ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ បានចេញសេចក្តីជូនដំណឹងបញ្ជាក់ថា ករណី ជំងឺគ្រុនឈាមនៅទូទាំងប្រទេសក្នុងដើមឆ្នាំ២០១៩នេះ មានការកើនឡើងគួរឲ្យកត់សម្គាល់ច្រើនជាង ឆ្នាំ២០១៨កន្លងទៅ បើប្រៀបធៀបទៅនឹងពេលវេលាដូចគ្នា ។ នេះបើយោងតាមការវិភាគអេពីដេមីសាស្ត្រ និងការប៉ាន់ប្រមើលលើស្ថានភាពជំងឺគ្រុនឈាមរបស់អង្គការសុខភាពពិភពលោកបង្ហាញថាជំងឺគ្រុនឈាមប្រហែលជាអាចនឹងផ្ទុះឡើងនៅក្នុងឆ្នាំ២០១៩នេះ ដែលតម្រូវឲ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មានការប្រុងប្រយ័ត្នយកចិត្តទុកដាក់ចូលរួមយ៉ាងសកម្មភាពក្នុងការអនុវត្តន៍វិធានការទប់ស្កាត់ ដើម្បីជៀសផុតពីភាពមានការផ្ទុះឡើងនូវជំងឺគ្រុនឈាមនៅក្នុងឆ្នាំនេះ និងឆ្នាំបន្តបន្ទាប់ទៀត ។
សេចក្តីជូនដំណឹងរបស់ក្រសួងបញ្ជាក់ទៀតថា ជំងឺគ្រុនឈាមជាជំងឺអាចកើតឡើងលើមនុស្សគ្រប់វ័យ ដែលបង្ក ឡើងដោយមូសខ្លាញីខាំបឺតឈាម អ្នកដែលមានវីរុសគ្រុនឈាម រួចចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត ។ ជំងឺគ្រុនឈាមមានរោគសញ្ញាដូចតទៅ ៖ ២ទៅ៣ថ្ងៃ ក្រោយពីមូសខ្លាញីខាំ អ្នកជំងឺមានសភាពក្តៅខ្លួនពី៣៩ ទៅ៤០អង្សាសេ អមដោយរោគសញ្ញាផ្សេងៗទៀតដូចជា មុខក្រហម ឈឺប្រឡង់កែវភ្នែកចាក់ទៅក្រោយ ឈឺក្បាល ចង់ក្អួតឬក្អួត ឈឺពោះ ឈឺសាច់ដុំ ឈឺសន្លាក់ដៃជើង ស្នាមអុចៗក្រហមលើស្បែក ឬមានហូរឈាម តាមអញ្ចាញធ្មេញជាដើម ។
សូមអានសេចក្តីជូនដំណឹងស្តីពីវិធានការការពារជំងឺគ្រុនឈាម ដើម្បីទប់ស្កាត់សភាពអាចផ្ទុះឡើងនូវជំងឺគ្រុន ឈាមក្នុងឆ្នាំ២០១៩ដូចខាងក្រោមនេះ ៖