កាន់បរិញ្ញាបត្រក្នុងដៃមែន តែលី ណូរ៉ាមោទនភាពខ្លាំងនឹងការតស៊ូជាក្មេងកំព្រា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង លី ណូរ៉ា បានបង្ហាញមុខក្នុងកម្មវិធីទទួលសញ្ញាបត្រពីសាកលវិទ្យាល័យមួយកាលពីពេលថ្មីៗនេះ។ ត្រឹមបរិញ្ញាបត្រមែន ប៉ុន្តែតារាសម្តែងរូបនេះហាក់បង្ហាញពីអារម្មណ៍មោទភាពនឹងជីវិតតស៊ូជម្នះលើឧបសគ្គប្រឹងរស់ និងសិក្សាក្នុងនាមជាក្មេងកំព្រា ។

ផ្តើមជីវិតជាសិល្បករផង និងសិក្សាជំនាញបរិញ្ញាបត្រក្នុងសាកលវិទ្យាល័យមួយនៅភ្នំពេញ តារាសម្តែង លី ណូរ៉ា ត្រូវត្រដររស់ក្នុងជីវិតសង្គមស៊ីវីល័យខណៈដែលខ្លួនគឺជាក្មេងកំព្រាម្តាយចាប់តាំងពីកុមារភាព និងត្រូវរស់ដោយបាយវត្ត។ មុនពេលទទួលបានការគាំទ្រ និងមានមុខក្នុងសង្គមសិល្បៈ តារារូបនេះបញ្ជាក់ថាធ្លាប់មានអារម្មណ៍ថា​ហត់នឿយខ្លាំងក្នុងជីវិត និងចង់បោះបង់ទាំងការសិក្សា និងការងារសិល្បៈ ប៉ុន្តែចិត្តជម្នះ និងការចិញ្ចឹមចិត្តប្រឹងប្រែងយកបរិញ្ញាបត្រឲ្យបាននោះគឺពេលនេះបានទទួលដោយជោគជ័យ។

តារាប្រុសវ័យ២៦ឆ្នាំរូបនេះបញ្ជាក់ថា លោកមានមោទភាពសម្រាប់ការប្រឹងប្រែងមួយនេះបើទោះបីជាអ្នកខ្លះគិតថាជារឿងធម្មតា ប៉ុន្តែជីវិតលោកពិតជាហែលឆ្លងការលំបាកច្រើនដែលពិបាកនឹងពណ៌នា។ អ្វីដែលកាន់តែសប្បាយចិត្តនៅពេលនេះគឺការប្រឹងប្រែងរបស់លោកហុចផ្លែផ្កាខ្លាំងទាំងការងារក្នុងនិងក្រៅវិស័យសិល្បៈ រួមទាំងមាននារីដែលយល់ចិត្តគិតថាអាចរួមជីវិតនឹងគ្នាសម្រាប់អនាគតផងដែរ។

លោកថាការប្រឹងប្រែងមិនបញ្ចប់ត្រឹមនេះទេ លោកនឹងស្វែងរកជោគជ័យថ្មីបន្ថែមទាំងការងារសិល្បៈ មុខជំនាញដែលបានរៀនផ្នែកគ្រប់គ្រង ក៏ត្រូវយកទៅបម្រើសង្គម ចិញ្ចឹមជីវិតខ្លួនឯងបន្ត និង សម្រេចគោលបំណងបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅថ្ងៃអនាគត៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print