ប្រធានាធិបតីអាមេរិក បង្ហាញសុទិដ្ឋិនិយមចំពោះកូរ៉េខាងជើង

ចែករំលែក៖

បើទោះបីពេលនេះមានសញ្ញាថាកូរ៉េខាងជើងបានដំណើរការឡើងវិញនៅទីតាំងសាកល្បង អាវុធបរមាណូ និងមីស៊ីល​  ហើយ ក្រសួងហិរញ្ញវត្ថុអាមេរិកបានប្រកាសដាក់ទណ្ឌកម្មបន្ថែមលើកូរ៉េខាងជើងបានតែមួយថ្ងៃក៏ត្រូវលោកត្រាំដកចោលវិញ​។ ទាំងនោះជាសញ្ញាដ៏ល្អ នៅក្នុងទំនាក់ទំនងសម្ងាត់រវាងអាមេរិកនិងកូរ៉េខាងជើង ។

អ្វីដែលគួឲ្យចាប់អារម្ភបំផុតនោះគឺ​លោកដូណាល់ ត្រាំកាលពីថ្ងៃសុក្រ បាននិយាយពាក្យមួយឃ្លាគួរឲ្យភ្ញាក់ផ្អើលបំផុតពាក់ព័ន្ធនឹងកូរ៉េខាងជើង ហើយក៏ជាលើកដំបូងដែរតាំងពីចូលកាន់តំណែងប្រធានាធិបតីអាមេរិក។ លោកលើកឡើងថា លោកអាចនឹងឈប់ដាក់ទណ្ឌកម្មលើកូរ៉េខាងជើង ព្រោះប្រទេសមួយនេះឈឺចាប់សមល្មមគ្រប់គ្រាន់ហើយ និងម្យ៉ាងទៀតលោកឲ្យតម្លៃលើទំនាក់ទំនងរបស់លោកជាមួយលោកគីម ជុងអ៊ុនមេដឹកនាំកូរ៉េខាងជើង។

លោកត្រាំក៏បានបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលមួយនៅលើធ្វីតទ័រកាលពីមួយសប្ដាហ៍មុន ដោយនិយាយថាលោកបញ្ជាឲ្យដកទណ្ឌកម្មចេញពីកូរ៉េខាងជើងវិញ។ ជាទណ្ឌកម្មរតនាគារអាមេរិកបានដាក់ក្រោយរកឃើញថា កូរ៉េខាងជើងរំលោភលើទណ្ឌកម្មអង្គការសហប្រជាជាតិ។ ដោយឡែកថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងរដ្ឋFloridaកាលពីថ្ងៃសុក្រ លោកត្រាំថាកូរ៉េខាងជើងពិតជាឈឺចាប់ខ្លាំងណាស់ទៅហើយ គេបានជួបពេលវេលាដ៏លំបាកណាស់ទៅហើយ។

លោកគិតថានៅពេលនេះទណ្ឌកម្មបន្ថែមសម្រាប់កូរ៉េខាងជើងជារឿងមិនចាំបាច់ទេ តែក៏មិនមែនមានន័យថាលោកឈប់ដាក់ទណ្ឌកម្មរហូតដែរ គ្រាន់តែវាមិនចាំបាច់ឡើយនៅពេលនេះ។ បច្ចុប្បន្នអ្វីដែលសំខាន់គឺការរក្សាទំនាក់ទំនងជាមួយកូរ៉េខាងជើង ទៅតាមលទ្ធភាពដែលអាចធ្វើទៅរួច។ នៅពេលអ្នកសារព័ត៌មានសាកសួររឿងទណ្ឌកម្មអាមេរិកដាក់កាលពីសប្ដាហ៍មុន លោកត្រាំថាតាមពិតរតនាគារអាមេរិកពិតជាបានកំណត់ដាក់ទណ្ឌកម្មលើកូរ៉េខាងជើងនៅពេលនោះមែន ប៉ុន្ដែលោកបានបញ្ឈប់ភ្លាមៗ។

គួរបញ្ជាក់ថា បើតាមមន្ដ្រីជាន់ខ្ពស់អាមេរិកនិយាយកន្លងមក អាមេរិកនឹងបន្ដដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើកូរ៉េខាងជើងដដែល តាមរយៈការរក្សាទណ្ឌកម្មដែលដាក់រួចហើយ រហូតដល់លោកគីម ជុងអ៊ុនបោះបង់អាវុធនុយក្លេអ៊ែរ។ សម្រាប់ភាគីកូរ៉េខាងជើង ចង់ឲ្យអាមេរិកដកទណ្ឌកម្មចេញខ្លះ ជាថ្នូរនឹងការពន្លឿនដំណើរការរំលាយនុយក្លេអ៊ែរដូចគ្រោងទុក។ ប៉ុន្ដែភាគីទាំងពីរនៅតែមិនឯកភាពរឿងទណ្ឌកម្ម ដែលបញ្ហានេះហើយជាហេតុធ្វើឲ្យកិច្ចជំនួបលើកទីពីរ រវាងលោកត្រាំនិងលោកគីមនៅវៀតណាមកាលពីខែមុន បិទបញ្ចប់ដោយគ្មានកិច្ចព្រមព្រៀងរួម។

 

នៅពេលនេះដែរ គេបានទម្លាយការប្រជុំសម្ងាត់រវាងលោកត្រាំនិងមេដឹកនាំគីមជុងអ៊ុន ដោយក្នុងនោះ​លោកត្រាំ បានស្នើឲ្យលោក គីម ប្រគល់​អាវុធនុយក្លេអ៊ែរ និងអាវុធប្រល័យលោកទាំងអស់​ឲ្យអាមេរិក ពេលជួបគ្នានៅហាណូយ។

សារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ប្រគល់រាល់អាវុធនុយក្លេអ៊ែរ និងកម្មវិធីអាវុធប្រល័យលោកទាំងអស់របស់លោក ឱ្យសហរដ្ឋអាមេរិក នៅអំឡុងកិច្ចប្រជុំកំពូលក្នុងទីក្រុងហាណូយប្រទេសវៀតណាម កាលពីចុងខែកុម្ភៈកន្លងទៅ។

សេចក្ដីរាយការណ៍ខាងលើរបស់ Reuters ធ្វើឡើងដោយផ្អែកលើកំណត់ហេតុមួយ បញ្ជាក់ពីសំណើរបស់លោក ត្រាំ ដែល ផ្ដល់ឱ្យលោក គីម កាលពីថ្ងៃ២៨ ខែកុម្ភៈនៅឯសណ្ឋាគារមេត្រូផូល (Metropole) ក្នុងទីក្រុងហាណូយ។ កំណត់ហេតុនេះអាចនិយាយបានថា គឺជាការបញ្ជាក់ជាលើកដំបូងពីទស្សនវិស័យរបស់​លោក ត្រាំ ជុំវិញការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុង នៅលើឧបទ្វីបកូរ៉េ។

លើសពីនេះទៅទៀតកំណត់ហេតុនេះដដែលក៏បានឱ្យដឹងដែរថា ប្រធានាធិបតីអាមេរិករូបនេះបានស្នើឱ្យ​លោក គីម បំផ្លាញចោលរាល់ហេដ្ឋារចនាសម្ព័ន្ធនុយក្លេអ៊ែរ កម្មវិធីអាវុធគីមី និងអាវុធជីវសាស្រ្ត មីស៊ីលបាលិស្ទីគ ឧបករណ៍បាញ់មីស៊ីល រោងចក្រនុយក្លេអ៊ែរ ព្រមទាំងផ្លាស់ប្ដូរកម្មវិធីនុយក្លេអ៊ែរ​ទៅជាសកម្មភាពស៊ីវិលធម្មតាផងដែរ។

គួររំលឹកថា កិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន កាលពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈកន្លងទៅ នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមបានបញ្ចប់ទៅ ដោយគ្មានកិច្ចព្រមព្រៀងអ្វីទាំងអស់។ រីឯលោក ដូណាល់ ត្រាំ ផ្ទាល់បានអះអាងថា ខាងកូរ៉េខាងជើងមិនទាន់ត្រៀមខ្លួនទទួលយកសំណើពីសហរដ្ឋអាមេរិក ខណៈសារព័ត៌មានខ្លះថា ភាគីទាំង ២ បានជួបភាពខ្វែងគំនិតគ្នាយ៉ាងខ្លាំង​លើការដកទណ្ឌកម្មពីទីក្រុងព្យុងយ៉ាង ជាថ្នូរនឹងការរំសាយនុយក្លេអ៊ែរទាំងស្រុងនោះ។

បញ្ហាសំខាន់ៗមិនអាចសម្រេចនៅក្នុងពេលខ្លីបានឡើយ ទាំងអាមេរិកនិងកូរ៉េខាងជើង បានសម្រេចដកថយម្នាក់មួយជំហានដើម្បី ពិចារណាឲ្យបានល្អិតល្អនៅសំណើររៀងៗខ្លួន។ សំណុំរឿងនុយក្លេអ៊ែរកូរ៉េខាងជើងនេះ មានអាយុកន្លះសតវត្សទៅហើយ។ ដូច្នេះមិនមែនដោះស្រាយមួយថ្ងៃបានភ្លាមទេ។ ដូចរចនាលើកឡើង ជាមួយ​នឹង​បរាជ័យនៅហាណូយនេះ ភាគីទាំង២ ត្រូវដកថយ ហើយអង្គុយគិតរៀងខ្លួន ថាត្រូវប្តូរយុទ្ធសាស្ត្រ​យ៉ាងម៉េច ទៅទៀត។​

ជាការពិត អ្នកវិភាគជាច្រើន បានលើកឡើង សើចចំអកទៅលើរបៀបធ្វើការរបស់ លោកដូណាល់ ត្រាំ ថាគាត់ឆោត និងមើលស្រាល​គីម ជុងអ៊ុនពេក។ ពោលគឺថា សម្តីលោកដូណាល់ ត្រាំកន្លងមក វាធំជាងមាឌ។ តែយ៉ាងណា ការដែលលោកដូណាល់ ត្រាំ ដើរចេញពីការចរចា នៅពេលដឹងខ្លួនថាអាចចាញ់បោកកូរ៉េខាងជើង ក៏អាចបញ្ជាក់ពីភាពវៃឆ្លាតមួយដែរ។

ចំណែកកូរ៉េខាងជើងវិញ ក៏បានភ្លឺភ្នែកដែរ ថាចង់លេងខ្សែលើដាក់អាមេរិក មិនមែនជាការងាយទេ។ យ៉ាងណាមិញ នៅថ្ងៃសុក្រនេះ កូរ៉េខាងជើង បានប្រកាសថាសុំចរចាបន្តទៀត។ ដូច្នេះ មានន័យថា វាជាចំណុចវិជ្ជមាន ដែលកូរ៉េខាងជើង នៅតែចង់ចរចា ព្រោះមើលទៅ ខ្លួនហាក់ដូចជាគ្មានជំរើសច្រើនទេ ដោយសារតែទណ្ឌកម្មសេដ្ឋកិច្ច កំពុងតែផ្កាប់ឆ្នាំងបាយសឹងតែទាំងស្រុង។ កូរ៉េខាងត្បូងវិញ ក៏បានចេញមុខ សុំបន្តជួយជ្រោមជ្រែង ឲ្យមានការចរចាតទៅទៀតដែរ កុំអស់សង្ឃឹមឲ្យសោះ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print