Viber បើកដំណើរការសេវាតភ្ជាប់ទំនាក់ទំនងសម្រាប់អាជីវកម្មនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ មធ្យោបាយភ្ជាប់ទំនាក់ទំនងដ៏រលូនរបស់ វ៉ាយប័រ (Viber) ទាំងតាមទូរស័ព្ទដៃ និង កុំព្យូទ័រ ផ្តល់ជូនក្រុមហ៊ុន ស្ថាប័ន និង អង្គការនានា នូវមធ្យោបាយដ៏ល្អបំផុតសម្រាប់តភ្ជាប់ទំនាក់ទំនងគ្នាអំពីការងារផ្ទៃក្នុងនិងការងារខាងក្រៅស្ថាប័នផងដែរ។ នេះគឺជាការអះអាងរបស់ក្រុមហ៊ុន រ៉ាឃូធែន វ៉ាយប័រ (Rakuten Viber) ដែលបានថ្លែងទៅកាន់ភ្ញៀវដែលបានចូលរួមពិធីផ្សព្វផ្សាយសេវាViberសម្រាប់អាជីវកម្ម ឬ Viber for Business របស់ក្រុមហ៊ុន នៅឯអគារ រេនធ្រី (Raintree) ក្នុងរាជធានីភ្នំពេញនាថ្ងៃនេះ។

កម្មវិធីភ្ជាប់ទំនាក់ទំនងរបស់Viberនេះ គឺមានអ្នកប្រើប្រាស់រហូតដល់ទៅជាង 1 ពាន់លាននាក់ នៅទូទាំងពិភពលោក ហើយក្នុងនោះអ្នកប្រើប្រាស់នៅកម្ពុជាជិត 2 លាននាក់ កំពុងទទួលបានអត្ថប្រយោជន៍ពីសេវាដ៏ងាយស្រួលនិងមានសុវត្ថិភាពរបស់ក្រុមហ៊ុន។ នេះបើយោងតាមប្រធានផ្នែកអភិវឌ្ឍន៍អាជីវកម្មរបស់ក្រុមហ៊ុន Viber ប្រចាំតំបន់អាស៊ីអាគ្នេយ៍ លោក អានូបាវ នេយ៉ា (Anubhav Nayyar)“Viberផ្តល់ជូននូវបទពិសោធន៍ភ្ជាប់ទំនាក់ទំនងដ៏មានសុវត្ថិភាពនិងសាកសមសម្រាប់គ្រប់ក្រុមហ៊ុនទាំងអស់ដែលមានបំណងចង់តភ្ជាប់ទំនាក់ទំនងជាមួយអតិថិជននិងបុគ្គលិករបស់ពួកគាត់។ អនាគតនៃការតភ្ជាប់ទំនាក់ទំនងដើម្បីអាជីវកម្ម គឺចាប់ផ្តើមពីពេលនេះតទៅហើយ!”

លោក នេយ៉ា ក៏បានគូសបញ្ជាក់ផងដែរថា Viber មានអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការរហូតដល់ទៅជាង 7 លានដងឯណោះនៅក្នុងមួយនាទី។ កត្តានេះគូសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីចំនុចខ្លាំងរបស់ Viber នៅលើផ្នែកអភិវឌ្ឍការតភ្ជាប់ទំនាក់ទំនងសម្រាប់អ្នកប្រើប្រាស់ ទាំងការប្រើប្រាស់សម្រាប់ការកំសាន្តនិងសម្រាប់ការងារផងដែរ។លោក នេយ៉ា បានមានប្រសាសន៍បន្តទៀតថា៖ “Viber ងាយស្រួលប្រើ មានរូបស្ទីកក័រដ៏ច្នៃប្រឌិត និង មានមុខងារសហគមន៍ដែលផ្ដល់អំណោយផលដល់ការជជែកគ្នាជាក្រុម ក៏ដូចជាមុខងារឆ្លើយតបសារដ៏មានប្រសិទ្ធភាពសម្រាប់ជួយឱ្យក្រុមហ៊ុនទាំងឡាយ អាចឆ្លើយតបរាល់សំណួរទាំងអស់របស់អតិថិជន ប្រកបដោយប្រសិទ្ធភាពខ្ពស់ផងដែរ។ ដូច្នេះ Viber គឺជាជម្រើសដ៏សាកសម សម្រាប់ការតភ្ជាប់ទំនាក់ទំនងអាជីវកម្មរបស់លោកអ្នក។”

ការដែលកម្ពុជាមានអ្នកប្រើទូរស័ព្ទឆ្លាតវៃយ៉ាងច្រើននិងមានសេវាអ៊ីនធើណេតដ៏លឿនក្នុងតម្លៃសមរម្យដូចសព្វថ្ងៃនេះ គឺពិតជាមានអំណោយផលណាស់ សម្រាប់ជួយឱ្យកម្ពុជាអាចទាញយកអត្ថប្រយោជន៍ ពីសេវាភ្ជាប់ទំនាក់ទំនងដូចជា វ៉ាយប័រ នេះ។ នេះបើយោងតាម លោក យ៉ូហាន ប្រ៊ីសូលា (Yohan Brizolier) ប្រធានផ្នែកច្នៃប្រឌិតរបស់ក្រុមហ៊ុនQED ដែលជាក្រុមហ៊ុនផ្ដល់សេវាទំនាក់ទំនងសាធារណៈនិងទីផ្សារឌីជីថលនៅកម្ពុជា។

លោក យ៉ូហាន ក៏បានបន្ថែមផងដែរថា៖ “ប្រព័ន្ធតភ្ជាប់ទំនាក់ទំនងបែបឌីជីថលដែលកំពុងមាននៅកម្ពុជាសព្វថ្ងៃ មិនសូវមានប្រសិទ្ធភាពប៉ុន្មានទេ ហើយក៏ពិបាកប្រើដែរ។ តែមានមធ្យោបាយជាច្រើនដែលគេអាចធ្វើបាន ដើម្បីបង្កើនប្រសិទ្ធភាពប្រព័ន្ធនេះ។ ហើយកម្មវិធី Viberសម្រាប់អាជីវកម្ម ហាក់ដូចជាផ្ដល់ដំណោះស្រាយដ៏ល្អឥតខ្ចោះតែម្ដងចំពោះបញ្ហានេះ ព្រោះកម្មវិធីនេះអនុញ្ញាតឱ្យគេអាចជជែកគ្នាលេង ផ្ញើឯកសារឱ្យគ្នាទៅវិញទៅមក និងកត់ចំណាំព្រឹត្តិការណ៍និងកម្មវិធីផ្សេងៗ តាមទូរស័ព្ទដៃ ឬ កុំព្យូទ័រ ប្រកបដោយសុវត្ថិភាពខ្ពស់ នៅក្នុងappតែមួយតែម្ដង។ ខ្ញុំនឹងរង់ចាំមើលថាតើការខិតខំរបស់ក្រុមហ៊ុនViberលើការងារបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធតភ្ជាប់ទំនាក់ទំនងនៅកម្ពុជានេះ នឹងនាំឱ្យមានការផ្លាស់ប្ដូរដ៏វិជ្ជមានអ្វីខ្លះនៅក្នុងវិស័យមួយនេះ”៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print