លោក លឹម គានហោ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតជ្រើសរើសជើងឯក កម្ពុជា-ជប៉ុន ស៊ីប៊ូយ៉ា ការ៉ាតេដូ ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការប្រកួតជ្រើសរើសជើងឯក កម្ពុជា-ជប៉ុន ស៊ីប៊ូយ៉ា ការ៉ាតេដូ ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្លែងក្នុងពិធីបើកការប្រកួតនោះ លោករដ្ឋមន្រ្តី ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានលើកឡើងអំពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លើការលើកស្ទួយវិស័យកីឡាគ្រប់ប្រភេទក្នុងក្របខ័ណ្ឌទូទាំងប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងដើម្បីកិត្តិយសជាតិនៅលើ​ឆាកអន្តរជាតិ។

លោករដ្ឋមន្រ្តី បានលើកឡើងថា ការរៀបចំពិធីបើកការប្រកួតជ្រើសរើសជើងឯក កម្ពុជា-ជប៉ុន ស៊ីប៊ូយ៉ា ការ៉ាតេដូ ២០១៩ នាពេលនេះ ក៏ជាការរួមចំណែកមួយដ៏សំខាន់លើការជួយពង្រឹងវិស័យកីឡានិយាយជារួម និងនិយាយដោយឡែក សម្រាប់កីឡាការ៉ាតេដូ។

លោករដ្ឋមន្រ្តី បានជម្រាបអំពីប្រវត្តិនៃការជួយជ្រោមជ្រែងរបស់លោកព្រឹទ្ធាចារ្យ ស៊ីប៊ូយ៉ា (ជនជាតិជប៉ុន) សម្រាប់សហព័ន្ធកីឡាការ៉ាតេកម្ពុជា និងអំពីដំណើរការនៃការរៀបចំប្រកួតការ៉ាតេពានរង្វាន់លោកព្រឹទ្ធាចារ្យ ស៊ីប៊ូយ៉ា។

លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណដោយការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំប្រកួត ដែលបានខិតខំប្រឹងប្រែងបំពេញកិច្ចការប្រកបដោយប្រសិទ្ធភាព រហូតធ្វើឲ្យពិធីប្រកួតអាចចាប់ដំណើរការនាពេលនេះ។ លោករដ្ឋមន្រ្តី បានស្នើដល់កីឡាករ កីឡាការនីដែលបានចុះឈ្មោះចូលរួមប្រកួត សូមបញ្ចេញ និងប្រកួតឲ្យអស់សមត្ថភាព និងត្រូវចាត់ទុកថា ការឈ្នះឬចាញ់ក្នុងពេលប្រកួត គឺជារឿងធម្មតាក្នុងនាមជាកីឡាករ។

លោករដ្ឋមន្រ្តី បានជូនពរដល់កីឡាករ កីឡាការីនី មានសុខភាពល្អបរិបូណ៍ និងទទួលបានជ័យលាភីក្នុងការប្រកួត និងសូមឲ្យដំណើរការនៃពិធីប្រកួត ប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយជោគជ័យ។ ជាចុងក្រោយ លោករដ្ឋមន្រ្តី បានអំពាវនាវដល់យុវវ័យទាំងអស់ ចូលរួមលំហាត់ប្រាណ និងលែងកីឡាឲ្យបានទៀងទាត់ ដើម្បីសុខភាព និងត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។

សូមជម្រាបថា ការប្រកួតជ្រើសរើសជើងឯក កម្ពុជា-ជប៉ុន ស៊ីប៊ូយ៉ា ការ៉ាតេដូ ២០១៩ មានកីឡាករ កីឡាការនី រួមទាំងគ្រូដឹកនាំចូលរួមប្រកួតចំនួន ២៤៩នាក់ មកពី ២៧ក្លឹប អញ្ជើញមកពី ៥រាជធានី-ខេត្ត ហើយការប្រកួត នឹងដំណើរការរយៈពេល០២ថ្ងៃ នាថ្ងៃទី៣០-៣១ ខែមីនា ឆ្នាំ២០១៩ ៕ ដោយ ៖ សុខខេមរា

   

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print