ខេត្តកណ្តាល៖ស្ត្រីម្នាក់យកដំបងឬស្សីវាយតាចាស់ម្នាក់អាយុជិត១០០ឆ្នាំ រងរបួសធ្ងន់ ត្រូវបានលោក ងួន វុទ្ធី ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៩ បានសម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបនណ្តោះអាសន្នពីបទ”ហិង្សាដោយចេតនា(ស្ថានទម្ងន់ទោស) ដែលប្រព្រឹត្តនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល កាលពី ថ្ងៃទី ០៤ខែមិនា ឆ្នាំ២០១៩វេលាម៉ោង១៦និង២០នាទី តាមមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ។
ជនជាប់ចោទមានឈ្មោះម៉ូវ ង៉ិចហៀក ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី មានទីលំនៅភូមិ ស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះលីវ ឈៀង ភេទប្រុស អាយុ៩៤ ឆ្នាំជនជាតិខ្មែរ ចាស់ជរា មានទីលំនៅភូមិ-ឃុំកើតហេតុ(របួស ក្បាលនិងដៃឆ្វេង)។
លោកវរសេនីយ៍ សេង សុជាតិ អធិការនគរបាលស្រុកស្អាងបានអោយដឹងថានៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង២០នាទី ជនរងគ្រោះឈ្មោះ លីវ ឈៀង បានដើរកាន់ឈើច្រត់តាមផ្លូវលំ កាត់មុខផ្ទះរបស់ឈ្មោះ ម៉ូវ ង៉ិចហៀក ។ ពេលនោះ ឆ្កែរបស់ឈ្មោះម៉ូវ ង៉ិចហៀក ចំនួន២ក្បាលបានព្រុសខ្លាំងៗចេញពីក្នុងផ្ទះមកដេញខាំជនរងគ្រោះ ។ ភ្លាមនោះជនរងគ្រោះបានយកឈើច្រត់របស់ខ្លួនយារ វាយឆ្កែដើម្បីកុំឲ្យឆ្កែខាំ ក៏ត្រូវឈ្មោះ ម៉ូវ ង៉ិចហៀក ថាគេវ៉ៃឆ្កែរបស់ខ្លួន ក៏យកដំបងឬស្សីមកវាយជនរងគ្រោះបណ្តាលឲ្យបែកចំពីលើក្បាលនិងមានស្នាមមុតដៃចេញឈាមទៀតផង។
បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាល របួសនៅមន្ទីរ ពេទ្យឯកជនមួយ នៅស្វាយតានី៕ឆ ដា