ភ្នំពេញ៖ តារាកំប្លែង ដែលវិវឌ្ឍន៍ខ្លួនជា តារាចម្រៀង នាយ ចឺម ទើបនឹងបញ្ចេញបទចម្រៀងថ្មីចំណងជើងថា” អូនជាអ្នកមានសមនឹងអ្នកមានដូចគ្នា” ដែលគេស្គាល់ថាបានច្នៃបទចម្រៀងមរតកដើមនោះ ទទួលរងការរិះគន់យ៉ាងចាស់ដៃ។ រិះគន់ខ្លាំងខណៈដែលបទនេះមិនបានរក្សាឈ្មោះជាបទចម្រៀងមរតកដើមនោះ។
ផលិតកម្មសាន់ដេបានបញ្ចេញបទចម្រៀងថ្មីរបស់នាយចឺមកាលពីថ្ងៃទី២៦ខែកុម្ភៈនេះដែលរៀបរាប់អំពីបុរសអ្នកក្រស្នេហ៍នារីអ្នកមានទ្រព្យ។ បញ្ចេញមិនបានមួយថ្ងៃផងមានអ្នកចូលទស្សនាប្រមាណជាង២០ម៉ឺនដង។ ទន្ទឹមនឹងការចូលទស្សនានេះមានការរិះគន់មួយចំនួនមកលើបទចម្រៀងមួយនេះ។ ទំនុកច្រៀងត្រូវបានគេស្គាល់ថាជាបទចម្រៀងសំនៀងដើមរបស់អ្នកស្រី រស់ សេរីសុទ្ធា មានចំណងជើងថា “នឹកភូមិភ្នំធំ” ប៉ុន្តែក្រោយកែទំនុកច្រៀង និងសាច់ភ្លេចខ្លះៗបានធ្វើឲ្យផលិតកម្មមិនបានរក្សាឈ្មោះជាបទចម្រៀងមរតកដើមដោយ ដាក់ឈ្មោះអ្នកនិពន្ធបទចម្រៀងថ្មីដោយមិនដាក់ឈ្មោះជាមរតកដើមនោះ ។ អ្នករិះគន់ម្នាក់លើកឡើងថាក្រៅពីយកបទចម្រៀងជាមរតកដើមមកច្រៀងឡើងវិញច្រៀងខុសក្បួនខ្នាតមិនទំនងហើយ ថែមទាំងមិនរក្សាឈ្មោះអ្នកនិពន្ធពីមុនទៀត ។ ប្រភពបន្តថាគួរតែរិះរកអ្វីដែលថ្មីជាជាងយកបទមរតកដើមមកច្នៃ គឺហាក់មិនគោរពទៅនឹងស្នាដៃមនុស្សជំនាន់មុនដូចច្នេះដែរ។ ក្រៅតែអំពីការរិះគន់ក៏មានការស្នើទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគួរជួយពិនិត្យការចម្លង និងអាជីវកម្មលើស្នាដៃមរតកដើមដើម្បីរក្សាមុខមាត់ និងកិត្តិយសព្រលឹងសិល្បករជើងចាស់ផងដែរ។
គេនៅមិនទាន់អាចស្វែងរករការបញ្ជាក់បន្ថែមពីនាយ ចឺម បាននៅលើយទេ។ ទោះជាយ៉ាងណាថ្មីៗនេះ សូម្បីតែលោក ចាន់ សំណាង ហៅឌីជេ ក្ដឹប ក៏បានរិះគន់ខ្លាំងៗទៅលើផលិតកម្មមួយចំនួននៅក្នុងស្រុកខ្មែរ ដែលយកស្នាដៃបទចម្រៀង មរតកដើម មកកាឡៃធ្វើថ្មី ព្រមទាំងមិនបានដាក់ឈ្មោះម្ចាស់ស្នាដៃ ខណៈដែលម្ចាស់ស្នាដៃនៅមានជីវិតនៅឡើយ ហើយលោកបានអះអាងថា នឹងរិះគន់ដាច់ខាតទៅលើសកម្មភាពដូចនេះ បន្តទៀត ប្រសិនបើសិល្បករ ឬផលិតករនៅតែបន្តរក្សាគំនិតយកបទចម្រៀងមរតកដើមមកកែច្នៃបែបនេះ៕ វឌ្ឍនា