លោកឃួង ស្រេង សូមពលរដ្ឋកុំយល់ច្រឡំ ការចាក់ដីលុបដៃទន្លេបាសាក់ត្រង់ចន្លោះកោះពេជ្រ និងផ្សារអ៉ីអន គឺជាអាងចម្រោះទឹកសម្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ ឆ្លើយតបទៅនឹងចម្ងល់មហាជនចំពោះការចាក់ដីលុបដៃទន្លេបាសាក់ត្រង់ចន្លោះកោះពេជ្រ និងផ្សារអ៉ីអន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ដល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាននៅយប់ម៉ោង៧និង៣០នាទីថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ ដូច្នេះថា ការចាក់ដីលុបដៃទន្លេបាសាក់ត្រង់ចន្លោះកោះពេជ្រ និងផ្សារអ៉ីអន ដើម្បីសាងសង់អាងចម្រោះទឹកសម្អុយ ដែលជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញ ប៉ុន្តែនឹងកាយដីចេញវិញពេលសាងសង់រួច  ។

លោក ឃួង ស្រេង បានបំភ្លឺថា រដ្ឋបាលរាជធានីភ្នំពេញ គ្មានបំណងលុបដៃទន្លេបាសាក់ ដូចការផ្សព្វផ្សាយតៗគ្នា នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក ក៏ដូច ជាសារព័ត៌មានមួយចំនួននោះឡើយ។  លោកថា  «ការចាក់ដីនេះ គឺជាការសាងសង់អាងចម្រោះទឹកស្អុយ ដែលជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនជាការចាក់លុបដីរបស់ឈ្មួញនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ»។

លោកអះអាងថា ការចាក់ដីលុបនេះ គឺជាការសាងសង់ស្ថានីយ៍ចម្រោះទឹកកខ្វក់ ដែលហូរចូលទន្លេប៉ុណ្ណោះ ដោយសារតែដៃទន្លេបាសាក់នេះ បានរងនូវការបង្ហូរទឹកកខ្វក់ ទឹកស្អុយពីអគារខ្ពស់ៗ និងផ្ទះប្រជាពលរដ្ឋរស់ នៅសងខាងដៃទន្លេនេះ ។ ដូច្នេះដើម្បីការពារបរិស្ថាន រដ្ឋបាលរាជធានីភ្នំពេញ ក៏បានសម្រេចធ្វើអាងចម្រោះទឹកស្អុយ ដោយបំពាក់នូវម៉ាស៊ីនបូមទឹកកខ្វក់នេះ ទម្លាក់ទៅប្រឡាយបង្ហូរទឹកបឹងត្របែក។

លោកអភិបាលបានស្រាយចម្ងល់មហាជនដោយ បញ្ជាក់ថា នៅពេលដែលការដ្ឋានសាងសង់អាងចម្រោះទឹកសម្អុយរួចរាល់នោះ នឹងកាយដីដែលបានចាក់ចេញវិញ ហើយគម្រោងនេះក៏មានសង់ច្រាំងទន្លេទប់ដី និងសង់ផ្លូវថ្មីជើងចាប់ពីកោះពេជ្ររហូតដល់ស្ពានអាកាសក្បាលថ្នាល់ ដើម្បីលើក កម្ពស់សោភណ្ឌភាពទីក្រុងភ្នំពេញ ដែលមានអាគារសំណង់ខុនដូខ្ពស់ៗ នៅអមសងខាងដៃទន្លេ។

គួរបញ្ជាក់ថា វត្តមានថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញ ដែលបានផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកកាសែត គេឃើញមាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោក កើត ឆែ អភិបាលរង និងលោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់រាជធានីភ្នំពេញ ៕ ដោយ ៖ ជាយក្រុង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print