យោធាថៃ ប្តេជ្ញាការពាររាជានិយម គឺការពារអំណាចយោធា

ចែករំលែក៖

តាំងពីដើមមកយោធាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការការពារ រាជានិយមនៅក្នុងប្រទេសថៃ ។ យោធាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអនុវត្ត តាមរាជ្យបញ្ជាររបស់ព្រះមហាក្សត្រថៃដើម្បី ដោះស្រាយវិវាទនយោ​បាយ​នាពេលកន្លងមក ។  ទាំងនោះហើយបានជាយោធាថៃ មានឥទ្ធិពលយ៉ាងខ្លាំង នៅក្នុងវិស័យនយោបាយថៃ តាំងពី ឆ្នាំ​១៩៣២មកទលពេលនេះ ដោយយោធាបានធ្វើរដ្ឋប្រហារដល់ទៅ​១៩លើក។

កាលពីថ្ងៃទី២ ខែមេសាកន្លងមកក្នុងសន្និសីទសារព័ត៌មាន នាយឧត្តមសេនីយ៍ផ្កាយមាស៤ថៃ លោក Apirat Kongsompong បានព្រមានថា កងកម្លាំងយោធា គ្មានក្តីមេត្តាសោះឡើយ សកម្មភាពណាមួយគំរាមកំហែងដល់ របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ដែលព្រះមហាក្សត្រ គឺជាប្រមុខរដ្ឋនោះ ។

កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ថៃបានបោះឆ្នោតសកល ជាលើកដំបូង ក្រោយរដ្ឋប្រហារយោធាលើកទី១២ ចាប់តាំងពីឆ្នាំ១៩៣២រហូតមក ទម្លាក់រដ្ឋាភិបាលស៊ីវិលស្របច្បាប់របស់លោកស្រីយីងឡាក់ ហើយបង្កើតរដ្ឋា​ភិ​បាលយោធាដឹកនាំប្រទេសថៃបាន៤ឆ្នាំ ដែលលោកប្រាយុទ្ធ ចាន់អូចា ធ្វើជានាយករដ្ឋមន្ត្រី ។

លទ្ធផលបោះឆ្នោតផ្លូវការ គណៈកម្មការបោះឆ្នោតប្រទេសថៃ គ្រោងប្រកាសនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៩ ។ ប៉ុន្តែកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ គណៈកម្មការបោះឆ្នោតបានបញ្ចប់ការរាប់សន្លឹកឆ្នោតទាំងស្រុង១០០​ភាគរយ ឃើញថា គណបក្សគាំទ្រដោយយោធា Palang Pracha Rath ទទួលបានសំឡេងគាំទ្រ ៨.៤ លានសន្លឹក ច្រើនជាង គណបក្សភឿថៃ ដែលជាគណបក្សប្រឆាំង និងជាគណបក្សធ្លាប់មានសម្ព័ន្ធភាពជាមួយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត្រា ទទួលបានសំឡេងគាំទ្រ ៧.៩ លានសន្លឹកតែប៉ុណ្ណោះ ។

ប្រជាជនថៃគ្រប់ច្រកល្ហក ជាពិសេសនៅលើបណ្តាញសង្គមហ្វេសប៊ុក បានប្រមូលហត្ថលេខាសរុបប្រហែល ៨០០,០០០ ហត្ថលេខា នៅលើញត្តិមួយ ទាមទារឲ្យរំលាយគណៈកម្មការបោះឆ្នោត បង្កើតឡើងដោយក្រុមយោធានេះ ដោយអាស្រ័យថា វាពោរពេញដោយភាពមិនប្រក្រតីកើតឡើងស្តីអំពីការបោះឆ្នោតថ្មីៗកន្លងមក ។

នាយឧត្តមសេនីយ៍ផ្កាយមាស៤ របស់ប្រទេសថៃ លោក Kongsompong បានចេញព្រមានបែបនេះ ទំនងសំដៅទៅលើក្រុមគណបក្ស ឆ្ពោះទៅអនាគត (Future Forward Party)នោះហើយ ដែលគណបក្សនេះ ទទួលបានសំឡេងគាំទ្រលំដាប់ទី៣ផងដែរ ក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៤ ខែមីនា ។

លោក Piyabutr Saenkanokkul សហស្ថាបនិកគណបក្សឆ្ពោះទៅអនាគត និងជាអ្នកធ្លាប់នៅក្នុងក្រុមបញ្ញ​វ័ន្តផ្នែកច្បាប់ Nitirat ដ៏ល្បីល្បាញផងនោះ បានគិតពិចារណាអំពីការកែទម្រង់ ច្បាប់ប្រមាថព្រះមហាក្សត្រ ឬ Les Majeste Law ដែលច្បាប់នេះបានដាក់ទោសយ៉ាងធ្ងន់ធ្ងរទៅលើប្រជាជនណាមានកំហុសពីបទបរិហារកេរ្តិ៍ព្រះមហាក្សត្រ ។

លោកThananthorn Juangroongruangkit ប្រធានគណបក្សនេះ បានបញ្ជាក់ថា លោកប្រឆាំងចំពោះការចោទប្រកាន់ថា គណបក្សរបស់លោកមិនគាំទ្ររបបរាជានិយមនោះ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print