ភ្នំពេញ ៖ ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានថ្លែងអះអាងថា ការចែកចាយគ្រឿងញៀននៅតាមទីជនបទ តាមភូមិ ឃុំគ្មានការថយចុះនៅឡើយបើទោះបីជារយៈពេលចុងក្រោយនេះ អាជ្ញាធរធ្វើការបង្រ្កាបករណីធំៗបានជាបន្តបន្ទាប់ក៏ដោយនោះ។
ថ្លែងនៅក្នុងពិធីប្រជុំស្តីពីលទ្ធផលការងារត្រួតពិនិត្យគ្រឿងញៀន ឆ្នាំ២០១៨និងទិសដៅការងារឆ្នាំ២០១៩ដោយមានរដ្ឋមន្រ្តីតំណាងក្រសួងនិងស្ថាប័នពាក់ព័ន្ធជិត៣០ចូលរួម នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩នេះនៅទីស្តីការក្រសួងមហាផ្ទៃឯកឧត្តមឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ានបានលើកឡើងថា «ពីមុនខ្ញុំសន្និដ្ឋានថាករណីគ្រឿងញៀនវានឹងអាចថយដោយសារ ចាប់ករណីធំៗបានច្រើនប៉ុន្តែរអាចែកតាមភូមិឃុំហ្នឹងគឺវាមិនថយនោះឡើយ។ ចំណែកទីកំ សាន្តនានាស្ទើតែទាំងអស់ដែលមានប្រើប្រាស់គ្រឿងញៀន»។
យ៉ាងណាក៏ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានធ្វើការអំពាវនាវដល់ស្ថាប័នពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នា ស៊ើបអង្កេតស្វែងរកម្ចាស់និងអ្នកពីក្រោយខ្នងនៃការនាំចូលនូវគ្រឿងញៀននេះបន្ថែមទៀត ក្នុងគោលបំណងធ្វើយ៉ាងឲ្យករណីនេះមានការថយចុះដើម្បីសុវត្ថិភាពដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសង្គមជាតិខ្មែរទាំងមូល។
យោងតាមរបាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្នុងឆ្នាំ ២០១៨កន្លងទៅនេះបទល្មើសគ្រឿងញៀនសរុបដែលបង្រ្កាបបានចំនួន៨.០០២ករណី ដោយឃាត់ខ្លួនជនជាប់ពាក់ព័ន្ធបានចំនួន១៦២១៦នាក់និងគ្រឿងញៀនជាងកន្លះតោន។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីកែ គឹមយ៉ាន បានឲ្យដឹងទៀត ថាបញ្ហាគ្រឿងញៀននេះគឺមិនមែនតែកម្ពុជាយើងនោះទេគឺពិភពលោក មានការព្រួយបារម្ភ គ្រប់ៗគ្នាប៉ុន្តែរមន្រ្តីពាក់ព័ន្ធទាំងអស់ត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីប្រទេសជាតិហើយត្រូវតែរួមសហការគ្នាឲ្យបានខ្លាំងក្លាបន្ថែមទៀតក្នុងការបង្រ្កាបនិងលុបបំបាត់វា ៕ តាឡឹម
...