ភ្នំពេញ៖ តារាចម្រៀងប្រចាំផលិតកម្ម សាន់ដេ កញ្ញា យូរី ហាក់មិនខ្វល់ខ្វាយ នឹងរឿងផ្លាស់ប្តូផលិតកម្មច្រៀងដូចតារាចម្រៀងដទៃទេ ដែលគេដឹងថាព្រោះតែប្រជាប្រិយភាពរបស់នាងនៅតែរក្សាបានលំដាប់ជួរមុខមួយ។ បទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ថ្មីៗរបស់នាងផ្ទុះចេញការគាំទ្រ៣ឆ្នាំជាប់ៗគ្នា។
យូរី ទទួលបានការគាំទ្រច្រើនពីក្រុមយុវវ័យក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពោលគឺក្រោយពីនាងបញ្ចេញបទចម្រៀងថ្មីៗមួយចំនួនចាក់ចំបេះដូងអ្នកគាំទ្រ ពិសេសបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍។ ចាប់ពីដើមឆ្នាំ២០១៧មក តារាស្រីរូបនេះបានធ្វើឲ្យអ្នកគាំទ្រក្នុងស្រុកសប្បាយរីករាយខ្លាំងជាមួយបទ”ចាក់ទឹកដូង” បទ”នំប៉័ងប៉ាតេ” និងបទ”ក្បាច់ទា” ខណៈដែលបទនេះក៏ត្រូវបានអ្នកគាំទ្រនៅក្រៅស្រុកយកទៅរាំយ៉ាងព្រោងព្រាតផងដែរ។ ដើមឆ្នាំ២០១៨ វិញតារាស្រីរូបនេះក៏ទទួលបានការគាំទ្រកាន់តែខ្លាំងនឹងបទចម្រៀង “រាំស្កុប” និងបទ”សុំលេងផង”។ មិនធ្វើឲ្យអ្នកគាំទ្រខកចិត្តតារាស្រីរូបនេះនៅតែបន្តបញ្ចេញបទចម្រៀងសម្រិតសម្រាំងសម្រាប់អ្នកគាំទ្ររបស់នាងគឺបទ”អ៊ូមវ៉ាក់អើ” និងបទ”រាំទយ”។
តារាស្រីវ័យក្មេងរូបនេះបញ្ជាក់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនាងពិតជាអរគុណសម្រាប់ពុកម៉ែបងប្អូនដែលគាំទ្ររាល់បទចម្រៀងរបស់នាង ដែលជាកម្លាំងចិត្តសម្រាប់នាងបញ្ចេញបទថ្មីបន្តបន្ទាប់។ នាងរំពឹងថាបទចម្រៀងថ្មីនេះនឹងជួយបង្កើនបរិយាកាសរីករាយបន្ថែមទៀតសម្រាប់ឱកាសជួបជុំគ្នានៅគ្រប់ទិសទី។ តារាស្រីរូបនេះបញ្ជាក់ថាដែរថា សម្រាប់ឆ្នាំថ្មីនេះនាងក៏ទទួលបានគម្រោងការងារថ្មីៗជាបន្តបន្ទាប់ទៀតជាច្រើន ហើយនាងនិងដៃគូ លោក Bemo រួមទាំងក្រុមរាំនឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាពរកអ្វីដែលថ្មីប្លែកដើម្បីបម្រើការកម្សាន្តរបស់អ្នកគាំទ្រ៕ ដោយ វឌ្ឍនា