ភ្នំពេញ៖ លោកស្រី កិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ប្រាប់ប្រតិភូសាសនាវៀតណាម ថា នៅកម្ពុជា ព្រះពុទ្ធសាសនា ជា សាសនារបស់រដ្ឋ តែប្រជាជនមានសិទ្ធ និងសេរីភាពប្រតិបត្តិសាសនាផ្សេងទៀត ដោយគ្មានការ រើសអើងអ្វីឡើយ ។
លោកស្រីបានបញ្ជាក់បែបនេះ ខណៈលោកស្រីទទួល
ជួបពិភាក្សាការងារ ជាមួយប្រតិភូ គណៈកម្មាធិការសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ ឯកឧត្តម វុ ចៀនថាំង ប្រធានគណៈកម្មាធិការសាសនា រដ្ឋាភិ បាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ។
លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានប្រាប់ទៅប្រតិភូវៀតណាម បានបញ្ជាក់ថា៖ នៅកម្ពុជា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ តែប្រជាជនមានសិទ្ធ និងសេរីភាពប្រតិបត្តិសាសនាផ្សេងទៀតដោយគ្មានរើសអើង ។កម្ពុជាមិនដែលមានសង្គ្រាមសាសនាឡើយ ។ សាសនានិកទាំងអស់អាចរស់នៅជាមួយគ្នាក្នុងសហគមន៍ និងសហការគ្នាប្រកបដោយសុខដុមរម្មនា ។
នេះបើតាមការឲ្យដឹងពីលោក ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រាប់អ្នកយកព័ត៌មាន នៅក្រោយជំនួបនេះ កាលពីព្រឹកថ្ងៃអង្គារ៍ ១៣រោចខែផល្គុន ឆ្នាំចសំរឹទ្ធិស័កព.ស២៤៦២ត្រូវនិងថ្ងៃទី២ ខែមេសា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួង ។
លោក ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា៖ ប្រតិភូនេះ ដឹកនាំដោយ លោក វុ ចៀនថាំង ប្រធានគណៈកម្មាធិការសាសនា រដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀត ណាម ។ គោលបំណងសំខាន់របស់គណៈប្រតិភូដែលមកកម្ពុជានាពេលនេះថា គឺដើម្បីសុំកិច្ចសហការពីរាជរដ្ឋាភិ បាល កម្ពុជាលើវិស័យសាសនានៃប្រទេសទាំង២ ហើយ ម្យ៉ាងទៀតនៅពេលខាងមុខវៀតណាមនឹងមានរៀបចំពិធីបុណ្យវិសាខបូជាដ៏ធំមួយ ដោយមាន សាសនិកជនមកពីជាង១០០ប្រទេសនៅលើពិភពលោកចូលរួម ក្នុងនោះក៏សុំឲ្យមានការចូលរួមពីកម្ពុជាផងដែរ ។
លោក វុ ចៀនថាំង បន្តទៀតថា ក្នុងពេលស្នាក់នៅប្រទេសកម្ពុជា គណៈប្រតិភូ បានចូលក្រាបបង្គុំថ្វាយសម្តេចសង្ឃរាជ ប៊ូ គ្រី និងឯ,ឧ ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងកិច្ចការសាសនា ស្តីពីទំនាក់ទំនងលើវិស័យសាសនា ដើម្បីសហការអនុវត្ត ដែលមានលក្ខណៈជាពហុគំនិត ។
លោក វុ ចៀនថាំង បានចាប់អារម្មណ៍ពីភាពរីកចំរើននៅកម្ពុជា ពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលឃើញមានសំណង់អគារខ្ពស់ៗរួមនឹងសំណង់អគារចាស់ៗមួយចំនួនកំពុងមានការអភិរក្សនិងមានប្រព័ន្ធគមនាគមន៍ ខ្វាត់ខ្វែងគួរឲ្យកត់សំគាល់ ដែលកត្តាទាំងនេះបញ្ជាក់បានថា កម្ពុជាមានការអភិវឌ្ឍន៍ខ្លាំង បន្ទាប់ពីប្រទេសនេះទទួលបានសុខសន្តិភាពពេញលេញ ។
លោកស្រី ម៉ែន សំអន ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពង់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចផ្ញើជូនគណៈប្រតិភូប្រកប ដោយក្តីនឹករលឹក ក្នុងនោះលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត បានជំរាបជូន ពីសកម្មភាពមមារញឹករបស់សម្តេច ដែលកំពុងចុះជួបជាមួយប្រជាជន កម្មករ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធនិងការជួបជុំសាសនិកជនគ្រប់សាសនា នៅតាមកម្មវិធីចុះពិនិត្យវឌ្ឍនភាពនិងសម្ភោធសមិទ្ធិផលថ្មីៗ នៅទូទាំងប្រទេសស្របពេលដែល ប្រជាជនកម្ពុជាកំពុងត្រៀមអំណរសាទរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដ៏ឆាប់ៗខាងមុខនេះ ។
លោកស្រី កិត្តិសង្គហបណ្ឌិត បានបន្តទៀតថា៖ រាជរដ្ឋាភិបាលនីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានបន្ដអនុវត្ដយុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៤ ដោយអាទិភាពទី១ គឺវិស័យធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ទឹក និងភ្លើង ។ ក្នុងនោះដែរ ទំនាក់ទំនងរវាង កម្ពុជា-វៀតណាម ក៏ត្រូវបានបង្កើននូវកិច្ចសហប្រតិបត្តិការឲ្យកាន់តែរឹងមាំទ្វេឡើង ពិសេសការខិតខំរួមគ្នាក្នុងជំរុញកំណើន នៃទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរឲ្យកាន់ខែខ្ពស់ថែមទៀត។ ជាមួយគ្នានេះដែរ មេដឹកនាំរដ្ឋាភិបាល នៃប្រទេសទាំងពីរ បានសន្យារួមគ្នាថា នឹងខិតខំជំរុញ ធ្វើយ៉ាងណាប្រែក្លាយតំបន់ព្រំដែន នៃប្រទេសទាំងពីរកម្ពុជា-វៀតណាម ក្លាយជាតំបន់ព្រំដែន ប្រកបដោយសន្តិភាព ស្ថេរភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និងការធ្វើដំណើរឆ្លងដែនទៅមក របស់ប្រជាជន នៃប្រទេសទាំងពីរ ក៏ដូចជាភ្ញៀវទេសចរណ៍ ដោយគ្មានការភ័យខ្លាច ៕ ដោយ៖ សំរិត