ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាលនៃស្នងការរាជធានី សហការជាមួយព្រហ្មទណ្ឌខណ្ឌចំការមន និងខណ្ឌមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាប្លន់យ៉ាងសកម្មក្នុងរាជធានីភ្នំពេញនិងដកហូតបានកាំភ្លឺងខ្លី១ដើមម៉ាកឡុកចិន ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទី ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥នៅចំណុចផ្លូវលំលេខ៣៧១ក្រោយវត្តដំបូរខ្ពង់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើតាមប្រភពពត៌មានពីលោក ហ៊ាង ថារ៉េត អធិការរងព្រហ្មទណ្ឌខណ្ឌចំការមន ឱ្យដឹងថាក្រុមចោរប្លន់ដែលសមត្ថកិច្ចត្រូវឃាត់ខ្លួននេះ ទី១មានឈ្មោះ ឆែប សុរដ្ននា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរនៅផ្ទះជួលលេខ១០ ផ្លូវលំលេខ៣៧១ក្រោយវត្តដំបូរខ្ពង់ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញជាជនដៃដល់ និងទី២មានឈ្មោះ ណេង វ៉ានី ហៅប៊យ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរនៅផ្ទះជួលនៅម្ដុំផ្លូវសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញក៏ជាជនដៃដល់ដែរ ។
លោក ហ៊ាង ថារ៉េត អធិការរងព្រហ្មទណ្ឌខណ្ឌចំការមន បានឱ្យដឹងថា ក្រុមទាំង២នាក់ខាងលើនេះកម្លាំងរបស់លោកបានតាមស្រាវជ្រាវយូរណាស់មកហើយ ដោយជាក្រុមចោរប្លន់យ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញហើយក៏បានធ្វើសកម្មភាពប្លន់នៅក្នុងទឹកដីខណ្ឌមានជ័យចំនួន៤លើកមកហើយក៏ស្រាប់តែដល់ថ្ងៃកើតហេតុខាងលើ កម្លាំងរបស់លោកក៏បានសហការជាមួយព្រហ្មទណ្ឌកម្រិតធ្ងន់ស្រាល និងខណ្ឌមានជ័យដែលក៏ឈានទៅដល់ចូលឆែកឆេរនៅក្នុងផ្ទះជួលមួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវលំខាងក្រោយវត្តដំបូរខ្ពង់មក ផ្ទះជួលមួយកន្លែងនៅភូមិត្នោតជុំ១ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្រោយពីសមត្ថកិច្ចធ្វើការឆែកឆេរក៏បានឃាត់ខ្លួនជនសង្ស័យម្នាក់បន្ទាប់មកក៏ឈានទៅចាប់បក្ខពួកម្នាក់ទៀតរួមនឹងកាំភ្លឺងខ្លី១ដើមម៉ាកឡុកចិនមានគ្រាប់១៣គ្រាប់ផង និងស្លាកលេខម៉ូតូដែលក្រុមប្លន់បានមានចំនួន៦ផងដែរ ។ ក្រោយពីសមត្ថកិច្ចឃាត់ខ្លួនក្រុមចោរទាំង២នាក់នេះហើយក្រុមចោរក៏បានសារភាពថាពួកគេពិតជាបានធ្វើសកម្មភាពប្លន់នៅក្នុងខណ្ឌមានជ័យចំនួន៤លើកបានសម្រេចពិតប្រាកដមែន ។
បច្ចុប្បន្នក្រុមចោររួមនឹងវត្ថុតាងត្រូវបានកម្លាំង ព្រហ្មទណ្ឌខណ្ឌចំការមនប្រគល់ទៅឱ្យការរិយាព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការរាជធានីភ្នំពេញឃុំខ្លួនបណ្ដោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ។





...
ដោយ៖ ស ដារ៉ា