ខេត្តកំពង់ចាម: ផ្ទះប្រជាពលរដ្ឋ២ខ្នង និងគោនៅក្នុងក្រោលចំនួន២ក្បាល រួមជាមួយទ្រព្យសម្បត្តិមួយចំនួនធំត្រូវអគ្គិភ័យឆេះបំផ្លាញកាលពីព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ នៅភូមិថ្មី(ក) ឃុំរកាគយ ស្រុកកងមាស ខេត្តកំពង់ចាម ។
នគរបាលថា ហេតុការណ៍ឆេះផ្ទះនេះខូចខាតផ្ទះចំនួន២ខ្នង និងងាប់គោក្នុងក្រោល២ក្បាល រួមជាមួយទ្រព្យសម្បត្តិមួយចំនួន ។
សមត្ថកិច្ចឲ្យដឹងថា កម្លាំងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៤គ្រឿង របស់អធិការដ្ឋាន ១គ្រឿង របស់ស្នងការដ្ឋាននគរបាលខេត្ត ៣ គ្រឿង ទើបភ្លើងរលត់ទាំងស្រុង ហើយករណីនេះមិនទាន់ដឹងពីមូលហេតុនៅឡើយ ដោយកំពុងដុតដៃដុតជើងស្រាវជ្រាវរកមូលហេតុឲ្យឃើញ ។
នៅកន្លែងកើតហេតុគេឃើញលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានចុះទៅដោយផ្ទាល់ ដើម្បីដឹកនាំបញ្ជាកងកម្លាំងអង្គភាពបង្ការ និងពន្លត់អគ្គីភ័យ ដោយផ្ទាល់ ក្រោយពីលោកបានទទួលដំណឹង អគ្គីភ័យកំពុងឆេះផ្ទះប្រជាពលរដ្ឋ ដែលស្ថិតក្នុងឃុំរកាគយ ស្រុកកងមាស ៕ ដោយ ៖ វណ្ណៈ