រដ្ឋបាលរាជធានីភ្នំពេញចេញសេចក្តីជូនដំណឹង ស្ដីពីការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀប រៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ចែករំលែក៖

ភ្នំពេញ ៖ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព ​សណ្តាប់ធ្នាប់​និងរបៀបរៀបរយសាធារណៈ​ នៅក្នុងរាជធានីភ្នំពេញ​នា​ឱកាស​​បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នា ពេលខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩នេះ បានប្រកាសចេញសេចក្តីជូន​ដំណឹង​ដល់សាធារណៈជនចំនួន៣ចំណុចដូចខាងក្រោមនេះ ៖

១-ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹង ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ

២-ចូលរួមទប់ស្កាត់គ្រោះអគ្គិភ័យដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ ចំពោះភ្លើងទៀន ធូប ភ្លើង ចង្ក្រានចរន្ត អគ្គិសនី ដើម្បីរក្សាបានទ្រព្យសម្បត្តិ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ ។

៣-ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ​និងជៀសវាងដាច់ខាត​ការលេងបាញ់ទឹកជះទឹក គប់ស្បោងទឹ លាប ធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬសវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះ ប្រដេញគ្នាលេង នៅ តាមដងផ្លូវ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរ ព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ គ្រឿងផ្ទុះគ្រប់ប្រភេទ ដើម្បីរក្សានូវភាពថ្លៃថ្នូរ ស័ក្តិសមជា កុល បុត្រកុលធីតាខ្មែរ ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមជឿជាក់ថា បងប្អូនប្រជាពលរដ្ឋ ក្មួយៗ ជាយុវជន យុវនារី សិស្ស និស្សិត កម្មករ កម្មការិនីទាំងអស់ ចូលរួមអនុវត្តតាមខ្លឹមសារជូនដំណឹងខាងលើនេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ទៀតថា អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវសហការអនុវត្ត និងផ្សព្វផ្សាយឲ្យមាន ប្រសិទ្ធភាព ព្រមទាំងចាត់វិធានការផ្លូវច្បាប់ ចំពោះអ្នកប្រព្រឹត្តអំពើមិនគប្បីខាងលើ ដែលបង្កឲ្យប៉ះពាល់ ដល់ប្រពៃណី សេចក្តីថ្លៃថ្នូររបស់ជាតិ ក៏ដូចជាប៉ះពាល់ដល់សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈក្នុងរាជធានីភ្នំពេញ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print