កាលពីថ្ងៃទី២៩ ខែមីនា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានប្រកាសថា ប្រធានាធិបតីម៉ូនជេអ៊ីន និងប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានឡើងគម្រោងជួបពិភាក្សាគញនានៅខែមេសា ដើម្បីស្វែងរកសន្តិភាពនៅឧបទ្វីបកូរ៉េ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១០ខែមេសា ប្រធានាធិបតីម៉ូនជេ អ៊ីន និង ភរិយាលោកស្រី Kim Jung Sook នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ សារព័ត៌មានកូរ៉េខាងត្បូង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ បានផ្សាយថា ប្រធានាធិបតី Moon Jae-in នឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនដើម្បីជួបប្រជុំកំពូលជាមួយសមភាគីសហរដ្ឋអាមេរិក លោកប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ។
ប្រភពបញ្ជាក់ថា គោលបំណងសំខាន់នៃជំនួបកំពូលរវាងមេដឹកនាំទាំងពីរ គឺដើម្បីពង្រឹង ក៏ដូចបញ្ជាក់អំពីគោល ចំហរ ក្នុងនាមសម្ព័ន្ធមិត្តជាមួយគ្នា ទៅលើបញ្ហានៅតំបន់ឧបទ្វីបកូរ៉េនាពេលបច្ចុប្បន្ន គឺក្រោយពីកិច្ចប្រជុំកំពូល នុយក្លេអ៊ែរ អាមេរិក កូរ៉េខាងជើង ជាលើកទី២នៅទីក្រុងហាណូយបរាជ័យ ។
កាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ គេបានចំណាយលុយរាប់សិបលានដុល្លារ ដើម្បីលោកដូណាល់ ត្រាំ បានជួបប្រជុំកំពូលទី២ ជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង នៅឯប្រទេសវៀតណាម ប៉ុន្តែជាលទ្ធផល គឺមិនបានសម្រេចអ្វីទាំងអស់ ហើយបញ្ចប់ទៅវិញឆាប់រហ័សមុនការគ្រោងទុក ក៏ដោយសារតែពួកគេមានខ្វែងគំនិត មិនចុះសម្រុងគ្នា ។
កូរ៉េខាងជើងបានទាមទារអាមេរិក ដោយផ្នែកណាមួយនោះ លុបចោលទណ្ឌកម្មសេដ្ឋកិច្ចមកលើទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការរំសាយអាវុធបរមាណូ នៅឧបទ្វីបកូរ៉េ ។ ប៉ុន្តែលោកដូណាល់ ត្រាំ មិនព្រម ហើយក៏បានដើរចេញពីកិច្ចប្រជុំនោះតែម្តង ៕