ការបោះឆ្នោតជ្រើសរសើនាយករដ្ឋមន្ត្រី និងសភាថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានក្លាយជាប្រវត្តិ សាស្ត្រ ក្រោមការរៀបចំរបស់រដ្ឋាភិបាលយោធា ដោយលទ្ធផលបោះឆ្នោត មិនត្រូវបានប្រកាស ហើយពន្យាពេលជាបន្តបន្ទាប់ដោយមិនលើកហេតុផល។ ក្រៅពីនេះនៅមានបញ្ហាបន្លំសន្លឹកឆ្នោត ភាពមិនប្រក្រតីជាច្រើនបានកើតឡើង។
កតាទាំងនោះហើយទើបអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត្រាបានចេញមុខប្រកាសថា លោកមិនស្មានដល់ ថា របបសឹកថៃហាមបំផ្លាញប្រព័ន្ធបោះឆ្នោតប្រជាធិបតេយ្យនៅក្នុងប្រទេសថៃ នោះឡើយ។ដោយសារតែចង់បានអំណាច រដ្ឋាភិបាលហានធ្វើគ្រប់យ៉ាង ដោយមិនគិតពីលទ្ធផល អាក្រក់ បំផ្លាញដល់សន្តិសុខ សណ្តាប់ធ្នាប់នយោបាយនៅក្នុងប្រទេសថៃ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា រដ្ឋាភិបាលយោធា ពេលនេះបានដឹងយ៉ាងច្បាស់ថា ទំហុំនៃក្តីស្រឡាញ់របស់ពលរដ្ឋ ទៅលើគណបក្ស ភឿថៃយ៉ាងធំធេងមិនអាចកែប្រែបានឡើយ។ ការខិតខំពន្យាពេលបោះឆ្នោតដល់ទៅ៥ឆ្នាំក្រោយពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រីយីងឡាក់មកទលពេលនេះ រដ្ឋាភិបាលយោធានៅតែមិនអាចបង្វែងការគាំទ្រពីពលរដ្ឋបានឡើយ។ ទាំងនោះហើយទើបរដ្ឋាភិបាលយោធា ប្រើគ្រប់មធ្យោបាយ «ផ្លូវកាត់, ផ្លូវក្នុង» ឲ្យតែទទួលបានជោគជ័យ ហើយនៅតែមិនជោគជ័យទៀត ។
គណបក្សភឿថៃបានស្នើឲ្យបើកការស្រាវជ្រាវ លើ ករណីសន្លឹកឆ្នោត «ខ្មោច កាត់បោះឆ្នោត ខ្មោច …បង្ហាញវត្តមាននៅក្នុងខេត្តចំនួន១០។
នៅពេលនេះរដ្ឋាភិបាលអាមេរិកបានដាក់គំនាបទៅលើរដ្ឋាភិបាល ថៃ ត្រូវតែប្រកាសលទ្ធផលបោះឆ្នោតឲ្យបានឆាប់បំផុត នៅបើកការស្រាវជ្រាវពីករណី កែងបន្លំសន្លឹកឆ្នោតជាដើម។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Robert Palladino បានបញ្ជាក់កាលពីថ្ងៃទី២៦ខែមីនាថា «យើងខ្ញុំ(អាមេរិក)កៀកស្មាជាមួយពលរដ្ឋថៃ ដោយអំពាវនាវឲ្យប្រកាស់លទ្ធ ផលបោះឆ្នោតជាបន្ទាន់ និងស្រាវជ្រាវប្រកបដោយតម្លាភាព ពីការបន្លំសន្លឹកឆ្នោត ។
ជាមួយគ្នានោះដែរ ពលរដ្ឋថៃ ប្រមាណជាជាង៤០០.០០០នាក់ និងកើនឡើងជាបន្តទៀត បានចុះហត្ថលេខាលើលិខិតទាមទារឲ្យរំលាយចោលគណៈកម្មាធិការបោះឆ្នោត ព្រោះពុំមានវិជ្ជាជីវៈក្នុងការបំពេញបេសកម្មដែលធានាដល់ការបោះឆ្នោត ដោយសេរីនិងតម្លាភាព។
គណៈកម្មាធិការបោះឆ្នោតថៃរងការរិះគន់កាន់តែខ្លាំង ចំពោះការគ្រប់គ្រងលើការរាប់សន្លឹកឆ្នោតនិងលើការប្រកាសលទ្ធផលនៃការបោះឆ្នោតនោះ។ តាមបណ្ដាញសង្គមនិងសារព័ត៌មានថៃនានា អ្នកបោះឆ្នោតជាច្រើនចាប់សូរថា តើការរាប់សន្លឹកឆ្នោតធ្វើត្រឹមត្រូវនិងស្មើភាពដែរឬយ៉ាងណា។ គណៈកម្មាធិការបោះឆ្នោតនោះរងការរិះគន់កាន់តែខ្លាំង ពីការចេញផ្សាយលទ្ធផលច្របូកច្របល់មិនច្បាស់លាស់។ ម្ដងថាគណបក្សពួកយោធា PHALANG PRACHARAT ទទួលបានសំឡេងច្រើនលើសគណបក្សភឿថៃ ធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។
គណៈកម្មាធិការបោះឆ្នោតហាក់ពុំមានភាពប្រាកដប្រជា។ ម្ដងថាគណបក្សប្រឆាំងភឿថៃទទួលបានកៅអីភាគច្រើនដល់១៣៧ ហើយពួកយោធាបានត្រឹម៩៧។ ប៉ុន្តែបន្ទាប់មកបែរជាថា គណបក្សពួកយោធាមានសំឡេងនាំមុខគណបក្សប្រឆាំងដល់៥០០.០០០សំឡេង។ ពួកប្រឆាំងបានបដិសេធការអះអាងនោះដោយថា មានការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងច្រើនស្ទេីរគ្រប់កន្លែងក្នុងប្រទេស។
ក្នុងពេលដែលកំពុងរងចាំលទ្ធផលបោះឆ្នោតពីគណៈកម្មការរៀបចំការបោះឆ្នោត បណ្តា បក្សនយោបាយ ក្នុងនោះមានគណបក្សភឿថៃ ស្វែងរកដៃគូបង្កើតរដ្ឋាភិបាលចម្រុះ។ នៅថ្ងៃទី២៧ខែមីនា គណបក្សភឿថៃបានប្រកាសអំពីគម្រោងសម្ព័ន្ធភាពជាមួយគណបក្សនយោបាយមួយផ្សេងទៀត ដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ដឹកនាំប្រទេសនាពេលខាងមុខ ។
ប្រភពបញ្ជាក់ថា គណបក្សភូមចាយថៃ (Bhumjaithai Party) ត្រូវបានគណបក្សភឿថៃស្នើឲ្យចូលរួមបង្កើតរដ្ឋាភិបាលចម្រុះ ក្នុងនោះមេដឹកនាំគណបក្ស ភូមចាយ នឹងធ្វើជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែទោះបីយ៉ាងណា គេនៅមិនទាន់ដឹងថា គណបក្សនេះ យល់ព្រមចូលរួមជាមួយគណបក្សភឿថៃឬយ៉ាងណានោះទេ ។
នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី២៧នេះ គណបក្សភឿថៃនឹងធ្វើសន្និសីទកាសែតស្តីអំពីបញ្ហាខាងលើនេះ ។ ប្រភពដដែលបញ្ជាក់ថា គណបក្សភឿថៃ និងគណបក្សសម្ព័ន្ធមិត្ត បូករួមចូលគ្នា មានសំឡេងស្មើ២៥១អាសនៈក្នុង សភា អាចបង្កើតរដ្ឋាភិបាលចម្រុះ ។ កៅអីក្នុងសភាមានសរុបចំនួន៥០០អាសនៈ ។
យោងតាមលទ្ធផលបណ្តោះអាសន្ន សន្លឹកឆ្នោត៩៤ភាគរយ បានរាប់ហើយ ក្នុងនោះ គណបក្សគាំទ្រដោយក្រុមយោធា Palang Pracharath ទទួលបាន៧.៩លានសន្លឹក ខណៈគណបក្សភឿថៃ ដែលមានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន បានតែ ៧.៤លានសន្លឹកប៉ុណ្ណោះ ។
សូមបញ្ជាក់ថា បន្ទាប់ពីរង់ចាំអស់រយៈពេល៨ឆ្នាំ ប្រជាពលរដ្ឋថៃ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ បានចូលរួមបោះឆ្នោតសាកលជាលើកដំបូងបំផុត ។ ពលរដ្ឋដែលពេញសិទ្ធិបោះឆ្នោតមានប្រហែល៥១លាននាក់ ។គណៈកម្មការបោះឆ្នោតថៃ បានប្រកាសពន្យារពេលប្រកាលលទ្ធផលបឋមរហូតដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ ៕