ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ស្ថិតក្នុងក្រុមទី១០ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុមានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីអគ្គីភ័យបានឆាបឆេះធុងហ្គាស នៅក្នុងបន្ទប់ផ្ទះជួលស្ថិតក្នុងភូមិសង្កាត់ខាងលើ ប៉ុន្តែសំណាងល្អពុំមានគ្រោះថ្នាក់ដល់មនុស្ស រឺខូចខាតសម្ភារៈនោះទេ។
ជុំវិញករណីអគ្គីភ័យឆាបឆេះនេះ លោក វរសេនីយ៍ទោ ភុល ភ័ស្តា អធិការនគរបាលក្រុងព្រះសីហនុ បានអោយដឹងថានៅវេលាម៉ោង១២និង០០នាទី ស្ថិតក្នុងក្រុមទី១០ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុជាកម្មសិទ្ឋរបស់ឈ្មោះឯក សារុន ភេទប្រុស មានករណីអគ្គីភ័យមួយកើតឡើង ដែលបង្កឡើងម្ចាស់បន្ទប់ជនជាតិ រ៉ុស្សីមានការធ្វេសប្រហែស ខណៈពេលចំអិនម្ហូបហើយទុកចោល មកអង្គុយមើលទូរទស្សន៍ ទើបបណ្តាលធ្លាយទុយូធុងហ្គាស ហើយបានឆាបឆេះចេញជាអណ្តាតភ្លើង បង្កអោយមានភាពភ្ញាក់ដល់ភ្ញៀវជាប់បន្ទប់ ប្រជាពលរដ្ឋរស់នៅក្បែរ និងសមត្ថកិច្ចចេញមកធ្វើអន្តរាគមន៏ភ្លាមៗទាន់ពេលវេលា។
ប្រភពដ៏ដែលបានបន្តថាចំពោះករណីនេះវាពិតជាមហាសំណាងណាស់ ដែលពុំបានបង្កអោយមនុស្សណាម្នាក់ រឺខូសខាតទ្រព្យសម្បត្តិ ក្រៅអំពីសម្ភារៈផ្ទះបាយបន្តិចបន្តួចនោះទេ កត្តាទាំងនេះក៏ដោយសារតែមានការអន្តរាគមន៏យ៉ាងទាន់ពេលវេលាពីក្រុមពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ក្រោមការជួយអន្តរាគមន៏យ៉ាងពេញបន្ទុកពីកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដោយប្រើប្រាស់ទឹកអស់តែចំនួន០១រថយន្តតែប៉ុណ្ណោះ។
ជុំវិញអគ្គីភ័យនេះផងដែរ ក្រុមសមត្ថកិច្ចដែលបានចុះជួយអន្តរាគមន៏ បានធ្វើការរិះគន់ទៅលើ ម្ចាស់ផ្ទះ(អាផាតមែន)ដែលមានការធ្វេសប្រហែស ក្នុងលក្ខណះបច្ចេកទេសពាក់ព័ន្ឋអគ្គីភ័យ(ពុំមានបំពង់ពន្លត់អគ្គីភ័យនៅតាមជាន់នៃបន្ទប់របស់ភ្ញៀវ) នេះសំណាងហើយបានបំពង់ពន្លត់អគ្គីភ័យផ្ទះក្បែរនោះមកជួយពន្លត់កុំអីវិនាសសកម្មពិតជាកើតឡើងជាក់ជាពុំខាន។ ហេតុនេះការិយាល័យបង្ការ និងពន្លត់អគ្គីភ័យគួរតែចុះធ្វើការផាកពិន័យដល់គ្រប់ម្ចាស់អាជីវកម្ម ពាណិជ្ជករ ទាំងឡាយណាពុំគោរពតាមការណែនាំពីមន្ត្រីជំនាញ ៕
ដោយ៖ ឆ្លាមសមុទ្រ