្រ កូនក្រឡឹង៥០គ្រាប់ ម៉ាស៊ីនព្រីនមួយឈុត ស្រូវ២បេ លុយខ្មែរ៥លានរៀល និងសម្ភារៈ មួយចំនួនទៀតសរុបប្រហែល៤០លានរៀល ៕ ដោយ ៖ វណ្ណៈ