ប៊ុន រតនា និងលីឈី ចែកសម្ភារៈសិក្សា និង​នាំសិស្ស រើសសំរាមនៅតាកែវ​​

ចែករំលែក៖

ភ្នំពេញ​ ៖​ គូស្នេហ៍ផលិតករដឹកនាំសម្តែង លោក ប៊ុន រតនា និង តារាសម្តែងកញ្ញា លីឈី បានលេចមុខក្នុងកម្មវិធីសង្គមមួយចំនួនបន្តទៀតក្រោយពួកគេភ្ជាប់ពាក្យរួច។ ​ព្រឹកថ្ងៃទី២៥ខែកុម្ភៈនេះពួកគេបានបង្កើត កម្មវិធីថ្មីមួយទៀតគឺចំថ្ងៃ​ទិវាជាតិទីក្រុងស្អាតលើកទី៧ ដោយដឹកនាំសិស្ស ៥៣៦ នាក់​ សម្អាត​ទីធ្លាសាលានិងចែកសម្ភារៈ សិក្សាដល់ពួកគេ ស្ថិតនៅ សាលាបឋមសិក្សាវត្តលើ ស្រុកគីរីវង្ស ខេត្តតាកែវ។

លោក ប៊ុន រតនា ហៅសេមដែលជាអ្នកដឹកនាំផលិតបទចម្រៀងក្នុងផលិតកម្មថោន និង តារាសម្តែង លីឈី ធ្លាប់ត្រូវបានអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកបានស្គាល់តាមរយៈសកម្មភាពសង្គម ពិសេសការចូលចិត្តរើសសំរាម និងការបង្ហាញក្តីស្រលាញ់ដល់បរិស្ថាន ។​

ជាញឹកញាប់ គូស្នេហ៍ដែលខាងប្រុស​ជា​អ្នកដឹកនាំសម្តែង​បទល្បីៗជាច្រើននៅក្នុងផលិតកម្ម ថោនជាពិសេសបទ «ពុកខ្ញុំជាប៉ូលិសចរាចរណ៍» និងបច្ចុប្បន្នមានមុខជំនួញជា​ម្ចាស់ឃ្លាំង​លក់រថយន្ត S-Auto និងខាងស្រី ជា​តារាសម្តែង និងជាពិធីការិនីក្នុងកម្មវិធី Happy Life Show ក្នុងស្ថានីយ៍ទូរទស្សន៍ថោន តែងតែដឹកនាំគ្នារើសសំរាមមិនថាទីជិតទីឆ្ងាយ ដោយភ្ជាប់ទៅជាមួយគោលដៅកម្សាន្តដែលបានទៅ ។​

កម្មវិធីខាងលើពួកគេបាន ភ្ជាប់ដំណើរទៅកាន់ សាលាបឋមសិក្សាវត្តលើ ស្រុកគីរីវង្ស ខេត្តតាកែវ ដោយបានទាំងនាំយកសម្ភារៈសិក្សាជូនដល់សិស្សចំនួន ៥៣៦ នាក់ បានដឹកនាំ​សិស្សទាំងអស់ សម្អាត​បរិស្ថាន ក្នុងទីធ្លាសាលា ។

លោក សេម ថា «ដូចបានដឹងស្រាប់ហើយពួកខ្ញុំទាំងពីរនាក់ ជា​អ្នកដែលចូលចិត្តរើសសំរាម ដើម្បីសំអាតបរិស្ថាន ហើយការដឹកនាំហើយក្មេងៗ ទាំង ៥៣៦ នាក់រើសសំរាមនេះ ក្នុងគោលបំណងឲ្យពួកគាត់ចេះស្រលាញ់បរិស្ថាន ព្រោះថា​ក្មេងៗ​ជាទំពាំងស្នងឬស្ស៊ី និងជាក្រដាសសមួយសន្លឹក អាចនឹងប្រឈមគ្រប់ពេល តែបើយើងបង្ហាញសកម្មភាពគំរូល្អបែបនេះទៅគាត់នឹងដកក្នុងអារម្មណ៍ចេះសម្អាត និងស្រលាញ់បរិស្ថាន​ ហើយនឹងបន្តសកម្មភាពទៅកាន់មិត្តភក្តិគាត់ផ្សេងៗទៀត» ។

លោកថា ផ្តើមចេញពីយើងម្នាក់ទៅមនុស្សម្នាក់ទៀត នោះបរិស្ថាន ប្រទេសរបស់យើង នឹងស្រស់ស្អាត ឲ្យវាសាកសម​ទៅនឹង​ពាក្យមួយឃ្លាថា បរិស្ថានស្អាត សុខភាពល្អ ។​លោក ប៊ុន រតនា និង កញ្ញា លីឈី បានបញ្ជាក់ថា សកម្មភាពរើសសំរាមនេះ ពួកខ្ញុំនឹងបន្តទៅកាន់កន្លែងផ្សេងៗទៀត ដោយមិនផ្អាកដំណើរនោះទេ ឲ្យសាកសមឈ្មោះពូសំរាម និង រាជនីសំរាម ៕​ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print