សិល្បករ ផលិតករ អរគុណសម្តេច​តេជោ ដែលសម្រេចអនុគ្រោះពន្ធ​សម្រាប់វិស័យសិល្បៈដល់ឆ្នាំ ២០២៣

ចែករំលែក៖

​ភ្នំពេញ ៖ ក្តីកង្វល់របស់ផលិតករជុំវិញការប្រឈមនឹងការបង់ពន្ធលើការផលិតភាពយន្តនោះត្រូវបានបញ្ចប់ហើយក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណជាចក្រកម្ពុជាបានប្រកាសសម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារ សម្រាប់វិស័យភាពយន្តរយៈពេល៥ឆ្នាំបន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៣ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យសិល្បៈ និងការផលិតភាពយន្តខ្មែរ។

ការប្រកាសនេះធ្វើឡើងក្នុងឱកាសដែលសម្តេចតេជោ ហ៊ុនសែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចូលរួមទិវា «វប្បធម៌ជាតិ ៣មីនា» លើកទី២១នៅរសៀលថ្ងៃពុធ ១កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៩នៅមជ្ឈមណ្ឌលកោះពេជ្រ។ ពិធីបិទមហោស្រពសិល្បៈយុវជនទូទាំងប្រទេសថ្ងៃនេះគឺមានការជួបជុំសំណេះសំណាល និងពិសារអាហារសាមគ្គីរួមគ្នាជាមួយថ្នាក់ដឹកនាំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមទាំងសិល្បករ សិល្បការិនី ដែលមានចំនួនប្រមាណ ៤ពាន់នាក់ ។

នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់មតិណែនាំ និងអនុសាសន៍ចំនួន៧ចំនុច សំខាន់ៗក្នុងចំណោមនោះដែរទាក់ទងនឹងវិស័យភាពយន្តដោយកន្លងមក ដោយពិនិត្យឃើញពីភាពចាំបាច់ក្នុងការជំរុញ និងលើកស្ទួយ វិស័យភាពយន្តខ្មែរ ដែលប្រឈមនឹងការប្រកួតប្រជែងដ៏ស្រួចស្រាល់ទៅនឹងការហូរចូលនៃភាពយន្តបរទេស រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតសម្រួលផ្នែកពន្ធដារដល់សហគ្រាសផលិតភាពយន្តក្នុងស្រុករយៈពេល ៣ឆ្នាំ រហូតដល់ ឆ្នាំ ២០១៨ ។

ដើម្បីជាការលើកទឹកចិត្ត និងលើកស្ទួយវិស័យ សិល្បៈ និងការផលិតភាពយន្តខ្មែរ រាជរដ្ឋាភិបាលសម្រេចសម្រួល និងអនុគ្រោះខាងផ្នែកពន្ធដារសម្រាប់រយៈពេល៥ឆ្នាំ បន្ថែមទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៣ ដូចជាអនុញ្ញាតឱ្យព្យួរទុកការអនុវត្តពន្ធកាត់ទុក (១៥%) លើ សួយសារនៃទ្រព្យអរូបិយ (ការផ្តល់សិទ្ធិបញ្ចាំងខ្សែភាពយន្តផលិតក្នុងស្រុក) ។អនុញ្ញាតឱ្យព្យួរពន្ធលើប្រាក់ចំណូលជូនក្រុមហ៊ុនផលិតកម្មភាពយន្តខ្មែរ ។អនុញ្ញាតព្យួរទុកការអនុវត្តឤករ ពិសេសលើសេវាលំហែកំសាន្ត (១០%) ជូនដល់សិល្បៈសៀកនៃក្រុមហ្វាពន្លឺសិល្បៈខេត្តសៀមរាប ។

សហគ្រាសផលិតភាពយន្ត និងសៀកត្រូវបំពេញកាតព្វកិច្ចចុះបញ្ជីពន្ធដារកត់ត្រា និងកាន់កាប់បញ្ជីការគណនេយ្យ ដាក់លិខិតប្រកាសពន្ធប្រចាំខែ និងប្រចាំឆ្នាំ ព្រមទាំងបំពេញកាតព្វកិច្ចពន្ធដារផ្សេងទៀត ឱ្យបានត្រឹមត្រូវដូចក្រុមហ៊ុនឤជីវកម្មដទៃទៀត ដើម្បីជាការចូលរួមចំណែកពង្រឹងអនុលោមភាពសារពើពន្ធ និងវប្បធម៌ពន្ធនៅកម្ពុជា ។

សិល្បករ និងផលិតករថាថ្លែងសាទរ និងអគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោដែលតែងយល់សុខទុក្ខរបស់ប្រជាពលរដ្ឋកម្ពុជារួមទាំងសិល្បករ និងផលិតករ។ លោក ហ៊ុយ យ៉ាឡេង ចាងហ្វាងផលិតកម្ម មាតុចក្រ បានបញ្ជាក់ថា លោក សូមលើកម្រាមដៃ១០ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុគ្រោះលើកលែងពន្ធដារក្នុងរយៈពេល៥ឆ្នាំ។ លោកចាត់ទុកថាជាក្តីសង្ឃឹមសម្រាប់ភាពយន្តខ្មែរដែលកំពុងដើរទៅមុខហើយនោះដែរ៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print