update : រថយន្តបែនដឹកថ្ម សង្ស័យដាច់ហ្វ្រាំង រេចង្កូតចូលផ្ទះ បណ្តាលឲ្យស្លាប់២នាក់ របួស៣នាក់ នៅផ្សារខ្នារ ស្រុកត្បូងឃ្មុំ

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏សែនរន្ធត់មួយបានបង្កឲ្យភ្ញាក់ផ្អើលទាំងព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩នេះ នៅក្បែរផ្សារខ្នារ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្តាលឲ្យមានមនុស្ស២នាក់ស្លាប់ និងរបួស៣នាក់ រួមទាំងខូចខាតម៉ូតូ៥គ្រឿង និងសម្ភារៈមួយចំនួនទៀតរងការខូចខាត ។

សាក្សីបាននិយាយថា នៅមុនពេលកើតហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏អាក្រក់នេះ គេឃើញរថយន្តប្រភេទបែន ដឹកថ្ម ខណៈកំពុងបើកសុខៗ ស្រាប់តែរេចង្កូតទៅបុកចូលផ្ទះពលរដ្ឋលក់ឥវ៉ាន់ បណ្តាលឲ្យឆក់យកជីវិតមនុស្ស២នាក់ និងរងរបួស៣នាក់ គួរអោយអណោចអធមបំផុត រួមទាំងខូចខាតម៉ូតូ៥គ្រឿង និងសម្ភារៈមួយចំនួនទៀត។

លោក ឧត្តមសេនីយ៍ត្រី ឈឹម គឹមហុង ស្នងការរងនគរបាលខេត្តត្បូងឃ្មុំ ទទួលផែនការងារសណ្តាប់ធ្នាប់ឲ្យដឹងថា ហេតុការណ៍ថ្នាក់ខាងលើនេះ បង្កឡើងដោយអ្នកបើកបរឈ្មោះ ប្រុស លីណា អាយុ៣០ឆ្នាំ មានទីលំនៅភូមិពណ្ណរាយ សង្កាត់-ក្រុងសួង ខេត្តត្បូងឃ្មុំ ពណ៌ស គ្មានស្លាកលេខ (ទើបតែទិញ) ។

តាមការបញ្ជាក់ពីជនបង្កហេតុបានប្រាប់លោកថា ជន​បង្កបានបើកបររថយន្តក្នុងទិសដៅពីលិច​ទៅកើត តាមដងផ្លូវជាតិលេខ៧ លុះមកដល់ចំណុចកើតហេតុខាងលើបានជាន់ហ្រ្វាំង តែហ្វ្រាំងអត់ស៊ី ក៏រេចង្កូតមក បុកម៉ូតូឈប់អែបផ្លូវនៅទីនេះរួចបន្តបុកចូលផ្ទះតែម្តងប្រជាពល រដ្ឋតែម្តង ។

លោកស្នងការរងឲ្យដឹងទៀតថា ចំណែកជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរនេះបាត់បង់ជីវិត២នាក់នៅកន្លែង និង៣នាក់រងរបួសរួមមាន ៖ ទី១ឈ្មោះ ប្រេស សេន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ(ស្លាប់), ទី២ឈ្មោះ ឆន ប៊ូ ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅភូមិស្រឡប់ ឃុំស្រឡ់ ស្រុកត្បូងឃ្មុំ(ស្លាប់), ទី៣ឈ្មោះ ម៉ៅ ស្លេះ អាយុ២៧ឆ្នាំ, ទី៤ឈ្មោះ ស្លេះ សាវីកា អាយុ២៣ឆ្នាំ, និងទី៥ឈ្មោះ សុង ពិសេន អាយុ៣ឆ្នាំ។

លោក ឈឹម គឹមហុង ឲ្យដឹងបន្ថែមទៀតថា ជនរងគ្រោះបាត់បង់ជីវិត បានប្រគល់សពទៅឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំណែកជនរងគ្រោះទាំង៣នាក់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យព្រះនរោត្តម សីហនុត្បូងឃ្មុំ នៅក្រុងសួង ដោយឡែករថយន្ត និងជនបង្ក សមត្ថកិច្ចកំពុងឃាត់ខ្លួន និងធ្វើការវាស់វែងដើម្បីដោះស្រាយជាបន្ត ៕ ដោយ ៖ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print