ខេត្តព្រះសីហនុ: រថយន្តហាយឡេនឌ័រមួយគ្រឿងត្រូវព្រះអគ្គីឆាបឆេះនៅសល់តែឆ្អឹងដែក គ្រាដែលអ្នកបើកបរបើកបរល្បឿនលឿនជ្រុលរួចបានរេចង្កូតធ្លាក់ផ្លូវទៅបុកដើមឈើ បង្កឲ្យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ក្នុងករណីនេះដែរចាត់ទុកជាសំណាងល្អដោយម្ចាស់អ្នកបើកបរលោតចុះទាណ់ហើយបានគេចខ្លួនបាត់ ។
ឧបទ្ទវហេតុនេះកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃពុធ ៨ រោច ខែមាឃ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ បង្កការភ្ញាក់ផ្អើលនៅតាមផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៤៩-១៥០ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។
តាមសមត្ថកិច្ចនគរបាល ស្រុកកំពង់សិលាបានឲ្យដឹងថា រថយន្តខាងលើម៉ាកតូយ៉ូតាហាយឡែនឌ័រ ត្រូវម្ចាស់បើកបើកបរក្នុងល្បឿនលឿនតាមបណ្តោយផ្លូវជាតិលេខ៤ ពីកើតទៅលិច (ភ្នំពេញ-ក្រុងព្រះសីហនុ) លុះដល់ចំណុចកើតហេតុមិនដឹងរឿងហេតុអីស្រាប់តែ រេចង្កូតធ្លាក់ផ្លូវ ជ្រុលទៅបុកដើមឈើ ទើបបង្កឲ្យទៅជាអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្តង។ ប៉ុន្តែសំណាងល្អម្ចាស់អ្នកបើកបរលោតចុះហើយគេចខ្លួនបាត់ ។
ក្រោយមានហេតុការណ៍ខាងលើនេះ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកំពង់សិលាបានយក រថយន្តពន្លត់អគ្គិភ័យចេញទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើង រួចស្ទូចរថយន្តខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករង់ចាំស្រាវជ្រាវបន្តតាមក្រោយ ៕ ឆ្លាមសមុទ្រ