ខេត្តរតនគិរី៖រថយន្តមួយគ្រឿងបើកបរមានល្បឿនយ៉ាងលឿនរ៉េចង្កូតជ្រុលធ្លាក់ខុសផ្លូវចុះចូលក្នុងជ្រោះបណ្តាលឱ្យរងការខូចខាតយ៉ាងដំណំ និងបាក់បង្គោលរបាំងផ្លូវកោងចំនួនបីដើមតែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងបានកើតឡើងនៅវេលាម៉ោង៤.៥២នាទីល្ងាច ថ្ងៃសៅរ ៤កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៩ ខែមីនាឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៧៨A ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុងខេត្តរតនគិរី។
ប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តខាងលើបើកបរទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនមកដល់ត្រង់ចំណុចកើតហេតុស្ថានភាពផ្លូវកោងផងបានរ៉េចង្កូចទៅខាងឆ្វេងដៃធ្លាក់ចូលជ្រោះតែម្តង។
តាមការសន្និដ្ធានពីអ្នកបើកបររថយន្តអាចងងុយដេកឬក៏ស្រវឹងស្រាផងដែរទើបបង្កឱ្យរ៉េចង្កូតធ្លាក់ផ្លូវក្រឡាប់ពីរបីត្រឡប់ទៅក្នុងជ្រោះបែបនេះ។
សមត្ថកិច្ចបានឱ្យដឹងថា រថយន្តបង្កគ្រោះនោះម៉ាកNAVARA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-6900 ម្ចាស់រថយន្តមិនបានបង្ហាញអត្តដញ្ញណនោះទេតែគេស្គាល់ជាថៅកែឃ្លាំងប្រម៉ូល ទិញនិងស្តុកដំឡូងមី មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើពុំមានរងរបួសអ្វីឡើយ។
ក្រោយកើតហេតុអាវុធហត្ថក្រុងចុះមកសម្រួលចរាចរណ៍និងហៅរថយន្តមកស្ទូចយកទៅដាក់កន្លែងជួសជុលប៉ុន្តែមិនទាន់ដឹងថា :ខាងមន្ទីរសាធារណៈការនិងដឹកជញ្ជូនខេត្តរតនគិរីនិងចាត់វិធានការបែបណាចំពោះបង្គោលរបាំងផ្លូវទាំងបីរបស់រដ្ឋដែលរងការខូចខាតខាងលើនោះដែរ៕ ដោយ ជីវន្ត័